របាយការណ៍​អឺរ៉ុប៖ ពលករ​កម្ពុជា​ក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់​មាន់​ត្រូវ​ថៅកែ​ថៃ​រំលោភ​បំពាន

បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ក្នុង​ឧស្សាហកម្ម​នេសាទ​សមុទ្រ​របស់​ថៃ ថ្មីៗ​នេះ អង្គការ​របស់​អឺរ៉ុប ចំនួន​ពីរ បាន​រក​ឃើញ​ថា ឧស្សាហកម្ម​កែច្នៃ​សាច់​មាន់​របស់​ថៃ ក៏​បាន​រំលោភ​បំពាន​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​ផង​ដែរ។

ការ​សិក្សា​របស់​អង្គការ​នេះ បាន​រក​ឃើញ​ថា ពលករ​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​ជួប​ការ​លំបាក និង​ត្រូវ​ថៅកែ​គាប​សង្កត់។ មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិ​ការងារ​របស់​កម្ពុជា យល់​ស្រប​ទៅ​នឹង​ការ​រក​ឃើញ​នេះ ហើយ​ស្នើ​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ឲ្យ​សកម្ម​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ពលករ​ដែល​ងាយ​រងគ្រោះ។ អ្នក​នាំ​ពាក្យ​ក្រសួង​រដ្ឋាភិបាល អះអាង​ថា រដ្ឋាភិបាល​ថៃ និង​កម្ពុជា នឹង​សហប្រតិបត្តិការ​លើស​មុន​ទ្វេ​ដង ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​មក​លើ​ពលករ​ខ្មែរ។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ស្ថាប័ន​អឺរ៉ុប ចំនួន​ពីរ គឺ ស្វេដវ៉្ឆច (Swedwatch) និង​ហ្វិនវ៉្ឆច (Finnwatch) បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់​មាន់​របស់​ថៃ រង​ការ​ធ្វើ​បាប និង​រំលោភ​បំពាន​ពី​ថៅកែ។

ការ​សិក្សា​នេះ មាន​ចំណង​ជើង​ថា «អង្គប់​នៅ​ក្នុង​ផ្ទះ​បាយ​ពិភពលោក (Trapped in the Kitchen of the World)» ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ការ​សិក្សា​នេះ ក៏​ឲ្យ​ដឹង​ដែរ​ថា ផលិតផល​សាច់​មាន់​ជា​ប្រភេទ​ទំនិញ​សំខាន់​មួយ​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប។ សាច់​មាន់ នឹង​ក្លាយ​ជា​ប្រភេទ​សាច់​ដែល​ពេញ​និយម​បំផុត​ជំនួស​សាច់​ជ្រូក ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ។ ការ​សិក្សា​នេះ អះអាង​ថា ការ​កើន​ឡើង​នៃ​ការ​និយម​បរិភោគ​សាច់​មាន់​នេះ អំណោយ​ផល​ខ្លាំង​ដល់​អ្នក​ផ្គត់ផ្គង់​សាច់​មាន់។

