ពលរដ្ឋ​២៤​គ្រួសារ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បន្ត​សុំ​យុត្តិធម៌​ពី​លោក​នាយក​រដ្ឋមន្ត្រី

តំណាង​ប្រជាពលរដ្ឋ ២៤​គ្រួសារ​ដែល​តុលាការ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​រុះរើ​ខ្ទម ឬ​រោង​ប្រក់​កៅស៊ូ​សម្រាប់​ជ្រក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥ បន្ត​ដង្ហោយ​រក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ នៅ​គ្រា​ទំនាស់​នេះ​បាន​អូស​ពេល​តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

ទោះ​យ៉ាង​ណា ភាគី​ទំនាស់​ម្ខាង​ទៀត​ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ឈ្មួញ​មាន​ទ្រព្យ​ធន បាន​អះអាង​ថា ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​ទាំង ២៤​គ្រួសារ​តវ៉ា​ទាមទារ​នេះ ពួក​គេ​មាន​ប្លង់​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​២០០៨ និង​បាន​បង់​ពន្ធ​ដី​ជូន​រដ្ឋ​រាល់​ឆ្នាំ។

ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជិត ២០​ឆ្នាំ​របស់​ប្រជា​សហគមន៍​កំពេញ​ចាស់ ទាំង ២៤​គ្រួសារ បាន​ឈាន​ដល់​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង និង​កម្ដៅ​ថ្ងៃ​ជា​បន្តបន្ទាប់ នៅ​ជាប់​របង​ដី​មាន​ទំនាស់ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ដោយ​រំពឹង​ថា នឹង​មាន​ដំណោះស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌។ ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នេះ ក៏​មាន​លើក​បដា​ព្រះ​ឆាយាល័ក្ខណ៍​អតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រ សម្ដេច​ម៉ែ រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី។

មន្ត្រី​វ័យ​ចាស់​មាន​អាយុ​ចន្លោះ​ពី ៧០ ទៅ ៨០​ឆ្នាំ បាន​លើក​ដៃ​សំពះ​នៅ​ក្រោម​ដំបូល​រោង​ប្រក់​តង់​កៅស៊ូ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា នៅ​ជាប់​របង​ដី​មាន​ទំនាស់ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ អំពាវនាវ​ឲ្យ​ប្រមុខ​ដឹក​នាំ​ជួយ​ផ្តល់​យុត្តិធម៌​លើ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ដែល​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក៖ «រាល់​ថ្ងៃ​ខ្ញុំ​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្នល់ ព្រោះ​គ្មាន​ដី​សង់​ផ្ទះ ដោយសារ​គេ​រំលោភ​យក។ សំណូមពរ​ដល់​សម្ដេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ផ្តល់​ដី​ឲ្យ​ពួក​ខ្ញុំ​បាន​សង់​ផ្ទះ​ដូច​មុន​វិញ និង​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​តុលាការ​ឈប់​ចាប់​ខ្ញុំ​ដាក់​គុក និង​ដាក់​ច្រវាក់​ជើង​ដូច​ពេល​មុន​ទៀត។ ខ្ញុំ​ជា​មន្ត្រី​រាជការ ខំ​តស៊ូ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក ប៉ុន្តែ​ត្រូវ​គេ​រំលោភ​យក​ដីធ្លី និង​ឈូស​ឆាយ​ដំណាំ​ដាំ​ដុះ​របស់​ខ្ញុំ​ចោល​គ្មាន​សល់។ សូម​សម្ដេច​ជួយ​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ​ផង»

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ២៤​គ្រួសារ នៅ​សហគមន៍​កំពេញ​ចាស់ លោកស្រី ហង្ស ចិន្តា បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា ទំហំ​ផ្ទៃ​ដី​របស់​ពួក​គាត់​ទាំង ២៤​គ្រួសារ សរុប​មាន​ចំនួន​ជាង ៤​ហិកតារ ត្រូវ​ឈ្មួញ​មាន​ទ្រព្យ​ធន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ ទោះ​បី​ពួក​គាត់​បាន​ដាក់​បណ្ដឹង​តវ៉ា ឬ​ជំទាស់​បែប​ណា​ក្តី។

