មន្ត្រីរាជការ អាវុធហត្ថ ប្រជា​ការពារ ​និង​ប្រជាពលរដ្ឋ​​​៣០០​នាក់​នាំ​គ្នា​រើស​សំរាម​នៅ​មុខ​វាំង

រាជ​ធានីភ្នំពេញ ៖ តាំងពី​ព្រឹក​ព្រលឹម​​​ថ្ងៃ​ទី​២៩ វិ​ច្ឆិ​កា ​២០១៥​ លោក​គួ​ច ចំរើន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌដូនពេញ​ដឹកនាំ​មន្ត្រី​​​ក្រោម​ឱវាទ ​និង​មានការ​ចូល​ពី​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​នាំ​គ្នា​រើស​សំរាម កាត់​ព្រៃ​ត្រែង​ និង​លាង​ច្រាំង​ទន្លេ​ចាប់​ពីមុខ​ផ្សារ​រាត្រី​រហូត​ដល់​របង​សាលសន្និសីទ​ចតុមុខ ​បន្ទាប់​ពី​ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​បញ្ចប់ ។

លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​អនាម័យ បរិស្ថាន​នេះ គឺ​ដើម្បីថែរក្សា​បរិស្ថាន និង​បង្កើត​ហេ​ដ្ឋា​រចនា​សម្ព័​ននៅ​តាម​ដងផ្លូវ​សាធារណៈឲ្យ​បាន​ល្អ​ហើយ ដើម្បី​ធ្វើការ​ប្រឡង ប្រណាំង​ទីក្រុង​ស្អាត រមណីយ​ដ្ឋា​ន​ស្អាត សេវា​ល្អ​នៅ​តាម​បណ្តា​ខេត្ត ​ស្រុក ជា​ពិសេស​ធ្វើ​យ៉ាងណា ​ទាក់ទាញ​ទេសចរ ​​ជាតិ និងអន្តរជាតិឱ្យមានការ​ចាប់​អារ​ម្ម​ណ៍​​​។

​​កន្លង​មក​ អាជ្ញាធរ​ខណ្ឌដូនពេញ​ និង​សង្កាត់​ទាំង​១១​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​តាម​រមណីយដ្ឋាន ​និង​មុខ​ព្រះ​បរមរាជវាំង​ត្រូវ​តែ​ចូលរួម​រក្សា​បរិស្ថាន ​និង​អនាម័យ​ពេល​ហូប​ចំណីអាហារ​រួច​ត្រូវយក​កាក​សំណល់​បោះចោល​ក្នុង​ធុងសំរាម​តាម​ការ​កំណត់​របស់​អាជ្ញាធរ​។​

ក៏​ប៉ុ​ន្តែ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បោះចោល​សំរាម​ក្រៅ​ធុង ​មិន​តែ​ប៉ុណ្ណោះ​បាន​បន្ទោ​របង់​តាម​ទី​សា​ធារ​ណៈទៀត​ដែល​ធ្វើ​ឲ្យ​ជះក្លិន​មិនល្អ​មក​លើ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ដើរ​កំសាន្ត​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​   ​