ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​តំបន់​ដាច់​ស្រយាល​ខេត្ត​ស្ទឹងត្រែង​ត្អូញត្អែរ​ថា​ផ្លូវ​លំបាក​ធ្វើ​ដំណើរ

ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​លំបាក​ធ្វើ​ដំណើរ បន្ទាប់​ពី​ផ្លូវ​លំ​ចូល​ភូមិ​មួយ​ខ្សែ​ប្រវែង​ជាង ២០​គីឡូម៉ែត្រ ខូចខាត​ធ្ងន់ធ្ងរ​ជាច្រើន​ឆ្នាំ​កន្លង​មក។ ចំណែក​អាជ្ញាធរ​ឃុំ​ទទួល​ស្គាល់​ពី​ការ​លំបាក​ធ្វើ​ដំណើរ​នេះ ដោយ​អះអាង​ថា គម្រោង​កសាង​ផ្លូវ​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ច្រើន ដែល​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ។

ឃុំ​ស្ដៅ នៃ​ស្រុក​សេសាន ឋិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ចម្ងាយ​ជាង ៥០​គីឡូ​ម៉ែត្រ។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ដូចជា ព្នង ទំពួន ស្ទៀង សំរែ និង​ជនជាតិ​ភាគ​តិច​ឡាវ។ អ្នក​ភូមិ​អះអាង​ថា ជាច្រើន​ឆ្នាំ​កន្លង​មក ពលរដ្ឋ​រស់នៅ​ទីនោះ​ភាគ​ច្រើន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​នៃ​ទន្លេ​សេសាន ខណៈ​លំនៅឋាន​ពលរដ្ឋ​ភាគ​ច្រើន​អម​សង​ខាង​ទន្លេ។ អ្នក​ភូមិ​បារម្ភ​ពី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន គឺ​លោក ផាន់ យ៉ត ត្អូញត្អែរ​ថា ផ្លូវ​លំ​មួយ​ខ្សែ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ទៅ​ប្រទេស​ឡាវ ប្រវែង​ជាង ២០​គីឡូ​ម៉ែត្រ ខូចខាត​ស្ទើរ​ទាំង​ស្រុង ខណៈ​មាន​ស្ពាន និង​លូ​ជាង ១០​កន្លែង​មាន​សភាព​ទ្រុឌទ្រោម​ស្ទើរ​តែ​កាត់​ផ្តាច់​ផ្លូវ និង​មាន​រណ្ដៅ​ជ្រៅ​ទាំង​រដូវ​វស្សា និង​រដូវ​ប្រាំង។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ​ជិត ២០​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្លូវ​នេះ​ជា​ដុំ​កំភួន​ឡើយ ក្រៅ​ពី​ជួសជុល​បន្តិចបន្តួច៖ «លំបាក​តាំង​ពី​ឆ្នាំ​៩០ ជាង។ ខែ​ភ្លៀង​ដូច​យើង​ធ្វើ​ដំណើរ​កាត់​ដី​អាចម៍​បំណះ ដែល​អា​ដី​ដែល​ភ្ជួរ​ស្រែ។ ទៅ​ដល់​ទី​រួម​ខេត្ត ឬ​មណ្ឌល​សុខភាព​ហ្នឹង ត្រូវ​ចំណាយ​ពេលវេលា​អស់​ច្រើន​ម៉ោង​ណាស់។ អាល័យតែ​រុញ​ម៉ូតូ​ផង អូស​ម៉ូតូ​ផង ដូច្នេះ​យើង​ត្រូវ​ចំណាយ​ពេលវេលា​យូរ»

លោក ផាន់ យ៉ត បន្ថែម​ទៀត​ថា បើ​អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ពាក់ព័ន្ធ នៅ​តែ​ពន្យារ​ពេល​កសាង​ផ្លូវ​នេះ នឹង​រាំង​ស្ទះ​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​សម្ភារៈ និង​កសិផល ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្វែងរក​ប្រាក់​ចំណូល។ លោក​បារម្ភ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​ជន​ចាស់​ជរា ក៏​ប្រឈម​ហានិភ័យ ស្រប​ពេល​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ពេល ៤ ទៅ ៥​ម៉ោង ទើប​ដល់​ទី​រួម​ខេត្ត​ស្ទឹងត្រែង។

