វិធីសាស្ត្រ ៩ យ៉ាង ពង្រឹង​សុខភាព​ដោយ​មិនចាំបាច់​ហាត់ប្រាណ​

Sanofi

កត្តា​អាយុ​វែង និង សុខភាព​ល្អ រមែង​ចៀស​មិន​ផុតពី «​វេជ្ជបណ្ឌិត ថ្នាំពេទ្យ និង របប​អាហារ​» ចុះ​តើ​មាន​អ្វី​លើសពី​នេះដែរ​ទេ ? ពិតជា​មាន ព្រោះ​សុខភាព​ល្អ​ត្រូវ​ផ្សារភ្ជាប់​នឹង​ការរស់នៅ​ល្អ មានន័យថា ជំងឺ​មិនចាំបាច់​ត្រូវ​ព្យាបាល​គ្រប់មុខ​នោះទេ ព្រោះ​ការថែរក្សា​សុខភាព​ក៏​អាចធ្វើ​ទៅបាន​ដោយ​មិនបាច់​ប្រើ​ថ្នាំពេទ្យ និង លំ​ហាត់ប្រាណ​ជាប់លាប់​ពេក​ដែរ ។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការអនុវត្ត​វិធីសាស្ត្រ​ទាំង ៩ ខាងក្រោម​នឹង​ជួយ​ឱ្យ​សុខភាព​រាងកាយ និង ផ្លូវ​ចិត្តបាន​ប្រសើរឡើង ។​

១. សើច​ដោយ​ក្តី​រីករាយ​ពី​ក្នុង​ចិត្ត ៖ ការ​សើច​ក្អាកក្អាយ​ជា​រឿង​ងាយស្រួល​ក៏ពិតមែន ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។ ប្រសិនបើ​អ្នក​គ្រាន់តែ​រីករាយ​ក្នុង​ចិត្ត​ធម្មតាៗ តែ​មិន​ព្រម​សើច​ចេញមក​ទេ គឺជា​ការខាតបង់​មួយ ព្រោះ​នៅពេល​សើច សរសៃឈាម​រីក​ធំ ហើយ​សារធាតុ​អង់​ដូ​ហ្វី​ន​បញ្ចេញ​មកជា​ការឆ្លើយតប​នឹង​សកម្មភាព​សើច ក៏ដូចជា​ជំរុញ​ដល់​សុខភាព​សរសៃឈាម​ដែរ ។

២. សប្បាយ​តាម​វ័យ ៖ ពេលវេលា​កន្លង​ហួស​ទៅ​ក៏ពិតមែន តែ​ការប្រើប្រាស់​ជីវិត​ឱ្យ​រីករាយ​មិនទាន់​យឺត​ពេល​នោះទេ ដូចនេះ​គួរ​ស្វែងរក​ភាព​រីករាយ​ដាក់ខ្លួន កុំ​ខ្វល់​ពី​វ័យ​ច្រើនពេក ។ អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ការស្រមើស្រមៃ ការប្រើ​គំនិត​ច្នៃប្រឌិត តាមរយៈ​ការ​ច្រៀង លេង​ហ្គី​តារ ការសរសេរ ឬ ការ​គូររូប ជា​កត្តា​ធ្វើឱ្យ​ទឹកចិត្ត​រីករាយ ហើយ​ភាព​រីករាយ​នេះ​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ ។

៣. ចូលរួម​ជាមួយ​មិត្តភក្តិ ៖ ចំពោះ​អ្នក​ព្យាយាម​រិះរក​វិធី​ថែរក្សា​សុខភាព សូមកុំ​ភ្លេច​ធ្វើ​វា​ជា​ក្រុម ។ ការធ្វើការងារ​ជា​ក្រុម ហើយ​អាច​ចុះសម្រុង​ជាមួយគ្នា មាន​ភាព​រួសរាយ​រាក់ទាក់ និង ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក គឺជា​ការបង្ក​បរិយាកាស​មួយ​ធ្វើឱ្យ​មនុស្ស មាន​អាយុ​វែង ។ ដូចនេះ​គួរ​ជ្រើស​រើសយក​ការងារ​ណា​ដែល​អ្នក​ពេញ​ចិត្តនឹង​បរិយាកាស​ការងារ និងមិត្ត​រួមការ​ងារក៏ដូចជា​ថ្នាក់ដឹកនាំ។

