​​​ឃាត់ខ្លួន​បុរស​២​នាក់​ពាក់​ព័ន្ធ​ករណី​វាយ​សម្លាប់​មន្ត្រី​យោធា​ម្នាក់​នៅ​ស្រុក​សំឡូត

ខេត្តបាត់ដំបង ​៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​២​នាក់ ក្រោយ​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​កាប់ ​និង​វាយ​ទៅ​លើ​មន្ត្រី​យោធា​ម្នាក់​រហូត​ដល់​ស្លាប់ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ វិច្ឆិកា នៅ​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត បន្ទាប់​ពី​ឃើញ​មន្ត្រី​យោធា​រូប​នោះ​កាន់ដំបង​ដើរ​ចូល​ផ្ទះ​ពួក​គេ​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​ដោយ​ស្មានថា ជា​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​។

លោក​ម៉ែ​ន រី​ម អធិការ​នគរបាល​ស្ដីទី​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ឆាយ បុល អាយុ​៣២​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​២-​ឈ្មោះ​អ៊ុ​ន ផុ​ន អាយុ​៤០​ឆ្នាំ ត្រូវជា​ពូ​របស់​ម្ចាស់ផ្ទះ​ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ​យឹ​ម សុផល អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​លេខ​៥២​។ លោក​អធិការ​ស្ដីទី​បាន​បញ្ជាក់​ថា មន្ត្រី​យោធា​រូប​នោះ​បាន​ដើរ​ចូល​ទៅ​ក្រោមផ្ទះ​ជន​ដៃដល់​ឈ្មោះ​ឆាយ បុល កណ្ដាល​អ​ធ្រា​ត្រ ដែល​មាន​កាន់ដំបង​ផង ដោយ​ម្ចាស់ផ្ទះ​ស្មានថា ជា​ចោរ​ចូល​បំរុង​លួច​ទ្រព្យសម្បត្តិ​ក៏​ស្រែក​ឆោឡោ រីឯ​ឈ្មោះ​អ៊ុ​ន ផុ​ន ដែល​មានផ្ទះ​នៅ​ក្បែរ​នោះ​ក៏​រត់​មក​ដេញ ហើយ​ព្រួត​គ្នា​វាយ​ផង​ កាប់​ផង​រហូត​ដល់​ស្លាប់​តែ​ម្ដង​។

ជនសង្ស័យ​ឈ្មោះ​ឆាយ បុល បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពេល​ជន​រង​គ្រោះ​ដើរ​ចូល​ក្រោមផ្ទះ​ខ្លួន​ទាំង​កណ្ដាល​យប់​នោះ ខ្លួន​មើល​មិន​ស្គាល់​ថា ជាន​រណា​នោះ​ទេ ដោយ​គិត​ថា ជន​នោះ​ជា​ចោរ​ប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្លួន ទើប​ទូរស័ព្ទ​ហៅ​ពូ​ដែល​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ ហើយ​ក៏​ស្រែក​ឆោឡោ​ដេញ​វាយ និង​កាប់​ជន​រង​គ្រោះ​រហូត​ស្លាប់ ទើប​ស្គាល់​ថា ឈ្មោះ​យឹ​ម សុផល ជា​មន្ត្រី​យោធា​។

ឈ្មោះ​ឆាយ បុល បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​ចេតនា​កាប់​ ឬ​វាយ​ជន​រង​គ្រោះ​ក្នុង​គំនុំ​អ្វីមួយ​នោះ​ទេ តែ​ដោយ​ស្មានថា គាត់​ជា​ចោរ​ទើប​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​បែប​នេះ ម្យ៉ាង​មើល​មិន​ស្គាល់​ជន​រង​គ្រោះ​ផង​។

បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ និង​មន្ត្រី​យោធា​មួយ​ចំនួន​បាន​និយាយ​ថា ជន​រង​គ្រោះ​ហាក់ដូចជា​មាន​សតិ​មិន​ប្រក្រតី​ចាប់​តាំង​បែកបាក់​ក្រុម​គ្រួសារ​មក​។ ប្រភព​ខាងលើ​ថា ពេល​ខ្លះ​គេ​តែង​ឃើញ​ជន​រង​គ្រោះ​ហាក់ដូចជា​រវើរវាយ​ ដើរ​គ្មាន​គោលដៅ និង​យក​ស្រា​ជា​មិត្ត​ទៀត​ផង​។

ប៉ុន្តែ​នៅ​យប់​កើតហេតុ​នោះ ​គេ​មិនដឹង​អំពី​គោលបំណង ដែល​មន្ត្រី​យោធា​រូប​នេះ​កាន់ដំបង​ដើរ​ចូល​ផ្ទះ​គេ​ទាំង​កណ្ដាល​យប់​នោះ​ទេ​។

ស្នងការ​រង​ខេត្ត​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសា​ស​ន៍​ថា ករណី​ខាងលើ​នេះ គឺ​កើតឡើង​ដោយ​ការ​ភ័ន្តច្រឡំ ដោយ​ស្មានថា ជន​រង​គ្រោះ​នោះ​ជា​ចោរ ដែល​មាន​កាន់ដំបង​ដើរ​ចូល​ផ្ទះ​គេ​ទាំង​កណ្ដាល​យប់ ប៉ុន្តែ​មិន​គួរ​ប្រើ​ហិ​ង្សា​រហូត​ដល់​ស្លាប់​បែប​នេះ​ទេ​។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ពូ​ និង​ក្មួយ​នេះ​ហើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕ ​