រុ​ស្ស៊ី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​តួ​ក​គី​សងសឹក​ការ​បាញ់​យន្ដហោះ​ចម្បាំង​នៅ​ព្រំដែន​ស៊ី​រី

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា វិមាន​ក្រឹម​ឡាំុង​បាន​បង្ហើប​ឱ្យ​ដឹង​ពី​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​រុ​ស្ស៊ី ពូ​ទី​ន ស្ដី​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​តួ​ក​គី ចំពោះ​ករណី​បាញ់​យន្ដហោះ​ចម្បាំង​ធ្លាក់​នៅ​បរិវេណ​ព្រំដែន​ប្រទេស​សី​ុ​រី កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កន្លង​ទៅ ។

កាលពីមុន​នេះ លោក​ប្រធានាធិបតី​តួ​ក​គី រ៉េ​សេ​ប​ថេ​យិ​ប អ័​រ​ដូ​ហ្គា​ន ថ្លែង​ថា លោក​មានការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​របស់​រុ​ស្ស៊ីនៅ​បរិវេណ​ព្រំដែន​ស៊ី​រី ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ​សង្ឃឹមថានឹង​មិនកើត​មាន​ហេតុការណ៍​បែប​នេះ​ទៀត​ឡើយ ។ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​លើ​ប្រទេស​តួ​ក​គី នឹង​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ ។

វិមាន​ក្រឹម​ឡាំង បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​កំណត់​ឈ្មោះ​ទំនិញ និង​សេវាកម្ម​ដែល​មិន​ពាក់ព័ន្ធ​លើ​ការ​ដាក់​ទណ្ឌកម្ម ។ ក្រៅពី​នេះ ក្រុមហ៊ុន​ទេសចរណ៍​របស់​រុ​ស្ស៊ី ក៏​ស្នើ​ឱ្យ​មានការ​រឹត​បន្តឹង​ផ្នែក​ទេសចរណ៍​រវាង​តួ​ក​គី និង​រុ​ស្ស៊ី​ដែរ ដើម្បី​សុវត្ថិភាព ។

នៅ​ក្នុង​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី បាន​បញ្ចា​ក់ថា ជនជាតិ​តួ​ក​គី​ត្រូវ​សុំ​ទិដ្ឋាការ ប្រសិនបើ​ចង់​ធ្វើ​ដំណើរ​ចូល​ប្រទេស​រុ​ស្ស៊ី ខណៈ​ពេល​មន្ដ្រីជាន់ខ្ពស់​របស់​តួ​ក​គី​បង្ហើប​ឱ្យ​ដឹង​ថា ការ​ដែល​រុ​ស្ស៊ី​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​តួ​ក​គី មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២​ប៉ុ​ណ្នោះ​ទេ ប៉ុន្ដែ​ក៏​ធ្វើ​ឱ្យ​មានការ​ប្រេះឆា​យ៉ាង​ខ្លាំង​ផង​ដែរ ៕