បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​រក​ឃើញ​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​អស់ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ប្រចាំឆ្នាំ​២០១៥ វគ្គ​ជម្រុះ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​សិប្បនិមិត្ត​ទួល​គោក បាន​ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា កន្លង​មកនេះ ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​«​ច​» កាលពី​ថ្ងៃ​សុក្រ​ទី​២៧ វិច្ឆិកា ក្រុម​ក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ បាន​យកឈ្នះ​ក្រុម​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ៦-២ ។ មួយ​ប្រកួត​ទៀត ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា ឈ្នះ​ក្រុម​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ៤-១ ។ ចំណែក​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ វិច្ឆិកា ក្រុម​អាជ្ញាធរ​សវន​កម្ម​ជាតិ ឈ្នះ​ក្រុម​ក្រសួងបរិស្ថាន​៤-៣ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួងសុខាភិបាល​ឈ្នះ​ក្រុម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ៥-១ ។

ដោយឡែក​សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ទី​២៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​តាម​ពូ​ល ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឈ្នះ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៣-០ ។ ដូច្នេះ​ពេល​នេះ​គេ​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​១២​ក្រុម​ចុង​ក្រោយ​ជា​បន្ត​ទៀត​ហើយ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ចន្ទ ទី​៣០ វិច្ឆិកា ដល់​ថ្ងៃ​សៅរ៍ ទី​៥ ធ្នូ​។ នៅ​ថ្ងៃ​ចន្ទ​មាន​២​ប្រកួត​គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម​ក្រសួងសុខាភិបាល លេខ​១​ពូ​ល​«​ក​» ប្រកួត​ជាមួយ​ក្រុម​ក្រសួងទេសចរណ៍ លេខ​២​ពូ​ល«​ខ​» ។ មួយ​ប្រកួត​ទៀត ក្រុម​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា លេខ​១​ពូ​ល​«​ខ​» ប្រកួត​ជាមួយ​ក្រុម​ក្រសួងបរិស្ថាន លេខ​២​ពូ​ល​«​ក​» ។

នៅ​ថៃ្ង​សុក្រ ទី​៤ ធ្នូ ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម លេខ​១​ពូ​ល​«​គ​» ប្រកួត​ជាមួយ​ក្រុម​ក្រសួងពាណិជ្ជកម្ម លេខ​២​ពូ​ល​«​ឃ​» និង​មួ​ួ​យ​ប្រកួត​ទៀត​ក្រុម​សាលា​រាជធានី​ភ្នំពេញ លេខ​១​ពូ​ល​«​ឃ​» ប្រកួត​ជាមួយ​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា លេខ​២​ពូ​ល​«​គ​» ។ នៅ​ថ្ងៃ​សៅរ៍ ទី​៥ ធ្នូ ក្រុម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លេខ​១​ពូ​ល​«​ង​» ប្រកួត​ជាមួយ​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លេខ​២​ពូ​ល​«​ច​» និង​មួយ​ប្រកួត​ទៀត​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា​លេខ​១​ពូ​ល​«​ច​» ប្រកួត​ជាមួយ​ក្រុម​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លេខ​២​ពូ​ល​«​ង​» ៕