ហ្វ៊ី​លី​ពី​ន​ទទួល​យន្ដហោះ​ចម្បាំង​ពី​កូរ៉េ​ខាងត្បូង

ប្រភព​ព័ត៌មាន​ពី​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វ៊ី​លី​ពី​ន ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឱ្យ​ដឹង​ថា ហ្វ៊ី​លី​ពី​ន បាន​ទទួល​យន្ដហោះ​ប្រដេញ​ចំនួន​២​គ្រឿង ប្រភេទ FA-50 ពី​សាធារណរដ្ឋ​កូរ៉េ និង​ជា​លើក​ដំបូង​ក្នុង​ចំណោម​១២​គ្រឿង ។ នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​សក្ដានុពល​ផ្នែក​កងទ័ព​របស់​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន ក្រោម​ស្ថានភាព​ដ៏​តានតឹង​ជាមួយ​ប្រទេស​ចិន ក្នុង​ករណី​ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

យន្ដហោះ​ប្រដេញ​ប្រភេទ FA-50 ចំនួន​២​គ្រឿង​នេះ បាន​ចាកចេញ​ដោយ​មាន​អាកាសយានិក​សាធារណរដ្ឋ​កូរ៉េ​បើកបរ​ចូល​ដែនអាកាស​របស់​ហ្វ៊ី​លី​ពី​ន និង​យន្ដហោះ​ប្រដេញ S211 ចំនួន​២​គ្រឿង របស់​កងទ័ពអាកាស​ហ្វ៊ី​លី​ពី​ន​ឡើង​អម​ធ្វើការ​ចុះ​ចត​នៅ «​ក្លា​ករី​ដ​ត​» អតីត​មូលដ្ឋាន​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក នៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ា​និល ។

កងទ័ព​ហ្វ៊ី​លី​ពី​ន បាន​បញ្ជា​ទិញ​យន្ដហោះ​ប្រដេញ​ប្រភេទ FA-50 សរុប​១២​គ្រឿ​ង​ពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ហ្វឹកហាត់ និង​ប្រតិបត្តិការ​ផ្នែក​យោធា ព្រោះ​ជា​យន្ដហោះ​ដែល​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ និង​មាន​តម្លៃ​សរុប​៤០២​លាន​ដុល្លារ ។ យន្ដហោះ​ដែល​នៅ​សល់​ចំនួន​១០​គ្រឿង​ទៀត នឹង​កំណត់​ប្រគល់​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ចំពោះ​អាវុធ​ដែល​ប្រើ​លើ​យន្ដហោះ​ស៊េរី​នេះ​រួម​មាន គ្រាប់បែក និង​កាំជ្រួច ៕