ហាងឆេង​ដី​នៅ​តាម​តំបន់​ព្រំដែន​ថៃ​ឡើងថ្លៃ​កប់​ពពក

ប្រទេស​ថៃ ៖ យោង​តាម​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ (REIC) ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​សំខាន់​ៗ​កំពុង​តែ​ឡើងថ្លៃ​កប់​ពពក ហើយ​គេ​រំពឹង​ថា នឹង​មាន​ស្ថិរភាព​វិញ​នៅ​អំឡុង​ពេល​២-៣​ខែ​ខាង​មុខ​ទៀត ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស លោក Samma Kitsin លើក​ឡើង​ថា ៖ «​ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន រួម​ទាំង​វត្តមាន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) ផង​នោះ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​មិន​មានការ​ធ្លាក់​ថ្លៃ​ទេ បើ​ទោះជា​មានការ​បង្អន់ល្បឿន​នៃ​ការ​ជួញដូរ​ផ្នែក​អចលនទ្រព្យ​ក្តី ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​ថា នឹង​ប្រើប្រាស់​ក្បាលដី​ដែល​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​រតនាគារ​សម្រាប់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​» ។

នៅ​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ បរិមាណ​នៃ​ការ​ជួញដូរ​ផ្នែក​អចលនទ្រព្យ​ក្នុង​ខេត្ត​ស្រះ​កែវ មានការ​ថយ​ចុះ​២,៩% ឬ​ស្មើនឹង​៣.៨៤៧​ក្បាលដី និង​នៅ​ខេត្ត​ត្រា​ត ថយ​ចុះ​៤,៣% ឬ​ស្មើនឹង​១.៦៩៧​ក្បាលដី  ។

លោក Samma Kitsin បន្ត​ថា ៖ «​ក្នុងអំឡុងពេល​២​ឆ្នាំ​មុន ការ​ជួញដូរ​ដី​មានការ​បង្អន់ល្បឿន ស្រប​ពេល​បណ្តា​វិនិយោគិន​ទន្ទឹងរង់ចាំ​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​រដ្ឋាភិបាល​» ។

ក្បាលដី​ក្បែរ​ខាង ឬ​ជាប់​ព្រំប្រទល់​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ក៏​បាន​ឡើងថ្លៃ​ដែរ ដែល​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​ក្នុង​ផ្សារ​រុង​ក្លឿ​មានការ​រីក​ចម្រើន ។

ទីតាំង​ក្បែរ​ផ្សារ​មាន​ហាងឆេង​ខ្ពស់​ជាងគេ​បំផុត គឺ​១០​លាន​បាត​ក្នុង​មួយ​រ៉ៃ ដោយសារ​តែ​មាន​តម្រូវការ​ខ្លាំង​ពី​សំណាក់​វិនិយោគិន​ថៃ ចិន តៃវ៉ាន់ និង​កូរ៉េ ។
ស្រប​ពេល​តម្លៃ​ដី​ក្បែរ​ផ្សារ​ឡើងថ្លៃ​ខ្ពស់​នោះ ក្បាលដី​នៅ​ឃុំ Pa Rai បាន​ឡើងថ្លៃ​ដល់​ទៅ​២០​ដង​ពី​បរិមាណ​តិច​ជាង​៥​ម៉ឺន​បាត ទៅ​១​លាន​បាត​ក្នុង​មួយ​រ៉ៃ ។

នៅ​ថ្ងៃ​អនាគត ផ្សារ Mega Market ដែល​ជា​មជ្ឈមណ្ឌល​លក់ទំនិញ​មួយ នឹង​ត្រូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន TCC Group របស់​លោក Charoen Sirivadhanabhakdi ហើយនឹង​បើក​លក់​នៅ​ក្បែរ​ផ្សារ​រុង​ក្លឿ ។

