រុស្ស៊ី សម្រេចដាក់ ទណ្ឌកម្មសេដ្ឋកិច្ច លើតួកគី ក្រោយបាញ់ ទម្លាក់យន្ដហោះ របស់ខ្លួន

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេសតួកគី រួមបញ្ចូលទាំងការផ្អាកកម្មវិធីលើកលែងទិដ្ឋាការ ជាការសងសឹកចំពោះការបាញ់ទម្លាក់ យន្ដហោះទម្លាក់ គ្រាប់បែករបស់រុស្ស៊ី ដោយកងកម្លាំងតួកគី។

 ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយដកស្រង់ប្រភពពី វិមានក្រឹមឡាំងបន្ដទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសម្រេចចុះហត្ថលេខាលើបញ្ជា ប្រតិបត្តិមួយ ដើម្បីធានាដល់សន្តិសុខជាតិរបស់ប្រទេស និងជាកិច្ចការពារដល់ពលរដ្ឋរបស់ខ្លួន ឈាន ដល់ការសម្រេចលើវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសតួកគី។

គួបញ្ជាក់ផងដែរថា កងកម្លាំងរបស់ប្រទេសតួកគី បានបាញ់ទម្លាក់យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ Sukhoi Su-24 របស់រុស្ស៊ី ដែលយន្ដហោះមួយគ្រឿងនេះ បានហោះហើរចូលដែនអាកាសរបស់ខ្លួន ទីនៅះមានព្រំប្រទល់នៅជិតព្រំដែនរវាងស៊ីរី និងតួកគី ហើយថែមទាំងបានណែនាំឲ្យពលរដ្ឋរបស់ខ្លួន មិនឲ្យចូលទៅទស្សនាប្រទេសរុស្ស៊ីឡើយ ក្រោយពីឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ប៉ុន្ដែយ៉ាងណាមិញ ប្រទេសរុស្ស៊ី បានបដិសេធថា មិនមានការលុកលុយដែនអាកាសណាមួយទៅលើ ប្រទេសតួកគីឡើយ។

 សម្រាប់បញ្ជាប្រតិបត្តិ លើការរៀបចំការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋតួកគី នឹងត្រូវបានលុប ចោលចាប់ពីខែមករា ឆ្នាំ២០១៦ខាងមុខនេះ៕

រុស្ស៊ី សម្រេចដាក់ ទណ្ឌកម្មសេដ្ឋកិច្ច លើតួកគី ក្រោយបាញ់ ទម្លាក់យន្ដហោះ របស់ខ្លួន