ថៃ​សាន់ ហ្វឺ​រី ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​ក្រោយ​ឈ្នះ វ្ល៉ា​ឌី​មៀរ ឃ្លី​ត​ស្កូ

កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​អង់គ្លេស​ថៃ​សាន់ ហ្វឺ​រី បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​៤​ស្ថាប័ន​WBA, IBF, IBO & WBO បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​អ៊ុយ​ក្រែ​ន​វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៨ វិច្ឆិកា កន្លង​មក ។ ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​នៅ​សង្វៀន Esprit Arena ក្រុង​Düsseldorf ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​១២​ទឹក ហ្វឺ​រី​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​ជ័យជម្នះ​ជា​ឯកច្ឆ័ន្ទ​ពី​អាជ្ញាកណ្តាល​ទាំង​៣​រូប​នូវ​ពិន្ទុ​115-112, 115-112 និង 116-111​។ លទ្ធផល​នេះ​បាន​នាំ​ឱ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ក្លាយជា​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ថ្មី​ជំនួស​វ្ល៉ា​ឌី​មៀ​ដែល​បាន​គ្រង​ខ្សែក្រវាត់​នេះ​អស់​៩​ឆ្នាំ ។

ជាមួយនឹង​ប្រាក់​រង្វាន់​ចំនួន​៣០​ម៉ឺន​ដុល្លារ​ប្លាយ ហ្វឺ​រី​បាន​ថ្លែង​ដោយ​ក្តី​រីករាយ​ថា សូម​អរគុណ​ដល់​ព្រះ​យេស៊ូ​ដែល​បាន​ផ្តល់​ជ័យជម្នះ​នេះ​មក​ដល់​ខ្ញុំ ។ ទម្រាំ​បាន​ដូច​ជា​ថ្ងៃនេះ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ។ ពេល​នេះ សុបិន​បាន​ក្លា​យមក​ជា​ការ​ពិត​ហើយ ។

គួរ​កត់​សម្គាល់ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​បាន​ពុះកញ្ជ្រោល​ខ្លាំង​ចាប់ពី​ទឹក​ទី​៧​តទៅ​។ តែ​ទោះជា​យ៉ាងណា ក្នុង​ទឹក​ទី​១១ ហ្វឺ​រី​ត្រូវ​បាន​អាជ្ញាកណ្តាល​កាត់​អស់​១​ពិន្ទុ​ខណៈ​រូបគេ​ព្យាយាម​វាយ​លើ​ក្បាល​ផ្នែក​ខាងក្រោយ​របស់​វ្ល៉ា​ឌី​មៀ​ដោយ​មិន​អើពើ​នឹង​ការ​ព្រមាន​ជា​ច្រើន​លើក​។ ចំណែក​ក្នុង​ទឹក​ផ្តាច់ព្រ័ត្រ ហ្វឺ​រី​ហាក់​ធ្លាក់ដៃ​និង​ស្រុត​កម្លាំង​បន្តិច​ដោយសារ​ការ​សម្រុក​អស់​១១​ទឹក ។ វ្ល៉ា​ឌី​មៀ​បាន​ឆ្លៀត​សម្រុក​បម្រុង​នឹង​ផ្តាច់​គូប្រកួត តែ​អ្វី​ៗ​ហាក់​មិន​ដូច​បំណង​ខណៈ​ស្នូរ​ជួង​បញ្ចប់​ទឹក​ត្រូវ​បាន​បន្លឺ​ឡើង ។

សម្រាប់​វ្ល៉ា​ឌី​មៀ នេះ​ជា​ការ​បរាជ័យ​លើក​ទី​១​ក្នុង​រយៈពេល​១១​ឆ្នាំ​មកនេះ ។ កីឡាករ​រូប​នេះ​ដែល​នឹង​មាន​វ័យ​៤០​ឆ្នាំ​នៅ​ខែឧសភា​ឆ្នាំ​ក្រោយ​បាន​និយាយ​ថា ខ្ញុំ​ត្រៀមខ្លួន​បាន​ល្អ​ណាស់ ប៉ុន្តែ​ល្បឿន​របស់ខ្ញុំ​មិនល្អ​នោះ​ទេ​សម្រាប់​យប់​នេះ ។ ខ្ញុំ​ដឹង​ថា មធ្យោបាយ​តែ​មួយ​គត់​យកឈ្នះ​រូបគេ​គឺ​ផ្តួល​ឱ្យ​សន្លប់​នៅ​ទឹក​ផ្តាច់ព្រ័ត្រ ។

គេ​នៅ​ចាំ​បាន​ថា មុន​ការ​ប្រកួត​២​ស​ប្តា​ហ៍ វ្ល៉ា​ឌី​មៀ​បាន​អះអាង​ថា ខ្លួន​ពិតជា​បារម្ភ​ពេល​ជួប​ជាមួយ​ថៃ​សាន់ ហ្វឺ​រី ។ គេ​និយាយ​ថា ហ្វឺ​រី​ជា​គូប្រកួត​ទី​១​ដែល​មិន​ងាយ​ផ្តួល​បាន​ដោយ​ស្រួល​ៗ​។ ដៃ​វែង ជើងវែង និង​កម្ពស់​២,០៦​ម៉ែត្រ​ជា​អំណោយផល​និង​ប្រៀប​ឈ្នះ ។ នេះ​ជា​ការ​អះអាង​របស់​វ្ល៉ា​ឌី​មៀ ៕