អ្នកជំនាញ​ថាមពល​កកើត​ឡើងវិញ និង​ជំរុញ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ការពារ​បរិស្ថាន​

​ភ្នំពេញ​៖ អ្នកជំនាញ​ថាមពល​កកើត​ឡើងវិញ​កូរ៉េ បាន​ជំរុញ​ភាគី​ពាក់ព័ន្ធ​ជុំវិញ ពិភពលោក រួមគ្នា​ការពារ​បរិស្ថាន​មនុស្សជាតិ ស្របពេល​ពួកគេ​មាន​ក្តីបារម្ភ​ពី​ការប្រែប្រួល​អាកាសធាតុ ពិភពលោក បច្ចុប្បន្ន​។​

​អ្នកជំនាញ​លើកឡើង​បែបនេះ ក្នុង​ពិធី​ពិព័រណ៍​អន្តរជាតិ ទាក់ទង​នឹង​ថាមពលបៃតង និង​ថាមពល​កកើត​ឡើងវិញ (Green & Renewable Energy Exhibition) លើក​ទី​៣៥ ដែល​ប្រមូលផ្តុំ អ្នកវិនិយោគ​ទាំង​ជាតិ​កូរ៉េ និង​អន្តរជាតិ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​អន្តរជាតិ​កូរ៉េ KINTEX (Korea International Exhibition Center) នៅ​សាធារណៈរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​២០ វិច្ឆិកា​នេះ​។​

​នា​ពិធី​ពិព័រណ៍​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការគ្រប់គ្រង​ថាមពល​កូរ៉េ KEMCO (Korea Energy Management Corporation) និង ក្រសួងពាណិជ្ជកម្ម សហគ្រាស និង​ថាមពល MOTIE (Ministry of Trade Industry & Energy) លោក Jae-Rok Hong  អ្នកស្រាវជ្រាវ (Researcher) ប្រចាំ​ក្រុមហ៊ុន  Minyoung Hightech Co.,Ltd ចាត់ទុក​បច្ចេកវិទ្យា​ថ្មីៗ ទាក់ទង​នឹង​ថាមពល​កើតឡើង​វិញ ជាការ​ជួយ​ការពារ​បរិស្ថាន​ពិភពលោក​។​

​លោក​និយាយថា​៖«​ប្រសិនបើ​មនុស្ស​ភាគច្រើន​ងាយ​មកប្រើប្រាស់​បច្ចេក​ថា​ម​ពល កើតឡើង​វិញ​នោះ ពិភពលោក​នឹង​អាច​កាត់បន្ថយ​ការបំពុល តាមរយៈ​ការផលិត​ថាមពល​មួយចំនួន ដូចជា ការដុត​ធ្យូងថ្ម ប្រេងឥន្ធនៈ​ជាដើម​»​។​
 
​មិន​ខុសគ្នា​ប៉ុន្មាន លោក Hang Mok Jeong ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន (Manager) ក្រុមហ៊ុន DS Solar. Co.,Ltd ចាត់ទុក​ថាមពលបៃតង និង​ថាមពល​កកើត​ឡើងវិញ​ថា ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ពិភពលោក​។ លោក​ថា​៖«​ដើម្បី​កែលម្អ​ប្រសិទ្ធភាព​ថាមពល​ការពារ​បរិស្ថាន​ផង​នោះ យើង​អាច​ប្រើប្រាស់​បច្ចេកវិជ្ជា​ថាមពល​ពន្លឺព្រះអាទិត្យ ខ្យល់ និង​ថាមពលទឹក​ជាដើម​»​។​
 
​ម្ចាស់​ក្រុមហ៊ុន អ្នកបញ្ជា​ទិញ​ជាតិ​កូរ៉េ និង​អន្តរជាតិ អ្នកគ្រប់គ្រង​ថាមពល ស្ថាបត្យករ​ជាន់ខ្ពស់​ឧស្សាហកម្ម​សំណង់ និង​មេដឹកនាំ​ស្ថាប័ន ផ្នែក​ថាមពល និង​ឧស្សាហកម្ម​នានា ក្នុងប្រទេស​កូរ៉េ និង​មកពី​ជុំវិញ​ពិភពលោក បាន​រួមគ្នា​ស្វែងយល់ សហប្រតិបត្តិការ និង​ពិភាក្សា​ពី​បញ្ហា​តម្រូវ​ថាមពល​កាល​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​ក្នុង​វិស័យ​ឧស្សាហកម្ម ថាមពល​សម្រាប់​មនុស្ស​ជាតិ​។​

​លោក Masamichi Saito នាយក​ក្រុមហ៊ុន President/CEO Pro-Materials Co.,Ltd មកពី​ប្រទេស​ជប៉ុន និយាយថា បច្ចេកវិទ្យា​ថ្មី​បំផុត ពាក់ព័ន្ធ​នឹង​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ជាច្រើន​ទៀត អាចជួយ​សន្សំសំចៃ​ថវិកា​ច្រើន​ជាមុន​។ លោក​ថា​៖«​វា​មាន​គុណភាព សន្សំសំចៃ​ជាង​មុន សម្រាប់​ប្រព័ន្ធ​ភ្លើង ឧស្សាហកម្ម​អេឡិចត្រូនិក​ថ្មីៗ ដូចជា គ្រឿង​អេឡិចត្រូនិក រថយន្ត អគ្គិសនី និង​ទូរ​សព្ទ អាគុយ ជាដើម​។ ដូចនេះ យើង​គួរ​ងាក​ប្រើប្រាស់ បច្ចេកវិជ្ជា​ថាមពល​កកើត​ឡើងវិញ​»​។​

​គួរបញ្ជាក់​ផងដែរ បើ​ធៀប​ទៅនឹង​ចំនួន​អ្នកចូលរួម​ឆ្នាំមុន អ្នកចូលរួម​ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​កើនឡើង​បី​ដង ក្នុងនោះ រួមមាន ស្តង់​ពិព័រណ៍​ចំនួន ១២០០ និង​តំណាង​ក្រុមហ៊ុន​ចំនួន ៣០០ រាប់​ចាប់ពី​ក្រុមហ៊ុន ថាមពល​ធំៗ​នៅ​កូរ៉េ និង​ពិភពលោក រហូតដល់ សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs)៕
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត លោកអ្នក​ចូលទៅ​កាន់​គេហទំព័រ KEA () ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​