៤. ម៉ាស្សា​៖ ការ​ម៉ាស្សា​ផ្តល់នូវ​គុណប្រយោជន៍​ដល់​រាងកាយ​ទាំងមូល​តែម្តង ។ ការព្យាបាល​ដោយ​ម៉ាស្សា ធ្វើឱ្យ​ចង្វាក់បេះដូង​ដើរ​យឺត និង កាត់បន្ថយ​សម្ពាធ​ឈាម និង អ័រម៉ូន ស្ត្រេ​ស ។ បញ្ហា​ស្ត្រេ​ស​នេះ ប្រៀបដូចជា​កត្តា​ប្រឆាំងនឹង​កោសិកា ធ្វើឱ្យ​វីរុស បាក់តេរី និង កោសិកា​មហារីក​អាច​ឆ្លៀតឱកាស​បាន​យ៉ាង​ងាយស្រួល ។ ជាការ​ល្អ គួរ​ម៉ាស្សា​ឱ្យបាន​ញឹកញាប់ ដើម្បី​ជា​កត្តា​អំណោយផល​ចំពោះ​រាងកាយ ផ្លូវចិត្ត ទំនាក់ទំនង និង សន្សំសំចៃ​ប្រាក់កាស​លើ​ការព្យាបាល​ជំងឺ​ផង ។

៥. ទទួលទាន​អាហារ​មាន​ជាតិ​ឃែ​រ៉ូ​ទីន ៖ មាន​ក្នុង បន្លែ​ផ្លែឈើ​ស្រស់ ដូចជា ស្ពៃខៀវ ស្ពៃក្តោប ប្រ៊ូ​ក​ខូ​លី ប៉េងប៉ោះ ម្ទេស​ហា​វ៉ៃ ឬ ផ្លែ​សារី ដែល​សុទ្ធសឹង​ជំនួយ​ដល់​ស្បែក ធ្វើឱ្យ​ស្បែក​រលោង មាន​សំណើម និង មាន​អារម្មណ៍​ស្រស់ថ្លា ។ មិនចាំបាច់​ឆ្ងល់​នោះ ទេ ហេតុអ្វី​បានជា​ពេល​មាន​អារម្មណ៍ល្អ អ្នក​ក៏​ហាក់ដូចជា​ស្អាត​ខុសធម្មតា​ដែរនោះ ។​

៦. ជជែក​លេង​ជាមួយ​អ្នកជិតខាង ៖ មនុស្ស​មាន សុខភាព​ល្អ​ក៏​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សង្គម និង សហគមន៍​ដែរ ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​ដែល​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អ្នកជិតខាង​ច្រើន មាន​សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត​ល្អ​ជាង​អ្នករស់នៅ​ដាច់ដោយឡែក ។​

៧. គេង​ឱ្យបាន​ច្រើន ៖ ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ ធ្វើឱ្យមាន​អារម្មណ៍​ឃ្លាន និង ចង់​ទទួលទាន​អាហារ​ការ​បូ​អ៊ី​ដ្រា​ត និង ផ្អែម​ច្រើន ។ ផ្ទុយទៅវិញ​បើ​អ្នក​ទទួលទានដំណេក​គ្រប់គ្រាន់ ឬ ស្កប់ស្កល់ មិនសូវ​ឃ្លាន​ទេ ហើយ​អាច​គ្រប់គ្រង ចំណង់​អាហារ​របស់ខ្លួន​បាន​ទៀតផង ។

៨. ខាត់​ស្បែ​កដោយ​មិន​ប្រើ​ជាតិពុល ៖ ការប្រើប្រាស់​ផលិតផល​ធ្វើឱ្យ​ស គួរ​កែ​ប្រែជា​វិធី​ធម្មជាតិ ដូចជា ទឹកខ្មេះ ទឹកក្រូច​ឆ្មារ និង ប៊េ​ក​ឃី​ង សូ​ដា វិញ ណាមួយ​ប្រសិទ្ធភាព​ក៏​មិន​ខុសគ្នា​ដែរ ។ ទាំងនេះ​សុទ្ធតែ​អាច​កម្ចាត់​បាក់តេរី ពពួក​ផ្សិត និង មេរោគ​បាន​មិន​ចាញ់​ផលិតផល​គីមី​នោះទេ ។

៩. មាន​ក្តីសង្ឃឹម​ក្នុង​ចិត្ត ៖ ការប្រើប្រាស់​ថ្នាំ​រម្ងាប់​អារម្មណ៍ និង បំបាត់​ភាព​តានតឹង ប្រាកដជា​ប៉ះពាល់​ដល់​សុខភាព ។ ជាការ​ល្អ​គួរ​ហាត់​ចិត្ត​ឱ្យ​ស្ងប់ សុទិដ្ឋិនិយម​ចំពោះ​ជិវិត និង មាន​ក្តីសង្ឃឹម​ឱ្យបាន​ច្រើន ដើម្បី​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​ផ្លូវចិត្ត​របស់ខ្លួន​ឯង​វិញ​ល្អ​ជាង ។ ក្តីសង្ឃឹម​មិនមែនជា​ការរំពឹង​ឱ្យបាន​ដូច​ចិត្ត​មួយរយ​ភាគរយ​នោះទេ តែ​ជាការ​ជឿជាក់ថា​លទ្ធផល​បានទទួល​មាន​ភាពសមរម្យ ទោះជា​ខុស​ការរំពឹងទុក​ក៏ដោយ ៕លក្ខិណា

 

Related