ផ្ដើម​ពី​បញ្ហា​នេះ លោកស្រី ហង្ស ចិន្តា បាន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្មី​ទៀត ស្នើ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ ចុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដីធ្លី​ពួក​គាត់​ដែល​ធ្លាប់​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩ មក ហើយ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ផ្តល់​ដំណឹង​ពិត​ជូន​ប្រមុខ​ដឹក​នាំ៖ «ដើម​ឡើយ​ទំនាស់​នេះ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ថៃ ប៊ុនរ៉ុង ហើយ​កាល​ពី​ឆ្នាំ​២០០៨ ទំនាស់​នេះ សម្ដេច​ក៏​បាន​ចុះ​មក​ផ្ទាល់​ដល់​ទីតាំង​នេះ ដោយ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ថៃ ប៊ុនរ៉ុង កាត់​ដី​ពី​ក្រុមហ៊ុន​ចំនួន ១៦​ហិកតារ ចែក​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​ចេញ​ពី​ទំហំ​ផ្ទៃ​ដី​ចំនួន ៩២​ហិកតារ ប៉ុន្តែ​បទបញ្ជា​របស់​សម្ដេច មន្ត្រី​ថ្នាក់​ខេត្ត​មិន​អនុវត្ត​តាម​ទេ ហើយ​ពលរដ្ឋ​ខ្ញុំ​ទាំង ២៤​គ្រួសារ ក៏​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែរ​រហូត​មក​ដល់​ពេល​នេះ»

ថ្លែង​ក្រោម​ដំបូល​រោង​ប្រក់​តង់​កៅស៊ូ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា នា​ទីតាំង​ជាប់​របង​ដី​មាន​ទំនាស់​ស្ថិត​ក្នុង​សង្កាត់​លេខ​៣ លោកស្រី ហង្ស ចិន្តា និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​កំពេញ​ចាស់ ច្រើន​នាក់​ទៀត បាន​អះអាង​ថា ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ​លើ​ដី​ទំនាស់​នេះ​ក្រោយ​ឆ្នាំ​១៩៧៩ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៦ ទើប​មាន​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច បាន​ឃុបឃិត​គ្នា និង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លាប់​រស់នៅ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​តំណាង​ពលរដ្ឋ​មួយ​ចំនួន​ដាក់​គុក និង​ចាក់​ច្រវាក់​ជើង​ថែម​ទៀត៖ «ខ្ញុំ​បាន​មក​រស់នៅ​លើ​ដី​ទំនាស់​នេះ ៣​ជំនាន់​ហើយ គឺ​តាំង​ពី​សម្ដេច ហ៊ុន សែន គេ​ហៅ​ថា សម​មិត្ត បន្ត​រហូត​ដល់​ឯកឧត្តម និង​រហូត​ទទួល​បាន​ងារ​ជា​សម្ដេច បាន​មក​រស់នៅ​លើ​ដី​មាន​ទំនាស់​នេះ ហើយ​ខ្ញុំ​មក​រស់នៅ​ទីនេះ​ដោយ​សំអាង​ថា ខ្ញុំ​បាន​រស់នៅ​ស្រប​ច្បាប់​ភូមិបាល គឺ​មាន​ប័ណ្ណ​ស្នាក់នៅ មាន​ប័ណ្ណ​គ្រួសារ មាន​អត្តសញ្ញាណប័ណ្ណ និង​មាន​អត្រានុកូលដ្ឋាន​សម្រាប់​ជា​គ្រឹះ​មូលដ្ឋាន។ ដូច្នេះ ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ដល់​ម្ចាស់​ភាគី​ទំនាស់​ម្ខាង​ទៀត ផ្ដើម​ដោយ​មន្ត្រី​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​លំនៅឋាន​របស់​ពួក​ខ្ញុំ​ធ្លាប់​រស់នៅ។ ករណី​នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌»

