យល់​ដឹង​ពី​ដំណាក់​កាល៣​សំខាន់​ៗពាក់ព័ន្ធ​សុខភាព នៃ​ការ​លូតលាស់​របស់​ទារក​និង​កុមារ

​រាជធានី​ភ្នំពេញ ​៖ ​ជា​ទូទៅ​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ អ្នក​ម្តាយ​ប្រាកដជាមាន​ការ​​ព្រួយបារម្ភ​អំពី​សុខភាព​របស់​ខ្លួន​និង​កូន​ ការ​ព្រួយបារម្ភ​ចម្បង​របស់​មាតា​ គឺ​ការ​លូត​លាស់​​របស់​កូន​នៅ​ក្នុង​ផ្ទៃ​ និង​នៅ​ពេល​ដែល​កូន​កើតមក ​។ ​ក្នុង​នោះ​ម្តាយ​គ្រប់​រូប​ក៏​មានការ​ព្រួយបារម្ភ​អំពី​រោគ​សញ្ញា​មួយ​ចំនួន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល​ផង​ដែរ ​។ ​លើស​ពី​នេះ​ទៅ​ទៀត ម្តាយ​គ្រប់​រូប​តែង​​​ព្រួយបារម្ភ​អំពី​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ដើម្បី​ទ្រទ្រង់​​​សុខភាព​របស់​ខ្លួន សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ និង​កូន​នៅ​ពេល​ធំ​ឡើង ​។

​ការ​លូតលាស់​របស់​ទារក​ និង​កា​រវិ​វ​ឌ្ឍ​របស់​កុមារ​អាស្រ័យ​ទៅ​នឹង​ដំណាក់កាល​មាស​សំខាន់​៣​រួម​មាន ៖
ទី​១-ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​ ដោយ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​គភ៌​ទារក​នៅ​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ធ្មេញ​ និង​ឆ្អឹង ​។ ​ក្នុង​នោះ​ ទារក​ពិតជា​ចាំបាច់​ក្នុង​ការ​ទាមទារ​​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​លូតលាស់ ធ្វើ​ឲ្យ​បេះដូង សរ​សៃ​ប្រសាទ​ និង​សាច់ដុំ​មាន​សុខភាព​ល្អ ​។ ​លើស​ពី​នេះ​​ទៀត​ កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់បេះដូង​ទារក​ដំណើរការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ ។​ ក្នុង​ដំណាក់កាល​នេះ​ប្រសិនបើ​ម្តាយ​មិន​ទទួលទាន​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ទេ​នោះ ​ម្តាយ​នឹង​មាន​បញ្ហា​សុខភាព​ដែល​ទាក់ទង​ទៅ​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ដោយសារ​ទារក​បឺត​ស្រូប​​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់​ម្តាយ​ ​​ជា​លទ្ធផល​ឆ្អឹង​ម្តាយ​នឹង​ចុះ​​ខ្សោយ ​រួច​ក្រោយមក​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ពុក​ឆ្អឹង ​។ ​​ហើយ​​ស្ត្រី​ជា​ម្តាយ​នឹង​មាន​បញ្ហា​ដូច​ជា​ ពិបាក​សម្រាល ឈឺ​ក្រោម​ចង្កេះ រមួលក្រពើ ហើម​អ​វ​:​យ​វ​:​ខាងក្រោម ​ឈឺសន្លាក់ល្ហិតល្ហៃ​អស់កម្លាំង និង​ការ​រលូត ​។      

តាម​ការ​ផ្តល់​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ការ​ញ៉ាំ​កាល់ស្យូម​បន្ថែម​ជា​ផ្នែក​មួយ​នៃ​ការ​ថែទាំ​ទារក​ក្នុង​ផ្ទៃ​និង​​ទប់ស្កាត់​រោគ​សញ្ញា​បម្រុង​ក្រឡាភ្លើង ពិសេស​គឺ​ការ​ឡើង​សម្ពាធ​ឈាម ​។ ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​គួរតែ​បរិភោគ​កាល់ស្យូម១២០០​មិល្លីក្រាម​/​ថ្ងៃ​។ 

