លោក ប៉ាវ ស៊ីណា៖ និយោជក ថា​គ្មាន​ការផ្អាក​រោងចក្រ​រយៈពេល​ ១ខែ ដូចពាក្យ​ចរចាមអារាម​ទេ​

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះ បានថ្លែងឲ្យដឹងថា មិនមានការបិទផ្អាក រោងចក្រវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជាទេ ក្រោយពីលោកបានទទួល ព័ត៌មានក្រុមនិយោជក។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធចលនាកម្មករ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យនេះថា ព័ត៌មានដែលជនទុច្ចរិត មួយក្រុមបានដើរបំផុសបំភ្លៃនោះ មិនមែនជាការពិតទេ គ្រាន់តែជាពាក្យចរចាមអារាម គ្មានមូលដ្ឋានច្បាស់លាស់ តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “គឺមានសហជីពមូលដ្ឋាន យើងមួយចំនួន លោកបានទាក់ទង មកពួកយើងខ្ញុំជុំវិញព័ត៌មាន ចរចាមអារាមថាខែ១២ រោងចក្រទូទាំងប្រទេស នឹងផ្អាក១ខែហ្នឹង ធាតុពិតព័ត៌មាននេះ គឺយើងអត់បានទទួល ជាក់លាក់ពីភាគីរោងចក្រទេ ហើយនិយោជកក៏បានអះអាងថា មិនមានរឿងហ្នឹងទេ”។

លោក ប៉ាវ ស៊ីណា ក៏បានស្នើឲ្យសមាគមរោងចក្រ កាត់ដេរកម្ពុជា (GMAC) ចេញសេចក្ដីថ្លែងការណ៍ដើម្បីកុំឲ្យកម្មករ និយោជកមានការព្រួយបារម្ភ ជុំវិញព័ត៌មាននេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧  វិច្ឆិកា មានជនទុច្ចរិតមួយក្រុម បានដើរបំផុសពាក្យចរចាមអារាម នៅតាមតំបន់រោងចក្រ វាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងថា កម្ពុជានឹង មានការបិទទ្វារផ្អាកដំណើរ ការគ្រប់រោងចក្ររយៈពេល១ខែ នៅក្នុងខែធ្នូ ឆ្នាំ ២០១៥៕