មហា​ព្រឹត្តិការណ៍​ពានរង្វាន់​តារា​ឯក​សាំង​ហ្គា​ពួរ​​លើក​ទី​១នៅ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ​ ៖ ពានរង្វាន់​តារា​ឯក​ប្រចាំឆ្នាំ ​គឺជា​មហា​ព្រឹត្តិការណ៍​ដ៏មាន​ប្រជាប្រិយភាព​បំផុត​ត្រូវ​បាន​រំលេច​ឡើង​កាលពី​រាត្រី​ ថ្ងៃ​ទី​២៨ វិច្ឆិកា ​២០១៥​ នា​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ទស្សនិកជន ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ជា​ច្រើន​នាក់ និង​សិល្បករ​លំដាប់​កំពូល​ជា​ច្រើន​បង្ហាញ​វត្តមាន​នា​គ្រានោះ​ផង​ដែរ​។

​ព្រឹត្តិការណ៍​ដ៏កក្រើក​លើក​ទី​១​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ស្ថានីយ៍ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​(PPCTV)​ និង​ទូរទស្សន៍​ប៉ុ​ស្តី៍​លេខ​៨HD​ សហការ​ជាមួយ​ក្រុមហ៊ុនមេ​ឌា​ខ​ប ​(Media Corp)​ របស់​សាំង​ហ្គា​ពួរ ​រួម​ដៃគូ​ជាមួយ​កម្ពុជា​បង្កើត​ភាព​អស្ចារ្យ​នេះ​ឡើង​។

ក្នុង​វេទិកា​ដ៏អស្ចារ្យ​នេះ​មានការ​រៀបចំ​រចនា​ឆាក ​ដោយ​បាន​ប្រើប្រាស់​នូវ​អំ​ពូ​ល​គ្រី​ស្តា​ល់​ដល់​ទៅ​មួយ​លាន​គ្រាប់​ នេះ​ជា​លើក​ដំបូង​ដែល​ខាង​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​បង្ហាញ​ជូន​នៅ​កម្ពុជា​សម្រាប់​ការ​ចំណាយ​នូវ​អំ​ពូ​ល​គ្រី​ស្តា​ល់​ដ៏ច្រើន​បែប​នេះ​។​

ជាមួយ​និង​កម្មវិធី​«​ពានរង្វាន់​តារា​ឯក​សាំង​ហ្គា​ពួរ​»​នេះ​ សម្រាប់​ផ្តល់​ការ​ចូលរួម​អបអរ​សារ​ទរ​ជាមួយ​ដៃគូ​ដ៏យូរអង្វែង​របស់​ប្រទេស​ទាំង​២​កម្ពុជា ​និង​សាំង​ហ្គា​ពួរ​ក៏​ដូច​ជា​ផ្តល់​ជូន​នូវ​ការ​បង្ហាញ​វត្តមាន​តារា​សាំង​ហ្គា​ពួរ​ទាំងអស់​បាន​ខំ​សម្តែង​បម្រើ​អារម្មណ៍​ទស្សនិកជន​។​

ការ​រៀបចំ​ឡើង​នេះ​ទៀត​សោត​ក្នុង​គោលបំណង​រិ​ត​ចំណងមិត្តភាព​ក្នុង​កិច្ចសហការ​យ៉ាង​ល្អជា​បន្ត​ទៀត​រវាង​ដៃគូ​ទាំង​២​ក៏​ដូច​ជា​ការ​ស្តែង​ចេញ​នូវ​ភាព​រីក​ចម្រើន​ចំពោះ​វិស័យ​សិល្បៈ​ និង​ជា​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​​រវាង​សិល្បករ​នៃ​ប្រទេស​ទាំង​២​។​

ក្នុង​រាត្រី​នោះ​ផង​ដែរ​កម្មវិធី​បាន​ប្រគល់​ពាន​ចំនួន​៩​ផ្នែក​ដល់​តារា​សាំង​ហ្គា​ពួរ ​និង​ពាន​២​ទៀត​ជា​លក្ខណៈ​ពិសេស​ដែល​រួម​មាន​ ពានរង្វាន់​តារា​តួឯក​ប្រុស​ក្នុង​ដួងចិត្ត ពានរង្វាន់​តារា​តួឯក​ស្រី​ក្នុង​ដួងចិត្ត ពានរង្វាន់​តារា​តួរង​ប្រុស​ក្នុង​ដួងចិត្ត ពានរង្វាន់​តារា​តួរង​ស្រី​ក្នុង​ដួងចិត្ត ពានរង្វាន់​តារា​សម្តែង​ប្រុស​ឆ្នើម ពានរង្វាន់​តារា​ស្រី​ឆ្នើម ពានរង្វាន់​តារា​គូស្នេហ៍​ក្នុង​ភាពយន្ត ពានរង្វាន់​តារា​ក្នុង​ក្តី​ស្រមៃ ពានរង្វាន់​កំពូល​ខ្សែភាពយន្ត​សាំង​ហ្គា​ពួរ ពានរង្វាន់​តារា​ក្នុង​ដួងចិត្ត​មិន​ប្រែប្រួល ​និង​ពានរង្វាន់​តារា​ជំនាញ​លេង​ស្ទីល​។​

បេក្ខជន​ជ័យ​លា​ភី​ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ជា​សាធារណៈ​តាម​រយៈ​ការ​ផ្ញើ​សារ ​និង​អន​ឡាញ​៦០%​ និង​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​៦​រូប​ប្រចាំ​កម្ពុជា​ និង​៣​រូប​ទៀត​មក​ពី​សាំង​ហ្គា​ពួរ​៤០%​។ ​តារា​ដែល​ចូលរួម​ត្រូវ​តែ​ជាតា​រា​ធ្លាប់​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដែល​បាន​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​ភី​ស៊ី​ធី​វី ​ចាប់ពី​ថ្ងៃ​ទី​១ ​មក​រា ​២០១៤​ដល់​៣១​ធ្នូ​ ២០១៤​ម្ល៉េះ​។

លោក​សុខ ចំរើន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ភី​ភី​ស៊ី​ធី​វី​ បាន​ឡើង​ថ្លែង​ការ​ចាប់អារម្មណ៍​ថា​ ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ ​និង​ស្ថានីយ៍ទូរទស្សន៍​កម្ពុជា​ប៉ុ​ស្តី៍​លេខ​៨​អេ​ច​ឌី​បាន​សហការ​ជាមួយ​ក្រុមហ៊ុនមេ​ឌា​ខ​ប​សាំង​ហ្គា​ពួរ​រៀបចំ​កម្មវិធី​ដ៏កក្រើក​នេះ​ឡើង​មិន​ធ្លាប់​មាននៅ​កម្ពុជា​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព