សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​មេធាវី​ការពារ​ក្ដី លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ទៅ​លើ​ការ​ចាត់​របៀប​ដែល​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ ដាក់​ភស្តុតាង​មុន​បន្ត​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ជា​ថ្មី​ទៀត។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​រូប​ផ្សេង​ទៀត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គិត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​ប្រែប្រួល​ណា​មួយ​នៅ​ឡើយ​ទេ ជុំវិញ​សវនាការ​អំពី​ការ​ប្ដឹង​ទាស់​ដែល​ស្នើ​ឲ្យ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ទម្លាក់​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ផ្អែក​លើ​នីតិវិធី គឺ​សាលា​ឧទ្ធរណ៍​អាច​ទាត់​ចោល​ពី​សាលក្រម​របៀប​នេះ ក៏ប៉ុន្តែ​លោក​នៅ​ពុំ​ទាន់​អាច​ទស្សន៍ទាយ​មុន​នៅ​ឡើយ​ទេ ថា​តើ​សេចក្ដី​សម្រេច​វា​នឹង​ទៅ​ជា​យ៉ាង​ណា?៖ «»។

កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​នេះ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ លោក ហុង សុខហួរ ត្រូវ​បង្ហាញ​នូវ​សម្ភារៈ​មួយ​ចំនួន ដែល​ស្រាវជ្រាវ​ពី​ផែនទី​កម្ពុជា-វៀតណាម ហើយ​តម្រូវ​ឲ្យ​មេធាវី​ការពារ​ក្ដី ត្រូវ​ដាក់​ភស្តុតាង​ដោះ​បន្ទុក​នៅ​មុន​សវនាការ​ចាប់​ផ្ដើម។ មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ជំទាស់ ចាត់​ទុក​ថា ការ​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មេធាវី។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បន្ទាប់​ពី លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ​ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។