លោកស្រី​ស៊ូ​ជី​៖​ពេល​កាន់អំណាច​គ្មានទេ​ក្តីមេត្តា បើ​តំណាងរាស្ត្រ​ប្រព្រឹត្ត​ខុស គឺ​ចូល​ពន្ធនាគារ​

​មកទល់ពេលនេះ​សភា​នីតិកាល​អាណត្តិ​ថ្មី​មី​យ៉ាន់​ម៉ា មិនទាន់​ចាប់ផ្តើម​ដំណើរការ​នៅឡើយ​នោះទេ​។ តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​អាសនៈ​លើសពី​ភាគច្រើន​ដាច់ខាត​។​ថ្វី​ដ្បិត​រដ្ឋាភិបាល​ថ្មី​មិនទាន់​ត្រូវបាន​បង្កើត លោកស្រី ស៊ូ​ជី បាន​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ត្រូវតែ​គោរព និង​ព្រមាន​ចាត់វិធានការ​តឹងរឹង​ចំពោះ​អ្នក​បំពាន​អំណាច និង​អសីលធម៌​។

​ម្សិលមិញ​នេះ ប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បើក​កិច្ចប្រជុំ បិទទ្វារ​មួយ​ជាមួយនឹង​តំណាងរាស្ត្រ​ថ្មី​ដែល​ទើបតែ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​កន្លងទៅ​។ ក្នុងឱកាស​នៃ​ជំនួប​នោះ លោកស្រី​ស៊ូ​ជី បាន​ជំរុញ​ឲ្យ​សមាជិកសភា​នីមួយៗ ត្រូវតែ​គោរព​តាម បទបញ្ជា និង មាន​ឥ​រិ​យ​បថ​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម សារ​ព៌​ត៌មាន Irrawaddy ។​

​ថ្លែងការណ៍​ក្នុង​សន្និសីទ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ Thet Thet Khaing តំណាងរាស្ត្រ​មណ្ឌល​រ៉ង​ហ្គូ​ន បាន​អះអាងថា លោកស្រី​ស៊ូ​ជី បាន​ព្រមាន​សមាជិកសភា​អាណត្តិ​ថ្មី​ដែល​បំពាន​ច្បាប់ និង​មាន​អាកប្ប កិរិយា​មិនល្អ នឹងត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹង​រ៉ឺ​ង​។​

​លោកស្រី​ស៊ូ​ជី ក៏បាន​បញ្ជាក់ទៀតថា នៅពេលដែល​រដ្ឋាភិបាល​បក្ស​លោកស្រី​ដឹកនាំ​ប្រទេស គ្មានទេ មនោសញ្ចេតនា និង ក្តីមេត្តា​សម្រាប់​តំណាងរាស្ត្រ ទោះបីជា​អ្នក​ទាំងនោះ ជា​សមាជិក​របស់​បក្ស សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ក៏ដោយ​។ នេះ​បើ​យោងតាម របស់ Thet Thet Khaing ។​

​លោកស្រី ស៊ូ​ជី ក៏បាន​ប្រកាស​ជាមុន​ទៅកាន់​តំណាងរាស្ត្រ​ក្នុង​បក្ស​លោកស្រី​ដែលថា «​ប្រសិនបើ អ្នកមាន​មន្ទិល​ទៅលើ​អ្វីមួយ ត្រូវតែ​សួរ​។ យើង រូ​ចរាល់​សម្រាប់​ជួយ​អ្នក​រាល់គ្នា ក៏ប៉ុន្តែ ប្រសិនបើ​អ្នក បង្ក​ឲ្យ​មាន​កំហុស​ដោយ​ខ្លួនឯង​ផ្ទាល់ យើង​មិនអាច​កែ​កំហុស​នោះ​ឲ្យ​ទៅជា​ត្រឹមត្រូវ​វិញ​បាន​នោះទេ​។ ប្រសិន​អ្នកប្រើប្រាស់​អំណាច​ខុសច្បាប់ នោះ​យើង​នឹង​ជូន​ដំណើរ​អ្នក​ទៅ​ពន្ធនាគារ​»​។ នេះ គឺជា​ពាក្យសម្តី​របស់លោក​ស្រី​ស៊ូ​ជី​ដែល​បាន​ដកស្រង់​ក្នុង​កិច្ចប្រជុំ​ដោយ Thet Thet Khaing​។​

​ក្រៅពី​រម្លឹក​ឲ្យ​សមាជិកសភា​ខ្លួន​គោរព​តាម​បទបញ្ជា លោកស្រី​ក៏បាន​ជំរុញ​ឲ្យ​សមាជិក​ទាំងនោះ ត្រូវ​បង្កើន​ភាសា​អង់គ្លេស និង សិក្សា​ឲ្យ​បាន​ច្បាស់​ពី​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​ស៊ូ​ជី បានទទួល​សំឡេង​លើស លប់​ក្នុង​សភា​ដែល​អាចមាន​លទ្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​ខ្លួនឯង​។ ដោយឡែក សម្រាប់​រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បោះឆ្នោត និង ចាប់ផ្តើម​នីតិកាល​ថ្មី​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​នោះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​