រថ​យន្ត​ក្រុងក្រុម​ហ៊ុន​ភ្នំពេញសូរិយាបើក​បុក​ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ក្រោយ​ស្លាប់​២នាក់​ម្តាយ​ និងកូន​​ប្រុស​អាយុ​២​ឆ្នាំ

ខេត្ត​កំពត​ ៖ ស្ត្រី​ម្នាក់ និង​កូន​ប្រុស​អាយុ​២​ឆ្នាំ​ត្រូវ​រថ​យន្ត​ក្រុង​ក្រុម​ហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B៨២៥៤ ​​បើក​បុក​​ពី​ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ូតូ​ និង​កិន​បណ្តាល​ឱ្យ​ស្លាប់​ទាំង​២នាក់ភ្លាមៗនៅ​នឹង​កន្លែង​ ចំណែក​អ្នក​បើក​ម៉ូតូ និង​​​ក្មេងស្រី​ម្នាក់​ទៀតអាយុ​៣​ឆ្នាំ​​រងរបួស​ស្រាល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ត្រង់​ចំណុច​លើ​ស្ពាន​បេតុង​មុខ​ផ្លូវ​ចូល​ទៅ​វត្ត​សំរោង​ ស្ថិត​ក្នុង​ភូមិ​ប្រផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​ ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរ​បាល​ចរាចរណ៍​ស្រុក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ក្រុង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ចិន​ ពណ៌​ក្រហម​ជិះ​គ្នា​៤​នាក់​ ជិះ​ឡើង​ពី​ផ្លូវ​​វត្ត​សំរោង​ពី​លិច​ទៅ​កើត​ គឺ​ឡើង​ផ្លូវ​ជាតិ​បត់​ទៅ​ជើង​ចូល​ទៅ​ខាង​ស្តាំ​ដៃ​ក៏​ត្រូវ​រថយន្ត​មក​ដល់​បុក​ចំ​ពី​ក្រោយ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ណែន ម៉ែន អាយុ​២៣​ឆ្នាំ និង​កូន​ប្រុស​ម្នាក់​ឈ្មោះ​ហ៊ត តុង​តុង អាយុ​២​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង រី​ង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះលី ស៊ា អាយុ​៣​ឆ្នាំ និង​អ្នក​បើក​ម៉ូតូ​ឈ្មោះ​គិន ចើន អាយុ​៣៧​ឆ្នាំ រង​របួស​ស្រាល ។

លោក​មិន ញ៉េប ប្រធាន​ផ្នែក​នគរ​បាល​ចរាចរណ៍​ស្រុក​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​ជិះ​ឡើង​មក​កាត់​ផ្លូវ​ធំ​មិន​បាន​ប្រុង​ប្រយ័ត្ន​ រី​ឯ​រថ​យន្ត​ក៏​បើក​លឿន។ បន្ទាប់ពី​កើតហេតុ​រួច​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​៕