កាល​ពី​ឆ្នាំ​២០១៤ ប្រទេស​ថៃ បាន​នាំ​ផលិតផល​សាច់​មាន់​កែច្នៃ​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប ចំនួន ២៧​ម៉ឺន​តោន។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កម្មករ​នៅ​ក្នុង​រោងចក្រ​កែច្នៃ​សាច់​មាន់​របស់​ថៃ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា នោះ ត្រូវ​បាន​មេ​ខ្យល់ និង​ថៅកែ​រំលោភ​បំពាន​សិទ្ធិ ដោយ​ដក​យក​លិខិត​ឆ្លង​ដែន និង​ទារ​ថ្លៃ​សេវា​ចូល​ធ្វើ​ការ​ថ្លៃ​ខ្ពស់។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ឯកភាព​នឹង​ការ​រក​ឃើញ​នេះ។ លោក​ថ្លែង​ថា ការ​រំលោភ​លើ​សិទ្ធិ​ការងារ តែង​កើត​មាន​ឡើង​ចំពោះ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៖ «អ្វី​ដែល​គេ​រក​ឃើញ​ថា ថៅកែ​ថៃ ដក​ប៉ាសស្ព័រ (Passport = លិខិត​ឆ្លង​ដែន) ពលករ​ទុក​ហ្នឹង វា​ពិត ៩៩,៩៩​ភាគរយ​ហើយ។ វា​ជា​រឿង​មួយ​ត្រឹមត្រូវ ដែល​យើង​រក​ឃើញ​ថា កើត​មាន​អ៊ីចឹង​មែន ហើយ​មិន​មែន​កើត​ឡើង​តែ​ក្នុង​វិស័យ​កែច្នៃ (សាច់​មាន់) ទេ តែ​ឲ្យ​តែ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​ជួប​នឹង​បញ្ហា​ហ្នឹង​ទាំងអស់។ ហេតុ​អី​ក៏​គេ​លើក​យក​បញ្ហា​ហ្នឹង​ឡើង? រឿង​ដក​ប៉ាសស្ព័រ​ទុក? ពីព្រោះ​កាល​ណា​គេ​ដក​ប៉ាសស្ព័រ​ទុក វា​ដូចជា​ដក​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ចឹង ពីព្រោះ​កាល​ណា​យើង​គ្មាន​ប៉ាសស្ព័រ ពលករ​អាច​ប្រឈម​នឹង​ការ​ចាប់​ពី​តម្រួត​ថៃ»

ការ​សិក្សា​នេះ បាន​ជួប​សម្ភាស​ពលករ​ចំណាក​ស្រុក​ចំនួន ៩៨​នាក់ ដែល​ក្នុង​នោះ ២០​នាក់​ជា​ពលករ​កម្ពុជា។ លទ្ធផល​បាន​បង្ហាញ​ថា ថៅកែ​បាន​ដក​យក​កិច្ចសន្យា​ការងារ​ពី​និយោជិក ព្រម​ទាំង​បាន​ស្ដី​បន្ទោស និង​គាប​សង្កត់​ពលករ​ចំណាក​ស្រុក។ បន្ថែម​ពី​លើ​នេះ នៅ​ពេល​ដែល​ពលករ​ដើរ​ទៅ​បត់​ដៃ​បត់​ជើង (ចូល​បន្ទប់​ទឹក) ក៏​ក្រុមហ៊ុន​ទៅ​តាម​ដាន​ឃ្លាំ​មើល​ផង​ដែរ។ ការ​សិក្សា​នេះ​បង្ហាញ​ទៀត​ថា ស្ថានភាព​ទាំង​នេះ ធ្វើ​ឲ្យ​ពលករ​ចំណាក​ស្រុក​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ហើយ​បើ​តាម​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ទង្វើ​ទាំង​ប៉ុន្មាន​ខាង​ដើម ជា​ការ​រំលោភ​បំពាន​ច្បាប់​ការងារ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា បាន​ដឹង​ពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​ពលករ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់​មាន់​របស់​ថៃ នេះ៖ «ជាទូទៅ​យើង​ជឿ​ថា អាច​នឹង​មាន​ករណី​បែប​នេះ​មួយ​ចំនួន​កើត​ឡើង មិន​ថា​នៅ​ទីណា ប្រទេស​ណា​ទេ? ការ​រំលោភ​បំពាន​មួយ​ចំនួន។ តែ​អ្វី​ដែល​សំខាន់​នោះ យើង​មិន​ព្រងើយ​កន្តើយ​នៅ​លើ​ករណី​បំពាន​កើត​ឡើង​នោះ​ទេ។ ប្រសិន​ជា​មាន យើង​អន្តរាគមន៍»

ការ​សិក្សា​នេះ ក៏​រំលេច​ឲ្យ​ដឹង​ថា អ្នក​មើល​ការ​ខុស​ត្រូវ​ពលករ តែង​បិទ​បាំង​ទង្វើ​ដែល​ពួក​គេ​បាន​រំលោភ​បំពាន​ទៅ​លើ​ពលករ នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​ត្រួត​ពិនិត្យ។ ជាក់ស្ដែង ភាគី​ខាង​ក្រុមហ៊ុន តែង​បន្ថយ​កម្រិត​ការងារ និយាយ​ពាក្យ​សម្ដី​ពីរោះៗ​ដាក់​ពលករ ដើម្បី​បង្ហាញ​ថា ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់ និង​គោរព​ច្បាប់​ការងារ។

