ផ្លូវទំនប់បារាំងត្រូវបាន ជួសជុលរួចរាល់ ជាស្ថាពរសម្រួលដល់ ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ

កំពង់ឆ្នាំងៈ ផ្លូវទំនប់បារាំង ត្រូវបានជួសជុល រួចរាល់ជាស្ថាពរ អាចអោយប្រជាពលរដ្ឋ ធ្វើដំណើរបាន ជាធម្មតាឡើងវិញ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ ក្រោមបញ្ជាផ្ទាល់ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ដែលបាន ចាត់អោយក្រុមការងាររបស់ក្រសួងធនធានទឹកអោយចុះ ធ្វើការជូសជុលជា បន្ទាន់នូវការហូរច្រោះដាច់ផ្លូវ ទំនប់បារាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីសម្រួល ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ទាន់ពេលវេលា ។

ក្រោយពេលជួសជុល រួចជាស្ថាពរផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋបានសម្តែង នូវអារម្មណ៍ និងទឹកចិត្តសប្បាយរីករាយ ដោយផ្លូវនេះអាចអោយពួកគាត់ ធ្វើដំណើរបានបម្រើ តាមតម្រូវការជីវភាព ប្រចាំថ្ងៃ ។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រុមការងារក្រសួងធនធានទឹក និងឧត្តុនិយម ដឹកនាំដោយ លោក លឹម វីរៈ អគ្គនាយករងកិច្ចបច្ចេកទេស លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកកម្ម លោក សូ ផល្លី លោក សុខ តារា ប្រធានការិយាល័យវិស្វកកម្ម នៃក្រសួងធនធានទឹក និង ឧត្តុនិយម លោក ដោក ប៊ុនថុន ប្រធានមន្ទីរ និងលោក ពុត សាវា អនុប្រធាន នៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងធ្វើការជួសជុល ទំនប់បារាំងជាបន្ទាន់។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានអោយដឹងថា ផ្នែកខាងកើតនៃទំនប់បារាំង ដោយទឹកហូរច្រោះដាច់ផ្លូវ ប្រវែងប្រមាណ ១៥ម៉ែត្រ មន្ទីរធនធនទឹក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដឹកដីច្រកក្នុងការ៉ុង យកទៅទប់ជាជំហ៊ាមបឋម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូន ប្រជាពលរដ្ឋ និងការពារការការហូរច្រោះ ដាច់បន្ថែមទៀត ។ រហូតដល់រសៀលថ្ងៃដដែលនេះ ក្រុមការងាររបស់ ក្រសួងធនធានទឹក ក្រោមបញ្ជាផ្ទាល់ របស់លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយមអោយធ្វើការជូសជុល ជាបន្ទាន់នូវការហូរច្រោះដាច់ផ្លូវ នៅចំណុចខាងលើនេះ និងដើម្បីសម្រួល ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើររកស៊ីចិញ្ចឹមជីវិត ទាន់ពេលវេលា ។

ក្នុងនោះផងដែរ លោក សូ ផល្លី ជាក្រុមការងាររបស់ ក្រសួងធនធានទឹក និងឧត្តុនិយមបានអះអាងថា ចាប់ពីរសៀលថ្ងៃដដែលនេះ យើងនឹងធ្វើការដឹកដីគ្រួសក្រហម ចាក់បំពេញកន្លែង ដែលច្រោះដាច់ និងធ្វើការជួសជុលជាបន្ទាន់ អាចនិយាយ បានថានៅថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងរួចរាល់ អាចសម្រួលចរាចរណ៍ ជូនប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវនេះ តាមការគ្រោងទុក៕