បិទ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​1

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​១ មានឈ្មោះ​ថា GLF OPEN 2015 ដែល​បាន​ធ្វើ​ឡើង​លើ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​មកនេះ ។

ការ​ប្រកួត​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២២ វិច្ឆិកា និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​វិច្ឆិកា​កន្លង​មកនេះ ។ ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ដំបូង​មាន​កីឡាករ​មក​ពី​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ចូលរួម ដូច​ជា​កម្ពុជា ម៉ា​ឡេ​ស៊ី ចិន តៃវ៉ាន់​កូរ៉េ វៀតណាម ជប៉ុន អ៊ូ​ស​បេ​គី​ស្ថាន ហ្វ៊ី​លី​ពី​ន​និង​នូ​វែ​ល​សេ​ឡង់ ។ ជា​អកុសល ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក កីឡាករ​កម្ពុជា​បាន​ចាញ់​តាំងពី​នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង​មក​ម៉្លេះ ។

ទោះជា​យ៉ាងណា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត បាន​មាន​ប្រសាសន៍​ថា ថ្វី​ដ្បិតតែ​កម្ពុជា​យើង​មិន​បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មែន ប៉ុន្តែ​អាច​ចាត់​ទុក​ថា នេះ​ជា​បទ​ពិសោធន៍​មួយទៀត សម្រាប់​កីឡាករ​កម្ពុជា ។ លោក​ថា ព្រឹត្តិការណ៍​នេះ​កីឡាករ​បរទេស​សុទ្ធសឹងតែ​ជាអ្នកមាន​ជំនាញ​ខ្ពស់ ដូច្នេះ​ការ​ឈាន​ទៅ​ដណ្ដើម​ជ័យ​លា​ភី​លើក​នេះ​គឺជា​រឿង​មួយ​ដែល​ពិបាក​បំផុត ។ ជាក់ស្ដែង​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​នៅ​ក្នុង​ពេល​នេះ យើង​សង្កេត​ឃើញ​ថា ពួក​គេ​ពិតជា​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​មែន ។

ជា​លទ្ធផល ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ ITF Futures2015 ដំណាក់កាល​ទី​១​នេះ វិញ្ញាសា​វាយ​ទោល​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​កីឡាករ​កូរ៉េ KWON Soon Woo ដែល​បាន​យកឈ្នះ​កីឡាករ​កូរ៉េ​ដូច​គ្នា​ឈ្មោះ​Son.JiHoon ២​សិត​ទល់​នឹង​០ ។ ដោយឡែក សម្រាប់​វិញ្ញាសា​វាយ​គូ​វិញ​នោះ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាករ​មក​ពី​ចិនតៃវ៉ាន់​ឈ្មោះ LEE Kwan Yi និង LIU Shao-Fan បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​កូរ៉េ KWON Soon និង Son Ji Hoon ២​សិត​ទល់​នឹង​០ ៕