ខែវិច្ឆិកា ក្លាយជា​ខែ​អំណោយផល​ដ៏​ល្អដល់ទី​ផ្សារ​លក់​ផ្ទះ​ថ្មី​នៅ​ក្រុង​សៀង​ហៃ

ប្រទេស​ចិន ៖ តាម​ទិន្នន័យ​របស់​ឧស្សាហកម្ម​ថ្មី​បង្ហាញ​ថា លំនៅ​ឋាន​ថ្មី​ៗ​នៅ​ក្រុង​សៀង​ហៃ នៅ​តែ​បន្ត​កើនឡើង​ដដែល​កាលពី​ស​ប្តា​ហ៍​មុន ហើយ​គេ​សម្លឹង​ឃើញ​ថា ខែវិច្ឆិកា គឺជា​ខែ​ដែល​មាន​អំណោយផល​ល្អ ខណៈ​អចលនទ្រព្យ​ប្រណីត​ៗ​កំពុង​តែ​ទាក់ទាញ​អតិថិជន ។

ទីភ្នាក់ងារ​អចលនទ្រព្យ Shanghai Homelink Real Estate Agency Co បាន​បង្ហាញ​ក្នុង​របាយការណ៍​ថា ទីតាំង​លំនៅ​ឋាន​ថ្មី​ដែល​លក់ដាច់ (​មិន​រាប់​បញ្ចូល​លំនៅ​ឋាន​មាន​តម្លៃ​ធូរ​ថ្លៃ ក្រោម​មូលនិធិ​របស់​រដ្ឋាភិបាល​) បាន​កើនឡើង​៥,៣% បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ឬ​ស្មើនឹង​៣៤២.០០០​ម៉ែត្រក្រឡា ។ លំនៅ​ឋាន​ថ្មី​ៗ​ទាំងនោះ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​៥.៤៩០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា កើនឡើង​ប្រចាំ​ស​ប្តា​ហ៍​ប្រមាណ​ជា​០,៥% ។

នៅ​ពេល​តម្លៃ​ជា​មធ្យម​មាន​កម្រិត​ថេរ គម្រោង Tomson Riviera ក្នុង​តំបន់ Lujiazui នៅ​សង្កាត់ Pudong New Area បាន​លក់​ចេញ​មួយ​យូ​នី​ត​កាលពី​ស​ប្តា​ហ៍​មុន ក្នុង​តម្លៃ​១៦១​លាន​យន់ ឬ​២៦៩.២០០​យន់​ក្នុង​មួយ​ម៉ែត្រក្រឡា ។ បើ​គិត​ជា​មធ្យម ហាងឆេង​ផ្ទះល្វែង​ដែល​មាន​ថ្លៃ​បំផុត គឺ​ស្ថិត​នៅ​ក្រុង​សៀង​ហៃ​។

កាលពី​ស​ប្តា​ហ៍​មុន លំនៅ​ឋាន​ផ្សេង​ទៀត​ក្នុង​គម្រោង​ដូច​គ្នា​នេះ​ដែរ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​១៥០​លាន​យន់ ឬ​២៥.៦០០​យន់​ក្នុង​មួយ​ម៉ែត្រក្រឡា ។ ផ្ទះល្វែង​ក្នុង​គម្រោង Tomson Riviera នៅ​តែ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ទូ​ទាំង​ក្រុង​សៀង​ហៃ ។

អគ្គនាយក​ផ្នែក​ស្រាវជ្រាវ​នៃ Shanghai Homelink លោក Lu Qilin ថ្លែង​ថា ៖ «​គិត​មក​ទល់​ពេល​នេះ ការ​លក់​ផ្ទះ​ថ្មី​នៅ​ក្រុង​សៀង​ហៃ មាន​ចំនួន​លើស​ពី​១​លាន​ម៉ែត្រក្រឡា មាន​ន័យ​ថា ខែវិច្ឆិកា នឹង​ក្លាយជា​ខែ​ដែល​មាន​អំណោយផល​ល្អ​មួយ ទោះបីជា​ធម្មតា នៅ​ពេល​ដំណាច់ឆ្នាំ មិន​អាច​លក់​អចលនទ្រព្យ​បាន​ច្រើន​បែប​នេះ​ក្តី​» ៕