​​ឪពុក​​​បង្កើត​កូន​ក្រមុំ​​​ត្រូវ​ខ្សែភ្លើង​​ឆក់​ស្លាប់​ក្នុង​​ថ្ងៃមង្គល​ការ​​

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ពិធី​មង្គលការ​​​​​កូន​កំលោះ​កូនក្រមុំ​មួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​យ៉ាង​សប្បាយ​រីករាយ ​ព្រម​ទាំង​មាន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​​មក​​ចូលរួម​​​ជូន​ពរ​ជ័យ​យ៉ាង​ច្រើន​កុះករ ​​​ខណៈ​​នោះ​​​គ្រោះ​អកុសល​ក៏​​​មក​ដល់​ដែរ​ ដោយ​ឪពុក​​​​បង្កើត​របស់​​​កូន​ក្រមុំ​​ ​ត្រូវ​​ខ្សែភ្លើង​ឆក់​ស្លាប់​ ​ចំណែក​ម្តាយ​ស្ទុះ​ទៅ​ជួយ​​ក៏​ត្រូវ​​​ខ្សែភ្លើង​ឆក់​រង​របួស​ធ្ងន់​ធ្ងរ​ដែរ​​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញរោងការ​ និង​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​​ភ្លាមៗកាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​យប់ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ក្នុងភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ​។

លោក​វរ​សេនី​យ៏​ទោ លឿង រ​ដ្ឋា ​​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ​បាន​ឲ្យ​ដឹង​ថា នៅ​​ផ្ទះរប​ស់ឈ្មោះ គិ​ន ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ឃុំ​​កើត​ហេតុ​ខាងលើ​មាន​រៀបចំ​ពិធី​មង្គលការកូន​​ ​​នៅ​ពេល​ល្ងាច​មានទទួលភ្ញៀវ​ញាតិមិត្ត​ជិត​ឆ្ងាយ​ចូលរួម​ពិសា​ភោជនាហារ​យ៉ាង​ច្រើន​កុះករ ​ព្រម​ទាំង​មាន​​ការ​​រាំធុង​បាស់​​លេង​កម្សាន្ត​​សប្បាយ​ផង​ដែរ ​​​​រហូត​ដល់​ម៉ោង​កើត​ហេតុ ស្រាប់​តែ​បុរស​ចំណាស់ ​ឈ្មោះ ប្រាក់ សុខ​ឃឿ​ន អាយុ​​៦០​ឆ្នាំ ត្រូវជា​ឪពុក​បង្កើ​តរបស់​​កូនក្រមុំ​ ដើរ​ចុះពីលើផ្ទះ​តាម​ជ​ណើ្ត​រ​​ខាង​មុខ​ ​ដោយ​​​​យកដៃ​កាន់​បង្គោល​រោង​ដែក​ទីប​​ក៏​បណ្តាល​ឲ្យ​ឆក់​ជាប់​នឹង​បង្គោល​​​នោះ​តែ​ម្តង ។ ឃើញ​បែប​នេះ​ អ្នក​នៅ​ក្បែរ​ក៏​​ស្ទុះ​ទៅ​ជួយ​ទាញ​ឆក់​ទាំង​អ្នក​ជួយ​ ​បន្ទាប់​មក​​ម្តាយ​​បង្កើត​កូន​ក្រមុំ​​ឈ្មោះ លីវ វុ​ទ្ធី អាយុ​៥៨​ឆ្នាំ ស្ទុះ​មក​ជួយ​ក៏​ត្រូវ​​ចរន្ត​អគ្គិ​ស​នី​ឆក់​​រង​របួស​ធ្ងន់​ ​​​ក៏​ប្រញាប់​ដឹក​ទៅ​​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូរ​រាំង​ឪទាន់​ពេលវេលា​​ ​ចំណែក​​ឪពុក​ក៏​បាន​ស្លាប់​​​គួរ​ឱ្យ​សង្វេគ​​​ក្រៃលែង ។​

​លោក​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ​បាន​បញ្ជាក់​ថា រហូត​មកដល់​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​នេះ ​ម្ចាស់​ដើមការ​បាន​រៀបចំ​​ធ្វើ​បុណ្យសព​ឪពុក​ក្រោម​​សម្រែក​​​​យំ​សោក​ស្តាយ​ពី​​ក្រុម​គ្រួសារ​​​គ្រប់​ៗ​គ្នា​ ​៕                                                                                                         ​