អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បញ្ឈប់​អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន​និង​បញ្ចូល​អាគុយ​លើ​ផ្ទៃ​ទឹក

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ពួក​គេ​បាន​បើក​យុទ្ធនាការ​ទប់ស្កាត់​សកម្មភាព​បញ្ចូល​អាគុយ និង​ជួសជុល​គ្រឿង​ម៉ាស៊ីន​លើ​ផ្ទៃ​បឹង​ទន្លេសាប បាន​ទាំង​ស្រុង​ហើយ។ វិធានការ​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ជនជាតិ​ភាគ​តិច ជាពិសេស​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប បាន​ថ្លែង​គាំទ្រ​សកម្មភាព​នេះ ដោយ​គិត​ពី​បញ្ហា​បរិស្ថាន។

ក្រុម​ការងារ​ចម្រុះ​ដែល​មាន​អាជ្ញាធរ​ខេត្ត មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង​មន្ទីរ​បរិស្ថាន កំពុង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​អាជីវកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ទឹក និង​ចលនា​អ្នក​ភូមិ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក ឲ្យ​រក​ទីតាំង​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក។ វិធានការ​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ជួសជុល​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​លើ​ទឹក​ចំនួន ៤​កន្លែង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង និង​ជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្ទះ​បណ្ដែត​ទឹក និង​សោភ័ណភាព​ក្រុង លោក ពៅ ប៊ុនថន ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា រោង​អាជីវកម្ម​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទឹក​ចំនួន ៤​កន្លែង​ចុង​ក្រោយ​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ក្នុង​ចំណោម​រោង​អាជីវកម្ម​ជាង ១០​កន្លែង បាន​បញ្ឈប់​សកម្មភាព​ទាំង​ស្រុង​កាល​ពី​ជិត​កន្លះ​ខែ​មុន។ លោក​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ជា​អ្នក​ទទួល​បន្ទុក​បន្ត​លើ​បញ្ហា​នេះ៖ «តាម​ការ​ពិនិត្យ​ជាក់ស្ដែង នៅ​សល់​តែ ៤​កន្លែង​ទៀត​ទេ។ ឥឡូវ​យើង​បញ្ឈប់​តែ​ម្ដង។ រាល់​ថ្ងៃ​កំពុង​មមាញឹក​គិតគូរ​អំពី​ការ​ផ្លាស់​ទី​ពី​ទឹក​មក​លើ​គោក គឺ​ឲ្យ​មាន​ទៀត​ទេ ឲ្យ​មាន​តែ​បែរ​ត្រី​ទេ គឺ​ដល់​យុទ្ធនាការ​ជំហាន​ទី​៣ ឬ​ទី​៤ ដែល​ត្រូវ​រៀប»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​លើ​វិធានការ​គ្រប់គ្រង​នេះ​បាន​ទេ​ពី​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ទិត្យ ណាន នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដោយ​លោក​ប្រាប់​ថា រវល់​ជញ្ជូន​អីវ៉ាន់ និង​បើក​ឡាន។ ប៉ុន្តែ​កន្លង​ទៅ អភិបាល​រង​ខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ ឬ​ជំនាញ មិន​ដែល​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​អាជីវករ​ធ្វើ​អាជីវកម្ម​បញ្ចូល​អាគុយ ឬ​ធ្វើ​ម៉ាស៊ីន​លើ​ទឹក​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ទឹក ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពិចារណា​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​បន្ត​មុខ​របរ​នេះ​នៅ​លើ​គោក ឬ​លើ​ទឹក​ដដែល ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​សារធាតុ​គីមី​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ទឹក។

លោក​បន្ត​ថា បើ​អាជ្ញាធរ​អនុវត្ត​បាន ដូច្នេះ​អាច​សម្រួល​ដល់​ជីវភាព​ជាង​ជួសជុល​ផង និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ម្ចាស់​ទូក​ម៉ាស៊ីន​ខូច​ផង ព្រោះ​គ្រឿង​ម៉ាស៊ីន​ធុន​ធំ​លំបាក​យក​ឡើង​គោក ដើម្បី​ជួសជុល៖ «អ៊ីចឹង​ទេ បើ​ការ​ចាត់​ចែង​នេះ​ជៀសវាង​ប៉ះពាល់​ដល់​ជីវភាព ឬ​ការ​រស់នៅ​របស់​ពួក​គាត់ គួរ​តែ​មាន​វិធានការ​ណា​មួយ ដើម្បី​ឲ្យ​គាត់​បាន​ធ្វើ​នៅ​លើ​ទឹក ប៉ុន្តែ​យើង​ចង់​ថា ឲ្យ​គាត់​ធ្វើ​បែប​ណា​ដើម្បី​បញ្ចៀស និង​ការពារ​កាក​សំណល់​ដែល​ធ្លាក់​ទៅ​លើ​ទឹក»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​រោង​ជួសជុល​ម៉ាស៊ីន​ចំនួន​៨ រោង​បញ្ចូល​អាគុយ​៤ និង​រោង​ជួសជុល​ទូក​ស្មាច់ ១​កន្លែង ធ្វើ​អាជីវកម្ម​យ៉ាង​ប្រញឹក​នៅ​លើ​ផ្ទៃ​ទឹក ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ។ រោង​អាជីវកម្ម​ទាំង​នោះ ទើប​ផ្លាស់​ពី​ភូមិ​កណ្ដាល និង​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ដែល​អាជ្ញាធរ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ​ជិត ១.៥០០​ខ្នង ទៅ​ស្នាក់នៅ​ទីនោះ។

ស្រប​ពេល​គ្នា​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គ្រោង​សង់​ផ្សារ និង​ហេដ្ឋារចនាសម្ពន្ធ​មួយ​ចំនួន​ទៀត ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់​ទន្លេ ហើយ​ចលនា​ឲ្យ​អ្នក​ភូមិ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ចំនួន ៩៩៦​គ្រួសារ រក​ទិញ​ដី​រស់នៅ​លើ​គោក​ដោយ​ខ្លួន​ឯង​តាម​លទ្ធភាព ក្នុង​ទិសដៅ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បញ្ចៀស​ការ​បំពុល​ទឹក​បឹង​ទន្លេសាប​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។