ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​បាត់​ស្បែកជើង​២គូប្រមូល​ខោអាវ​ដុត​​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​អ្នក​ជិត​ខាង​

​​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​ឃាត់ខ្លួន ក្រោយ​ពី​​ខឹង​ប្រពន្ធរួច​​​​ប្រមូល​​ខោអាវ​របស់​ប្រពន្ធ​យក​មក​ដុត​​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​​​អ្នក​នៅ​ជិតខាង និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​វេលា​ម៉ោង២​និង​១៥​នាទី​រសៀលថ្ងៃ​ទី២៩ ​វិច្ឆិកា ​នៅ​ចំណុច​ខាង​មុខ​បន្ទប់​ផ្ទះ​ជួល​លេខ៤៩ ផ្លូវ​លេខ៩៧ ភូមិ​៥ ​​​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

មន្ត្រី​នគរបាល​ម្នាក់ ​បាន​ឱ្យ​ដឹង​ថា បុរស​​ជា​ប្តី​​​​​ដែល​នគ​រ​បាល​ឃាត់​ខ្លួន​រូប​នេះ ​ឈ្មោះ សុខ ច​យ អាយុ៣០​ឆ្នាំ ​ជា​ចុងភៅ​តាម​ហាង ​​និង​មាន​​ប្រពន្ធ​ឈ្មោះ ចាន់ សា​អែម អាយុ៣៧​ឆ្នាំ ជា​​បុគ្គលិក​នៅ​ក្នុង​ហាង​បារាំង​មួយ​កន្លែង ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​​ខាង​លើ​ ។​ មុន​ពេល​កើតហេតុ​ បុរស​​​ជាប្តី​​បង្ក​បាន​ឈ្លោះប្រកែក​ជាមួយ​​​ប្រពន្ធ​​រឿង​បាត់​ស្បែកជើង​ចំនួន២​គូ ដោយ​មានការ​ជជែក​គ្នា​យ៉ាង​តឹង​សរ​សៃ​ក​ដាក់​គ្នា​ ​ទើប​​ឈាន​ទៅ​​​ប្រើ​អំពើហិង្សា​​លើ​ប្រពន្ធ​​ ​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ទ្រាំ​លែង​បាន​​ក៏​​​ចចាក​​ចេញពីផ្ទះ​ចោល​បុរស​ជា​ប្តី​នោះ​បាត់​ទៅ ​។

​ក្រោយ​​ពី​ស្ត្រី​ជា​ប្រពន្ធ​ចុះ​ចេញពីផ្ទះ​​បាន​បន្តិច ​​បុរស​ជា​ប្តី​ក៏​បាន​ប្រមូល​ខោអាវ​របស់​ប្រពន្ធ​ពី​ក្នុងផ្ទះ​យក​មក​ដាក់​គរ​នៅ​ខាង​មុខ​បន្ទប់​របស់​ខ្លួន ​​កេះ​ដែកកេះ​ដុត​បង្ក​ជា​អណ្តាតភ្លើង​​​​​បង្ក​​ការ​ភ្ញាក់ផ្អើល​ទៅ​ដល់​​​​អ្នក​​​ជិត​ខាង​​​​ ​​និង​​​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​​បម្រុង​​​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​​​ផង​ដែរ​ ​​​ដោយសារ​តែ​ឃើញ​អ​ណ្តា​ត​ភ្លើង​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​​ខ្លាច​រាលដាល​ឆេះ​ផ្ទះ​អ្នក​ដ​ទៃ​នោះ ​​បុរស​​រូប​នេះ​​ក៏​រ​​ត់ទៅ​យក​ទឹក​មក​​ជះ​ពន្លត់​ដោយ​ខ្លួនឯង​វិញ​ទាន់​ពេលវេលា ​។

​​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ជន​បង្ក​ ដោយ​​​សារ​មិន​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​​ទ្រព្យ​សម្បត្តិ​សារ​ធារ​ណៈ​ ឬ​អ្នក​ដទៃ​​នោះ​​ ​សមត្ថកិច្ច​គ្រាន់​តែ​​​​អប់រំ​​ណែនាំ​​​​ និង​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​កុំ​​ឱ្យ​មាន​ជា​លើក​ទី២ រួច​​​ក៏​អនុញ្ញាត​ឱ្យ​​ត្រឡប់​ទៅវិញ ៕