អា​ហ្ស​ង់​ទី​ន​រឹបអូស​បំណែក​អាចម៍ផ្កាយ​ទម្ងន់​2,5​តោន​លួច​នាំ​ចេញ​ទៅ​អឺរ៉ុប

ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប៉ូលិស​អា​ហ្ស​ង់​ទី​ន អាច​រឹបអូស​បំណែក​អាចម៍ផ្កាយ​មាន​ទម្ងន់​២,៥​តោន ពី​ផ្ទះ​មួយ​នៅ​ខេត្ត​សាន​ត្យា​ហ្គោ ដេ​ល​អេស​ស្តេ​រ៉ូ ប្រទេស​អា​ហ្ស​ង់​ទី​ន​។ របាយការណ៍​បញ្ជាក់​ថា បំណែក​អាចម៍ផ្កាយ​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​អឺរ៉ុប ព្រោះ​បំណែក​ទាំងនេះ​មាន​លក្ខណៈ​ជា​ថ្ម ឬ​រ៉ែ​លោហៈ អាច​លក់​បាន​ដល់​ទៅ​៥.០០០​ដុល្លារ ក្នុង​ទម្ងន់​២០​គីឡូក្រាម តាម​ការ​គូសបញ្ជាក់​ពី​ក្រុម​ជំនាញ ខណៈ​ពេល​ការ​ទិញ​លក់​អាចម៍ផ្កាយ​តាម​ច្បាប់​របស់​អា​ហ្ស​ង់​ទី​ន គឺជា​រឿង​ខុសច្បាប់ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ដែល​ប៉ូលិស​ចូល​ឆែកឆេរ មានមុខរ​បរជា​អ្នកលក់​គ្រឿងសង្ហារិម ប៉ុន្តែ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ពី​ចូល​ទៅ​ឆែកឆេរ​ឬ​ក៏​អត់​នោះ​ទេ ។

តាម AFP ថា ផ្ទះ​ខាងលើ​នៅ​ក្បែរ​ក្រុង Campo    del   Cilo ខេត្ត Chaco និង​មាន​ភ្លៀង​អាចម៍ផ្កាយ​កាលពី​៤.០០០​ឆ្នាំ​មុន ។ គួរ​បញ្ជាក់​ថា ក្រៅពី​អា​ហ្ស​ង់​ទី​ន​ជាទី​តាំង​នៃ​ការ​ធ្លាក់​អាចម៍ផ្កាយ​នោះ ក៏​នៅ​មាន​រណ្តៅ​អាចម៍ផ្កាយ​ធំ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ ។  តាម​របាយការណ៍​របស់ Geomorphology កាលពី​ខែកញ្ញា ឆ្នាំ​២០០៩ បាន​ចុះ​ផ្សាយ​ពី​លទ្ធផល​អង្កេត​នៅ​លើ​ខ្ពង់រាប ប៉ា​តា​ហ្គោ​នី ភាគ​ខាងត្បូង​អា​មេ​រិ​ក​ខាងត្បូង ឃើញ​ថា​ជា​បរិវេណ​នៃ​រណ្តៅ​អាចម៍ផ្កាយ​ដ៏​ធំ​បំផុត​នៅ​លើ​សាកលលោក ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​អង្កេត និង​សិក្សា​ក្នុង​បរិវេណ​មួ​យ​ហៅ​ថា «​ទីលាន​រណ្តៅ​បា​ចា​ដា ដេ​ល ឌៀល​ឡូ » ឬ​គេ​ស្គាល់​ថា «​ទីទួល​បិសាច​» (Devil's  Slope) ជា​ផ្នែក​មួយ​នៅ​លើ​ខ្ពង់រាប ប៉ា​តា​ហ្គោ​នី ក្នុង​ខេត្ត Chubut ប្រទេស​អា​ហ្ស​ង់​ទី​ន ឃើញ​ថា បរិវេណ​ខាងលើ​សម្បូរ​ទៅ​ដោយ​រណ្តៅ​អាចម៍ផ្កាយ​ធំ​ៗ​ជាង​១០០​រណ្តៅ នៅ​លើ​ផ្ទៃដី​សរុប​ជាង​៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​កើតឡើង​ពី​ផ្កាយដុះកន្ទុយ ឬ​អាចម៍ផ្កាយ​បុក​ផែនដី ក្នុង​រយៈពេល​ប្រហែល​១៣០.០០០​ទៅ​៧៨០.០០០​ឆ្នាំ​មុន ។

អ្នកជំនាញ​ផ្នែក​តារាសាស្ត្រ បាន​បញ្ជាក់​ថា រណ្តៅ​អាចម៍ផ្កាយ​នីមួយ​ៗ​ដែល​ប្រទះ​ឃើញ​ខាងលើ មាន​អង្កត់ផ្ចិត​ចាប់ពី​១០០​ម៉ែត្រ​ទៅ​១៥០​ម៉ែត្រ និង​មាន​ជម្រៅ​ពី​៣០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ ចាត់​ទុក​ថា​ជាទី​វាល​នៃ​រណ្តៅ​អាចម៍ផ្កាយ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

កាលពី​ខែឧសភា​កន្លង​មក ប៉ូលិស​អា​ហ្ស​ង់​ទី​ន បាន​រឹបអូស​យក​បំណែក​ផ្កាយដុះកន្ទុយ​មាន​ទម្ងន់​១,៥​តោន តាម​រយៈ​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ខេត្ត Chaco ៕