លោកស្រី ហង្ស ចិន្តា ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ ពួក​គាត់​ទាំង ២៤​គ្រួសារ បាន​បន្ត​រស់នៅ​ក្រោម​ដំបូល​រោង​ប្រក់​កៅស៊ូ​នៅ​ជាប់​របង​ដី​មាន​ទំនាស់ ដោយ​រង់ចាំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់។ ពលរដ្ឋ​បញ្ជាក់​ថា ទំនាស់​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ២០​ឆ្នាំ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​នា​ខេត្ត​ព្រះសីហនុ មិន​ជួយ​ដោះស្រាយ​ទេ ហើយ​បាន​បិទ​បាំង​រឿង​ពិត​មិន​ឲ្យ​ប្រមុខ​ដឹក​នាំ​ដឹង​ទេ។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា ដី​ទំនាស់​នេះ ពួក​គាត់​ធ្លាប់​បាន​ប្ដឹង​ទាស់​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ទីរ​រៀបចំ​ដែនដី ជាដើម ជំទាស់​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បន្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ភាគី​ម្ខាង​ទៀត​ទៅ​វិញ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥ លោក គឹម អេង ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាច្រើន​នាក់ ចុះ​រុះរើ​ខ្ទម​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង ២៤​គ្រួសារ​ទៅ​តាម​បណ្ដឹង​ភាគី​ទំនាស់​ម្ខាង​ទៀត ដែល​អះអាង​ថា មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​មាន​ទំនាស់​នោះ។ កាល​ណោះ លោក​ចៅក្រម គឹម អេង បាន​ថ្លែង​ក្នុង​កាយវិការ​ឆ្ការ​ដៃ​ឆ្ការ​ជើង​ថា ការ​ដឹក​នាំ​កម្លាំង​ចម្រុះ​រុះរើ​ខ្ទម​ពលរដ្ឋ​ទាំង ២៤​គ្រួសារ គឺ​តុលាការ​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​ដីកា​សម្រេច​រក្សា​ការពារ ដែល​ម្ចាស់​បំណុល​ឈ្មោះ ណាថ សុភក្រ និង ណាថ សុរិទ្ធ ជា​អ្នក​ប្ដឹង​ទាមទារ។ លោក​បន្ត​ថា រឿង​ក្តី​នេះ ម្ចាស់​បំណុល​បាន​ប្ដឹង​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​កូន​បំណុល​ឈ្មោះ ហង្ស ចិន្តា និង ហង្ស សុភា និង​តតិយជន​ផ្សេង​ទៀត មិន​ឲ្យ​ចូល​មក​កាន់​កាប់​ដី​មួយ​កន្លែង​មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​ព្រះសីហនុ ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឆ្នាំ​២០០៨។ បន្ថែម​លើ​នេះ ខាង​ភាគី​ម្ចាស់​បំណុល​ខ្លះ​ទៀត​ដែល​មាន​ងារ​ជា​ឧកញ៉ា ឬ​កំពុង​បម្រើ​ការងារ​ជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​សភា​ពាណិជ្ជកម្ម​ផង​នោះ ក៏​បាន​អះអាង និង​ផ្តល់​ឯកសារ​មក​វិទ្យុ​អាស៊ីសេរី ថា ដីធ្លី​ដែល​ពលរដ្ឋ​ទាំង ២៤​គ្រួសារ​ទាមទារ​នេះ ពួក​គេ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ និង​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក។

ទោះ​យ៉ាង​ណា លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំ​មើល​ទំនាស់​ដីធ្លី​នេះ​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង ២៤​គ្រួសារ​នៅ​សហគមន៍​កំពេញ​ចាស់ បាន​រង​ភាព​អយុត្តិធម៌ ដោយសារ​តែ​ការ​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​ភាគី​ទំនាស់​ម្ខាង​ទៀត។ លោក​បន្ត​ថា ទំនាស់​ដីធ្លី​នេះ​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​បញ្ចប់​ជម្លោះ ទើប​អាច​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​បាន​ជោគជ័យ។ បើ​ពឹង​ទៅ​លើ​ប្រព័ន្ធ​តុលាការ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ គឺ​មិន​អាច​ដោះស្រាយ​បាន​ទេ ព្រោះ​ទំនាស់​នេះ​បាន​កើត​មាន​ជិត ២០​ឆ្នាំ​ទៅ​ហើយ ហើយ​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​ពី​ស្ថាប័ន​មួយ​ចំនួន ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​ធ្លាប់​រស់នៅ​តំបន់​នោះ៖ «មិន​ថា​តែ​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​កំពេញ​ចាស់ នោះ​ទេ សូម្បី​ពលរដ្ឋ​រស់នៅ​តាម​សហគមន៍​ច្រើន​ទៀត​ដែល​មាន​ទំនាស់​ដីធ្លី​នា​ខេត្ត​ព្រះសីហនុ ក៏​ដូច​គ្នា​ដែរ។ រាល់​ឯកសារ​ដែល​ប្រជាពលរដ្ឋ​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ជំនាញ​មួយ​ចំនួន​នា​ខេត្ត​នេះ សុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន ឬ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​អ្វី​មួយ មន្ត្រី​ស្ថាប័ន​ទាំង​នោះ​តែង​ទុក​ចោល​មិន​ចាត់​ការ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​ភាគី​អ្នក​មាន​លុយ មាន​អំណាច​វិញ គឺ​មន្ត្រី​ស្ថាប័ន​ជំនាញ​ទាំង​នោះ អាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​ស្ងាត់ៗ​ជូន​ទៅ​វិញ»

