ជប៉ុន​ផ្តល់​ថវិកា​ជាង​១​លាន​២​សែន​ដុល្លារ​បន្ថែម ដល់​សាលាក្តី​ខ្មែរក្រហម​

​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ជំនួយ​ជា​ថវិកា​បន្ថែមទៀត ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​)​។ ទឹកប្រាក់​ជំនួយ​ថ្មី​នេះ មាន​ចំនួន​១,២២១,៨១៨​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​២៧​ខែមករា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ជប៉ុន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ធំជាងគេ​របស់ អ​.​វ​.​ត​.​ក ហើយ​បានផ្តល់​ការគាំទ្រ​ចំពោះ​តុលាការ​នេះ​ចាប់តាំងពី​ដំណើរការ​ដំបូង​មកម្ល៉េះ​។ បូក​នឹង​ការផ្តល់​ជំនួយ​ថ្មី​នេះ ជំនួយ​ហិរញ្ញវត្ថុ​ដែល​ប្រទេស​ជប៉ុន​បានផ្តល់​ដល់ អ​.​វ​.​ត​.​ក សរុប​ចំនួន​ជាង​៨៣ លាន​ដុល្លារ​អាមេរិក​។ ប្រទេស​ជប៉ុន​ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់ (​អ​.​វ​.​ត​.​ក​) ដែល​បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​យ៉ាងសកម្ម​។​

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៥​នេះ គម្រោង​ថវិកា​ដែល​បានអនុម័ត  មាន​សរុប​ចំនួន​៣៣.៨​លាន​ដុល្លារ ក្នុងនោះ​ថវិកា​ចំនួន​២៧.១​លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ និង​៦.៧​លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន​៤.១​លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​ភាគី​ជាតិ​ក្នុង​ឆ្នាំ​២០១៥​នេះ ក្នុងនោះ​២.៥​លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រាក់បៀវត្ស​រយៈពេល​៦​ខែ​និង​១.៦​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​ផ្សេងៗ​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​។

​សាលាក្តី​ខ្មែរក្រហម​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦​មក​។ ចាប់តាំងពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤​សាលាក្តី​កូនកាត់​មួយ​នេះ​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២០៤.៥​លាន​ដុល្លារ​ក្នុង​ភាគី​អន្តរជាតិ​ចំនួន​១៥៤.៩​លាន​ដុល្លារ​និង​ភាគី​ជាតិ​ចំនួន​៤៩.៦​លាន​ដុល្លារ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​