កា​ណា​ដា​នឹង​បរិច្ចាគ​75​លាន​ដុល្លារ​ជួយ​ជនភៀសខ្លួន​ស៊ី​រី

ប្រភព​ព័ត៌មាន​ពី​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កា​ណា​ដា កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា លោក​ជំទាវ ម៉ា​រី ក្លូ​ត​ប៊ី​បូ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ​កា​ណា​ដា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​ត្រៀម​បរិច្ចាគ​ថវិកា​ចំនួន​៧៥​លាន​ដុល្លារ ជូន​ដល់​UNHCR ដែល​ទឹកប្រាក់​នេះ​សរុប​រួម​ទាំង​ទឹកប្រាក់​៧,៥​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​ស៊ី​រី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក ចា​ស្ទី​ន ទ្រូ​ដូ បាន​ថ្លែង​កាលពីដើម​ស​ប្តា​ហ៍​កន្លង​មក​ថា នឹង​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​១០.០០០​នាក់ មក​តាំង​ទីលំនៅ​នា​ដំណាច់ឆ្នាំ​នេះ និង​១៥.០០០​នាក់​ទៀត នៅ​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០១៦ ។

ផែនការ​ខាងលើ​មាន​បម្រែបម្រួល​តិចតួច​ពី​នយោបាយ​ចាស់ ដែល​រដ្ឋាភិបាល​គណបក្ស​សើ​និយម​របស់​លោក​ទ្រូ​ដូ ត្រូវការ​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ទាំងអស់​ចំនួន​២៥.០០០​នាក់ នៅ​ក្នុង​ថ្ងៃ​ទី​៣១ ធ្នូ​ខាង​មុខ ប៉ុន្តែ​ផែនការ​នេះ​បាន​ទទួល​ការ​ជំទាស់​ពី​ភាគី​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ព្រោះ​ទើប​ឆ្លង​ផុត​ពី​ហេតុការណ៍​វិនាសកម្ម​នៅ​ទី​ក្រុងប៉ារីស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខាង​UNHCR បាន​គូសបញ្ជាក់​ថា មន្ត្រី​នៅ​ប្រទេស​ហ្ស​ក​ដា​នី លី​បង់ និង​តួ​ក​គី កំពុង​ព្យាយាម​ជ្រើស​យក​ជនភៀសខ្លួន​ស៊ី​រី​ដែល​មានគុណ​សម្បត្តិ​សម​ស្រប​ក្នុង​ការ​បាន​ទទួល​សិទ្ធិ​ជ្រកកោន និង​ធ្វើ​ដំណើរ​ទៅ​តាំងទី​លំនៅ​ក្នុង​ប្រទេស​កា​ណា​ដា ។

ចំណែក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏​ត្រៀម​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​១០.០០០​នាក់​ដែរ នៅ​ឆ្នាំ​ក្រោយ ៕