លោក ប៊ួន ណារិទ្ធ បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត មាន​អភិបាល​ខេត្ត​ជាដើម ដោយ​សំអាង​ថា រឿង​ក្តី​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នោះ​មិន​រវល់​អើពើ​ដោះស្រាយ​ទេ ហើយ​គេច​យក​រួច​ខ្លួន ហើយ​និយាយ​ថា ផុត​ពី​អំណាច​ដោះស្រាយ​របស់​ពួក​គេ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សេន ជួយ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ឲ្យ​ចុះ​ស៊ើប​អង្កេត និង​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ទាំង ២៤​គ្រួសារ​ឲ្យ​បាន​ឆាប់ ព្រោះ​រាល់​ថ្ងៃ​នេះ ពលរដ្ឋ​ទាំង​ក្មេង​ចាស់ កំពុង​រស់នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​ដ៏​តូច​ចង្អៀត និង​រង​ការ​គំរាម​ពី​អាជ្ញាធរ​ឲ្យ​រុះរើ​ដំបូល​ជ្រក បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ក្បែរ​របង​ដី​ទំនាស់​ជា​ប្រចាំ។

ដូច​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ ដែល​ចុះ​ទៅ​ឃ្លាំ​មើល និង​អង្កេត​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​យូរ​ឆ្នាំ ថ្លែង​ចាត់​ទុក​ការ​ដែល​តុលាការ​ពាក់ព័ន្ធ សម្រេច​សេចក្តី​លើ​សំណុំ​រឿង​ដីធ្លី​ពលរដ្ឋ ២៤​គ្រួសារ​នៅ​សង្កាត់​៣ ចាញ់​ក្តី ដោយ​សំអាង​ទៅ​លើ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ គឺ​មិន​ទាន់​ត្រឹមត្រូវ​ទាំង​ស្រុង​ទេ។ អ្នកស្រី​ថា តុលាការ​គួរ​តែ​ចុះ​ស្រាវជ្រាវ ឬ​អង្កេត​ទៅ​លើ​ប្លង់​កម្មសិទ្ធិ​ដែល​ភាគី​ម្ខាង​ទៀត​ទទួល​បាន​នោះ ថា​តើ​បាន​មក​ដោយ​ស្រប​ច្បាប់ ឬ​ទទួល​បាន​ដោយ​ការ​ឃុបឃិត​មាន​សំណូក​ពុក​រលួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​នា​ខេត្ត​ព្រះសីហនុ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បង្ហាញ​ទស្សនៈ​ថា រឿង​ក្តី​រវាង​ពលរដ្ឋ​ទាំង ២៤​គ្រួសារ​នេះ ពិត​ជា​មាន​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ និង​ទាមទារ​ឲ្យ​តុលាការ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លូក​ដៃ​ជួយ​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ។

ទីតាំង​ដី​មាន​ទំនាស់​របស់​ប្រជា​សហគមន៍​កំពេញ​ចាស់ មាន​ទំហំ​ផ្ទៃ​ដី​ជាង ៤​ហិកតារ មាន​ទីតាំង​នៅ​ក្បែរ​ឆ្នេរ​ឯករាជ្យ ឬ​នៅ​ជាប់​មាត់​បឹង​ព្រែក​ទប់ គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្នល់​ទល់​មុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

បន្ទាប់​ពី​ត្រូវ​តុលាការ​ចុះ​រុះរើ​ខ្ទម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ទាំង ២៤​គ្រួសារ ទាំង​ក្មេង​ចាស់ បាន​បន្ត​រស់នៅ​ហាល​កម្ដៅ​ថ្ងៃ និង​ភ្លៀង​នៅ​ក្បែរ​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​ទំនាស់ ដោយ​មាន​ប្រក់​តង់​កៅស៊ូ​បន្តិចបន្តួច និង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដឹង​ឮ​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​កំពេញ​ចាស់ ទាំង ២៤​គ្រួសារ​នេះ​ដែរ ព្រោះ​ទីតាំង​មាន​ទំនាស់​នេះ​នៅ​ជាប់​ផ្លូវ​ថ្នល់ ដែល​រូប​លោក​ដើរ​ហាត់​ប្រាណ​ស្ទើរ​ជា​រៀង​រាល់​ល្ងាច។ លោក​បញ្ជាក់​ថា សិទ្ធិ​អំណាច​របស់​លោក​អាច​ជួយ​ដោះស្រាយ​តែ​ទំនាស់​ដីធ្លី​ណា​មិន​ទាន់​ធ្លាក់​ទៅ​ដល់​ដៃ​តុលាការ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ទំនាស់​ទាំង​នោះ​ធ្លាក់​ដល់​អំណាច​តុលាការ ឬ​ក៏​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ​រួច​ហើយ គឺ​លោក​គ្មាន​សិទ្ធិ​ដោះស្រាយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។