លោក មឿន តុលា ក៏​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ភាគី​ថៃ បាន​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ការងារ​នៅ​រោងចក្រ​ផ្ទាល់​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ ប្រហែល​ជា​មិន​មាន​យន្តការ​តាម​ដាន​ច្បាស់លាស់​ក្នុង​ពេល​អនុវត្ត​ការងារ។ លោក​បន្ថែម​ថា មិន​មែន​តែ​ប្រទេស​ថៃ នោះ​ទេ ករណី​បែប​នេះ​ក៏​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ៖ «យន្តការ​នៃ​ការ​តាម​ដាន​ហ្នឹង​មាន​ន័យ​ថា ក្រសួង​លោក​ដឹង​ហើយ​ថា មាន​ក្រុមហ៊ុន​បញ្ជូន​ពលករ​ហ្នឹង តើ​គាត់​បញ្ជូន​ពលករ​ទៅ​ខេត្ត​ណា​ខ្លះ (នៃ​ប្រទេស​ថៃ) ហើយ​នៅ​ក្នុង​វិស័យ​អី​ខ្លះ? ចឹង ក្រសួង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ហ្នឹង បញ្ជូន​របាយការណ៍​ច្បាស់លាស់ ដើម្បី​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ណា​ខ្លះ? នៅ​រោងចក្រ​អី​ខ្លះ? មាន​ប៉ុន្មាន​នាក់? បន្ទាប់​មក បន្ទាប់​ពី​បាន​របាយការណ៍​ហ្នឹង ក្រសួង​ត្រូវ​ចុះ​តាម​ដាន​ត្រួត​ពិនិត្យ​មើល។ គេ​ហៅ​ថា យន្តការ​នៃ​ការ​តាម​ដាន (Monitor Mechanism)។ ថា​តើ​ពលករ​ខ្មែរ​ត្រូវ​បាន​គេ​គោរព​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​នោះ​អត់? តែ​តាម​ពេល​កន្លង​មក យើង​អត់​បាន​ធ្វើ​រឿង​ហ្នឹង»

យ៉ាង​ណា​ក៏ដោយ លោក ហេង សួរ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា បាន​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដីពី​ពលករ​ចំណាក​ស្រុក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា ភាគី​ទាំង​ពីរ​នឹង​កែ​សម្រួល​លើ​អនុស្សរណៈ​យោគយល់​គ្នា នៅ​ថ្ងៃ​ទី​១៨ ធ្នូ ខាង​មុខ ដោយ​ស្នើ​ឲ្យ​ភាគី​ថៃ ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដីពី​ទីតាំង កាលបរិច្ឆេទ និង​រយៈពេល​នៃ​ការ​ធ្វើ​ការងារ​របស់​ពលករ​កម្ពុជា បន្ថែម​ទៀត៖ «ហើយ​តាម​រយៈ​ការ​ទំនាក់ទំនង​នេះ​ហើយ បាន​ប្រទេស​អនុញ្ញាត​ឲ្យ​មាន​យន្តការ​កំណត់​សញ្ញាណ​នៃ​ពលករ​បរទេស​នៅ​ក្នុង​ប្រទេស​គាត់។ នៅ​ក្នុង​នោះ មាន​កម្ពុជា មីយ៉ាន់ម៉ា ហើយ​និង​ឡាវ។ ហើយ​អ្នក​ដែល​បាន​ផ្ដល់​អត្តសញ្ញាណ​នេះ នឹង​ត្រូវ​បាន​ផ្ដល់​ភាព​ស្រប​ច្បាប់ ហើយ​ប្រសិន​បើ​មាន​ភាព​ស្រប​ច្បាប់ នឹង​មាន​ការ​ការពារ​ពេញ​លេញ​ពី​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ។ ដោយឡែក​ក្រៅ​ពី​យន្តការ​សម្រាប់​ការពារ​អ្នក​ធ្វើ​ការ​ស្រប​ច្បាប់​នេះ យើង​តែង​បើក​ចំហ​នូវ​ព័ត៌មាន​ទូទៅ ទទួល​យក​នូវ​ការ​ប្ដឹង​ពី​អាណាព្យាបាល​របស់​ពលករ​យើង​ផ្ទាល់ នៅ​ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​បំពាន​ពី​និយោជក​ថៃ ហ្នឹង»