ទី​២-គឺ​ទារក​ស្ថិត​នៅ​ក្នុង​កំណើត១០០០ថ្ងៃ​ដំបូង​នៃ​ជីវិត​ដំណាក់កាល​នេះ គឺជា​អំឡុង​ពេល​ដែល​ទារក​មានការ​លូតលាស់​ខ្លាំង ​ទារក​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​នាំ​ចូល​​សារជាតិ​កាល់ស្យូម​បន្ថែម​ស្មើនឹង​២៤​ដង​ធៀប​នឹង​មនុស្ស​ពេញវ័យ​ដោយ​ផ្អែក​ទៅ​លើ​ទម្ងន់​ខ្លួន​កុមារ​គិត​ជា​គីឡូក្រាម ​។ ​ក្នុង​ករណី​កង្វះ​​​ជាតិ​កាល់ស្យូម​ចំពោះ​ទារក​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា ​ដូច​ជា ​ធ្វើ​ឲ្យទារក​​ទម្ងន់​ទាប ឆ្អឹង​ទន់ ខ្លួន​តូច ញ័រ​ដៃជើង ស្ពឹក​និង​ឆ្អឹង​ស្ពោត​ ។​ លើស​ពី​នេះ​ទៅ​ទៀត​នឹង​មាននូវ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា ប្រកាច់ ស្ទះ​បំពង់ក គេង​មិន​លក់ អស់កម្លាំង មិន​ចង់​ញ៉ាំ​អាហារ ភិតភ័យ​ពេល​យប់ យំយប់ អន្ទះអន្ទែង បែកញើស ថយ​ចុះ​ភាពស៊ាំ និង​ជំរុញ​ឲ្យ​មាន​ជំងឺ​ដូច​ជា​ផ្តាសាយ ក្តៅខ្លួន​និង​ក្អក ដុះធ្មេញ​យឺតយ៉ាវ ធ្មេញ​មិន​រឹង​មាំ​ល្អ ​។

​ទី​៣-​គឺ​​ពេល​​ចូល​សាលារៀន​ក្នុង​វ័យ​នេះ ​កុមារ​ត្រូវការ​​អាហារ​បំប៉ន​ក៏​ដូច​ជា​អាហារូបត្ថម្ភ​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាង​កាយ ស្មារតី និង​សតិបញ្ញា​។​ក្នុង​ការ​លូតលាស់​កាល់ស្យូម​មាន​តួនាទី​យ៉ាង​សំខាន់​ ។ ជាង៩៩%​នៃ​កាល់ស្យូម​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ហើយ​មានមុខ​ងារ​ទ្រទ្រង់​រាង​កាយ​ទាំងមូល១%​ទៀត ​ជួយ​សម្រួល​ដល់​កំណក​ឈាម ការ​កន្ត្រាក់​សាច់ដុំ និង​សរសៃប្រសាទ ​។ កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​កុមារ​និង​ក្មេង​ជំទង់​មាននូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ប្រកាច់ ឬ​ញាក់​សាច់ដុំ យំយប់ និង​ងាយ​ភិតភ័យ ធុំ​អាហារ ទល់លាមក រញ៉ាំរញ៉ូវ និង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន ​ដូច​ជាល​លា​ដ៏​ក្បាល​សំប៉ែត ទ្រូង​មាន់ ឆ្អឹង​ខូច​ទ្រង់ទ្រាយ (​ក្បាលជង្គង់​ចូល​គ្នា ឬ​ជើង​កោង​) ​។ លើស​ពី​នេះ​ទៅ​ទៀត បើសិន​កូនលោក​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ វា​នឹង​ធ្វើ​ឲ្យ​សារធាតុ​រ៉ែ​របស់​ឆ្អឹង​មិន​ប្រក្រតី ភាពរឹងមាំ​របស់​ឆ្អឹង​ថយ​ចុះ​ឬ​បាត់បង់ រោគ​ក្រិស រមួលក្រពើ សាច់ដុំ​កន្ត្រាក់​ជាប់ ​។

ជា​ការ​ពិត​ អ្នក​ម្តាយ​គ្រប់​រូប​ពិតជា​មិន​ចង់​ឲ្យ​កូន​របស់​ខ្លួន​លូតលាស់​មិន​ប្រក្រតី និង​មាន​ភាព​ក្រិន​នោះ​ទេ ​ដូច្នេះ​អ្នក​ម្តាយ​គួរតែផ្តល់​នូវ​អាហារូបត្ថម្ភ​ទាំងឡាយ​ណា​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​កូន ​៕