អង្គការ​លីកាដូ៖ ករណី​រំលោភ​សេព​សន្ថវៈ អាច​ជា​មធ្យោបាយ​រក​ប្រាក់​របស់​អាជ្ញាធរ

ករណី​រំលោភ​សេព​សន្ថវៈ អាច​ជា​មធ្យោបាយ​រក​ប្រាក់​របស់​អាជ្ញាធរ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ នៅ​ក្នុង​ឱកាស​ដែល​អង្គការ​នេះ ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​។ ជា​របាយការណ៍​កម្រាស់​៣១​ទំព័រ ដែល​មាន​ចំណង​ជើង​ថា ការ​រួច​ខ្លួន​ពី​បទ​ល្មើស៖ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ ក្នុង​ប្រពន្ធ​តុលាការ​កម្ពុជា​។ របាយការណ៍​​ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​​រក​ឃើញ​ផង​ដែរ​ថា ករណី​ជា​ច្រើន​នៃ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ មិន​ត្រូវ​បាន​ស៊ើប​អង្កេត​និងផ្ដន្ទាទោស​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ​។