លោក មឿន តុលា គាំទ្រ និង​អបអរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា នេះ។ ទោះ​ជា​បែប​នេះ​ក្ដី លោក​យល់​ថា កិច្ច​សហការ​នេះ​មិន​ទាន់​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់​ពលករ​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ នា​ពេល​កន្លង​មក មិន​សូវ​ជួយ​ពលករ​នៅ​ពេល​ពួក​គេ​សុំ​ជំនួយ​ពេល​មាន​អាសន្ន​បាន​ទាន់​ពេលវេលា​នោះ​ទេ។ លោក មឿន តុលា ស្នើ​ឲ្យ​ស្ថានទូត​កម្ពុជា ពង្រឹង​ល្បឿន​ការងារ​របស់​ខ្លួន ក្នុង​ការ​ជួយ​ដល់​ពលករ​ខ្មែរ៖ «ក្រសួង​ការ​បរទេស លោក​ក៏​ត្រូវ​ពិនិត្យ​មើល​តួនាទី​របស់​ស្ថានទូត​នៅ​ប្រទេស​ទទួល​ហ្នឹង​ដែរ ដូច​ប្រទេស​ថៃ ក៏ដោយ ប្រទេស​ម៉ាឡេ ក៏ដោយ។ ខ្ញុំ​យល់​ថា គួរ​ពិនិត្យ​មើល​តួនាទី កាតព្វកិច្ច​របស់​ពួក​គាត់​ហ្នឹង។ ធ្វើ​យ៉ាង​ណា ឲ្យ​ស្ថានទូត​ខ្មែរ​យើង​ហ្នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី ដែល​ជា​តម្រូវ​ការ​របស់​កម្មករ ព្រោះ​ជា​រឿយៗ យើង​តែង​ឮ​ការ​ត្អូញត្អែរ​ពី​ការ​ប្ដឹង​ផ្ដល់​របស់​ពលករ​ខ្មែរ​យើង​នៅ​ថៃ អត់​សូវ​បាន​ជួយ​បាន​ទាន់​ពេលវេលា»

នៅ​ចុង​បញ្ចប់​នៃ​របាយការណ៍​នេះ អ្នក​និពន្ធ​បាន​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន ដូចជា ឲ្យ​ប្រទេស​អ្នក​ទទួល​ផលិតផល​សាច់​មាន់​ពី​ប្រទេស​ថៃ ពិនិត្យ និង​តាម​ដាន​លើ​ការ​អនុវត្ត​សិទ្ធិ​ការងារ​របស់​ពលករ​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​បញ្ជា​ទិញ។ ការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ វា​ស្រដៀង​គ្នា​ទៅ​នឹង​រឿង​អាស្រូវ​ក្នុង​ឧស្សាហកម្ម​នេសាទ​សមុទ្រ​របស់​ថៃ ដែល​ផ្អើល​ខ្លាំងក្លា​ដល់​បណ្ដា​ប្រទេស​ដែល​ជា​អ្នក​បញ្ជា​ទិញ​ផលិតផល​អាហារ​ពី​ប្រទេស​ថៃ។

សហភាព​អឺរ៉ុប ធ្លាប់​ព្រមាន​កាល​ពី​ដើម​ឆ្នាំ​២០១៥ ថា នឹង​ឈប់​ទិញ​អាហារ​សមុទ្រ​របស់​ថៃ ប្រសិន​បើ​ថៃ មិន​អាច​ដោះស្រាយ និង​លុប​បំបាត់​អំពើ​ទាសភាព​នៅ​លើ​ទូក​នេសាទ​បាន​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។