ករណី​នេះ​ដែរ មេ​ឃុំ​ស្ដៅ លោក នួយ ប៊ុនធួយ ទទួល​ស្គាល់​ចំពោះ​ការ​លំបាក​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​ខ្សែ​នោះ តែ​កញ្ចប់​ថវិកា​ឃុំ​ប្រចាំ​ឆ្នាំ​មាន​ជាង ៦០​លាន​រៀល មិន​អាច​មាន​លទ្ធភាព​អភិវឌ្ឍ​ផ្លូវ​នេះ​ជា​ដុំ​កំភួន​ទេ គឺ​ត្រឹម​តែ​អាច​ជួសជុល​ប្រើប្រាស់​បណ្ដោះអាសន្ន។ លោក​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ចុះ​ពិនិត្យ​លទ្ធភាព​កសាង​ផ្លូវ​នេះ​ដែរ ខណៈ​អ្នក​ភូមិ​ត្រូវ​ការ​ផ្លូវ​នេះ​ធ្វើ​ដំណើរ​ចាំបាច់៖ «តាំង​ពី​អើយ​មក ប្រជាពលរដ្ឋ​ហ្នឹង​ផ្លូវ​ដើរ​ទេ។ ក្រោយ​មក​ក៏​យើង​បាន​ឈូស​ឆាយ​ជា​ផ្លូវ​លំ​មួយ។ តាំង​នោះ​មក​ជាង ១០​ឆ្នាំ វា​ទ្រុឌទ្រោម​វា​ខូច​ទាំង​ស្រុង»

កាល​ពី​ឆ្នាំ​២០១២ ពលរដ្ឋ​ប្រមាណ ៤០០​គ្រួសារ បាន​ផ្ដិត​មេដៃ​ស្នើសុំ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ស្រប​ពេល​ដែល​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ប្រឈម​គ្រោះថ្នាក់ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។

ឃុំ​ស្ដៅ ស្រុក​សេសាន មាន​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ញើន និង​ភូមិ​ប៊ុ។ ភូមិ​ទាំង​នេះ នៅ​អម​សង​ខាង​ទន្លេ​សេសាន និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៤០០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៣.០០០​នាក់។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ផ្លូវ​លំ​នេះ​ជា​បេះដូង​សំខាន់​នៃ​ជីវិត​រស់នៅ​ពលរដ្ឋ ដែល​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​គួរ​ពន្យារ​ពេល​អភិវឌ្ឍ​នោះ​ទេ។ លោក​ថា ការ​ពន្យារ​ពេល​កសាង​ផ្លូវ​លំ​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក​ភូមិ ហើយ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល ក៏​ហាក់​ឋិត​នៅ​ភាព​ផុយ​ស្រួយ​ដែរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ពន្លឿន​អភិវឌ្ឍ​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់៖ «សម្ដេច ហ៊ុន សែន គាត់​តែង​លើក​ពី​ផ្លូវ​ថ្នល់ ព្រោះ​អី​វា​ជា​សរសៃ​ឈាម​ទី​មួយ។ ដូច្នេះ អាជ្ញាធរ​ត្រូវ​តែ​ផ្ដោត»

កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា អាជ្ញាធរ​ស្រុក និង​ឃុំ បាន​ចុះ​សិក្សា​ពិនិត្យ​លទ្ធភាព​កសាង​ផ្លូវ​លំ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧។ អាជ្ញាធរ​ឃុំ​ព្យាករ​ថា គម្រោង​កសាង​ផ្លូវ​នេះ​ទទឹង ៨​ម៉ែត្រ និង​បណ្តោយ​ជាង ២០​គីឡូម៉ែត្រ មាន​ស្ពាន និង​លូ ១៥​កន្លែង ដែល​ត្រូវ​ចំណាយ​ថវិកា​ជិត ១០​ម៉ឺន​ដុល្លារ។ អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ដើម​ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​គ្រោង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នោះ តែ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សេសាន ឃាត់ ដោយ​ចាត់​ទុក​ថា ធ្វើ​ផ្លូវ​ពុំ​មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ​ស្រុក​ជា​មុន និង​សង្ស័យ​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ​ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ឈើ​ប្រណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។