រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​បដិសេធ​មិន​ទទួល​ជនភៀសខ្លួន​ស៊ី​រីជាង​1.000​នាក់ ចាប់តាំងពី​កើត​វិនាសកម្ម​នៅ​ក្រុងប៉ារីស

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថា លោក​ប៊ែ​រណា កា​ស៊័​រ​នើ​ហ្វ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង ថ្លែង​ថា អាជ្ញាធរ​បារាំង​បាន​បដិសេធ​ការ​សុំ​ចូល​ប្រទេស​របស់​ជនភៀសខ្លួន​ជាង​១.០០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ស៊ី​រី ចាប់តាំងពី​កើត​មាន​វិនាសកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា កន្លង​មក ។

លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង បាន​ថ្លែង​បែប​នេះ ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស្ត្រា​ស្បួ​រ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដោយ​បញ្ជាក់​ថា ការ​ដែល​បារាំង​បដិសេធ​មិន​ទទួល​ជនភៀសខ្លួន​ជាង​១.០០០​នាក់ គឺជា​ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ច្រកចេញ​ចូល​តាម​ព្រំដែន និង​ដើម្បី​ការពារ​សន្តិសុខ ។

ក្រៅពី​បដិសេធ​ទទួល​ជនភៀសខ្លួន​ខាងលើ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​បាន​បង្ហើប​ឱ្យ​ដឹង ថា ខាង​ក្រសួង​ក៏​បាន​បង្កើន​កម្លាំង​ប៉ូលិស និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន​សរុប​ជាង​១៥.០០០​នាក់ សម្រាប់​ការពារ​ព្រំដែន​នៅ​មុន​ពេល​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ឬ “LOP21” ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា  នៅ​ក្រុងប៉ារីស ដោយ​មាន​ប្រមុខ​របស់​រដ្ឋាភិបាល​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​ចូលរួម ។

ឥរិយាបថ​ចុង​ក្រោយ​របស់​បារាំង បាន​កើតឡើង​ក្រោយ​ពី​ក្រុងប៉ារីស​ត្រូវ​ប្រឈម​នឹង​ហេតុការណ៍​ភេរវកម្ម​យ៉ាងតិច​៦​កន្លែង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​ស្លាប់​១៣០​នាក់ និង​៣៥០​នាក់​រង​របួស ។ នេះ​គឺជា​ហេតុការណ៍​បង្ហូរឈាម​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​បារាំង ចាប់តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ និង​ចាត់​ទុក​ថា​ជា​ហេតុការណ៍​វិនាសកម្ម​ដ៏​អាក្រក់​នៅ​អឺរ៉ុប ចាប់តាំងពី​មាន​ហេតុការណ៍​ផ្ទុះ​រថភ្លើង​មួយ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ នៅ​ក្នុង​ឆ្នាំ​២០០៤ ។

បច្ចុប្បន្ន​នេះ ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​បារាំង​បាន​សន្និដ្ឋាន​ថា ហេតុការណ៍​នៃ​វិនាសកម្ម​ទាំង​៦​កន្លែង​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​១៣០​នាក់ នៅ​ក្រុងប៉ារីស គឺ​ក្រុម​បង្កហេតុ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​(IS) នៅ​ស៊ី​រី​ក្រោយមក​ក៏​មាន​បង្កើត​ជា​ក្រុម​បង្ក​ភេរវកម្ម​ឡើង​នៅ​តាម​ប្រទេស​ជិតខាង​ក្បែរ​បារាំង ដូច​ជា​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ជាដើម ៕