ចំណែក​ក្រុមហ៊ុន Indochina Trade Center (Aranyaprathet) Co., ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ដោយ​គ្រួសារ Viriyaprapaikit គ្រោង​នឹង​អភិវឌ្ឍន៍​គម្រោង Indochina Minifactory នៅ​លើ​ផ្ទៃដី​៦០​រ៉ៃ​ក្នុងស្រុក Pa Rai សម្រាប់​ជួល​ធ្វើ​ឃ្លាំង​ស្តុក​ទំនិញ ដែល​មាន​តម្លៃ​១.២០០​បាត​ទៅ​១៧.៨០០​បាត​ក្នុង​មួយ​ខែ ។ មិនតែប៉ុណ្ណោះ ក៏​ត្រូវ​អភិវឌ្ឍ​ជា​ឧទ្យាន​ផង​ដែរ ។

ចំណែក​តម្លៃ​ដី​ក្នុង​ឃុំ Mai Root ស្រុក Khlong Yai ខេត្ត​ត្រា​ត ក្បែរ​ព្រំដែន​កម្ពុជា​វិញ បាន​ឡើងថ្លៃ​៤​ដង ឬ​ស្មើនឹង​២​លាន​បាត​ក្នុង​រ៉ៃ បន្ទាប់​ពី​តំបន់​នោះ​មានឈ្មោះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ។

ចំណែក​ស្រុក Muang ក្នុង​ឃុំ Tha Prik ក៏​មាន​វិនិយោគិន​ជប៉ុន​ចង់​សាងសង់​ជា​ខុន​ដូ​លំដាប់​ខ្ពស់​មួយ​នៅ​លើ​ក្បាលដី​ទំហំ​៤.០០០​រ៉ៃ​ដែរ ។

លោក Samma Kitsin បន្ត​ថា ៖ «​ស្រុក Mae Sot ខេត្ត Tak គឺ​ស្ថិត​ក្នុង​ចំណោម​ទីតាំង​ជាប់​ព្រំដែន​ដែល​មាន​ហាងឆេង​ដី​ឡើងថ្លៃ​បំផុត ស្រប​ពេល​វិនិយោគិន​ធំ​ៗ​ជា​ច្រើន​បាន​ស្វែងរក​ទាញ​យក​ប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​» ។

ក្រុមហ៊ុន​ពហុ​ផលិតផល​ប្រើប្រាស់​ធំ​ជាងគេ​បំផុត​របស់​ថៃ គឺ​ក្រុមហ៊ុន Saha Pathana Inter-Holding ត្រូវ​បាន​អភិវឌ្ឍន៍​ឡើងជា​សួន​ឧស្សាហកម្ម​វាយនភ័ណ្ឌ​មួយ​គ្របដណ្តប់​លើ​ផ្ទៃដី​៤០០​រ៉ៃ ស្ថិត​ក្នុង​ឃុំ Mae Kon Ken ។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ​បង្ហាញ​ថា ក្នុងស្រុក Mae Sot មាន​គម្រោង​លំនៅ​ឋាន​ចំនួន​១០​គម្រោង និង​ខុន​ដូ​ចំនួន​៥ (៧៧០​យូ​នី​ត​) ។

ចំណែក​ស្រុក Mukdahan ក៏​បាន​ទាក់ទាញ​វិនិយោគិន​ច្រើន​ផង​ដែរ ហើយ​តម្លៃ​ដី​បាន​កើនឡើង​ស្មើ​១​គុណ​នឹង​៣ ឬ​១០​លាន​បាត​ក្នុង​មួយ​រ៉ៃ នៅ​រយៈពេល​២​ឆ្នាំ​នេះ ។
រីឯ​តម្លៃ​ដី​នៅ​ក្បែរ​ស្ពាន​មិត្តភាព​ព្រំដែន​ថៃ​-​ឡាវ​វិញ​បាន​កើនឡើង​ជិត​៤​ដង​ឯណោះ ឬ​ស្មើនឹង​៩​លាន​បាត​ក្នុង​មួយ​រ៉ៃ ៕