អ្នកវិភាគសង្គម៖ លោក សម រង្ស៊ី ប្រើពាក្យ​សំដី​ខុស​កាលៈទេសៈ​ ជុំវិញ​សភាអឺរ៉ុប​ព្រមាន​ កាត់ជំនួយ​កម្ពុជា​

ភ្នំពេញ៖ លោក មាស នី ដែលជាអ្នកវិភាគសង្គម បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រើប្រាស់ឱកាសដែល កេងចំណេញក្នុងគ្រាស ភាអឺរ៉ុបព្រមានកាត់ផ្តាចជំនួយ កម្ពុជាខុសពេលវេលា។

លោក មាស នី បានលើកឡើងថា លោក សម រង្ស៊ីពុំមានឥទ្ធិពលអ្វីដែលអាចទៅនិយាយជាមួយ សហគមន៍អឺរ៉ុបាននោះទេអំពីការកាត់ជំនួយ  ព្រោះហេតុការណ៍ ដែលបានកើតមានឡើង នៅកម្ពុជាក្នុងរយៈពេល ចុងក្រោយនេះ ត្រូវបានភាគីអន្តរជាតិ មើលឃើញដោយខ្លួនឯង មិនចាំបាច់មានអ្នកណា ទៅរាយការណ៍ទេ។

លោកបញ្ជាក់ថា “ការកាត់ជំនួយ៤៥០លានដុល្លារនេះ ជាសិទ្ធិរបស់សហគមន៍អឺរ៉ុប មិនមែនឯកឧត្តម សម រង្ស៊ី ទៅបញ្ជាគេបាននោះទេ។ ចឹងបានពេលខ្លះ ខ្ញុំហាក់មានអារម្មណ៍ មួយថា ឯកឧត្តម សម រង្ស៊ី មានឱកាសយកពាក្យហ្នឹងមកប្រើគឺខុស។ ត្រង់ចំណុចថា សហគមន៍អឺរ៉ុបកាត់ជំនួយនេះ គឺជាជោគជ័យរបស់គាត់(សម រង្ស៊ី) ខ្ញុំគិតថា គាត់និយាយបែបនេះ គឺខុស ហើយកាលណា គាត់និយាយចឹង ទៅហាក់ដូចជា បើកដៃឲ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានឱកាស ក្នុងការវាយបក ទៅលើគាត់ថែមទៀត”។

លោកបន្តថា លោក សម រង្ស៊ី ទៅជួបជាមួយសហគមន៍អឺរ៉ុប គឺជាការល្អប្រសើរហើយ សម្រាប់គៀងគរ ឲ្យពួកគេ បានយល់ពីព្រឹត្តិការណ៍ ដែលបានកើតមានឡើង នៅកម្ពុជា ប៉ុន្តែលោក សម រង្ស៊ី មិនគួរគប្បីនិយាយថាកាត់កាត់ជំនួយនេះ ជាជ័យជំនៈរបស់លោកនោះទេ៕