បុរស​ម្នាក់​ពុលថ្នាំ​បាញ់​​តាង៉ែនក្អួត រាក​ ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះទាន់

ខេត្ត​ប៉ៃលិន ៖ កម្មករ​ម្នាក់ពុល​ថ្នាំ​ប៉ូវ​បាញ់​ដំណាំ​តា​ង៉ែ​ន លាយ​ជាមួយ​ថ្នាំ​កំចាត់​សត្វល្អិត និង​ថ្នាំ​កំចាត់​ចៃក្អួត​ចង្អោរ រាករូសត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូឌុប​​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេល បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​បាញ់ថ្នាំ​ក្នុង​ចម្ការ​ឱ្យ​ថៅកែ​ម្នាក់ ដោយ​អត់​ពាក់​ម៉ាស់​កា​ពារ អត់​ពាក់អាវ​កៅស៊ូ​ការពារ​ភ្លៀង ធ្វើ​ឱ្យ​ទឹក​ថ្នាំ​ស្រក់​ប៉ះ​ដងខ្លួន​ទទឹក​ជោក។

ហេតុការណ៍​ពុល​ថ្នាំ​បាញ់​ប៉ូវ​ដំណាំ​តា​ង៉ែ​ន និង​ថ្នាំ​សម្លាប់​សត្វល្អិត​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី២៧ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ មានឈ្មោះ មាស ប្រុស ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជា​កម្មករ ​​​​ប្រពន្ធ ឈ្មោះ ភោគ សា​វី អាយុ​៤១​ឆ្នាំ មានកូន​ចំនួន​៣​នាក់ ស្រី​២ ប្រុស​១ មានស្រុក​កំណើត​​នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុករ​មាស​ហែក ខេត្តស្វាយរៀង ហើយ​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​អស់​រយៈពេល​៧​ខែ​កន្លង​មក​ហើយ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រីឈ្មោះ ភោគ សា​វី ត្រូវជា​ប្រពន្ធ បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ពុល​ថ្នាំ​បាញ់​ប៉ូវ​ផ្លែ​តា​ង៉ែ​ន ពុល​ថ្នាំ​សម្លាប់​ចៃ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ចំនួន​បី​លើក​រួច​មក​ហើយ ខណៈ​ពួក​គាត់​មក​ស៊ីឈ្នួល​ចាំចំការ​ឱ្យ​ថៅកែ​ម្នាក់ ពោល​គឺ​បន្ទាប់​ពី​​​បាញ់ថ្នាំ​ប៉ូវ និង​ថ្នាំ​កំចាត់​សត្វល្អិត​ដូច​ខាងលើ​រួច​មក លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែងតែ​ក្អួតចង្អោរ រាគរូស ឈឺក្បាល វិលមុខ ចុកពោះ៕