ផឹកស្រា​រាល់ថ្ងៃ​ ​ធ្លាយ​ក្រពះ ត្រូវ​ពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ផឹក​ស្រាស​រាល់ថ្ងៃ លុះ​យូរ​ៗ​ទៅ​បណ្តាល​ឱ្យ​ស្តើង​ក្រពះ ខណៈ​ពេលធ្វើការ​ងារ​ធ្ងន់​បណ្តាល​ឱ្យ​ធ្លាយ​ក្រពះ ឈឺ​ចុកចាប់​ស្ទើរ​ទ្រាំ​មិន​បាន ទើប​ប្រពន្ធ​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ហើយ​បន្ទាប់​ពី​លោកគ្រូ​ពេទ្យ​ឆ្លុះ​អេកូ​សាស្ត្រ​រួចរាល់​ឃើញ​សភាព​ធ្ងន់ធ្ងរ ក៏​ប្រញាប់​បញ្ជូន​បន្ត​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ង៉ែត សាន្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ បាន​ធ្លាយ​ក្រពះ និង​ពោះវៀនតូច មាន​ប្រពន្ធ​ឈ្មោះ ទូច ខេ​ង អាយុ​៤៩​ឆ្នាំ មានកូន​ចំនួន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ទូច ខេ​ង ជា​ប្រពន្ធ​ជន​រង​គ្រោះ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ជា​មនុស្ស​ញៀន​ស្រា ដោយ​ចាប់ផ្តើម​ចេះ​ផឹកស្រា​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ដាច់​សូ​ម្បី​តែ​១​ពេល​ក៏​មិន​បាន​ដែរ ។ គាត់​បន្ត​ទៀត​ថា នៅ​មុន​ថ្ងៃ​កើតហេតុ ខណៈ​ប្តី​របស់​គាត់​ផឹកស្រា​សរួច​ក៏​ចាប់ផ្តើម​ទៅ​កាប់​កូន​ឈើ​តូច​ៗ និង​អុស​ឈើ​ងាប់​យក​ទៅ​កាត់​ខ្លី​ៗ ដើម្បី​ដុត​ធ្យូង​លក់ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ចាប់ផ្តើម​ឈឺ​ចុកចាប់​ក្នុង​ពោះ​រហូត​ដល់​ទ្រាំ​មិន​បាន ក៏​ប្រញាប់​ឱ្យ​គាត់​ហៅ​ម៉ូតូឌុប​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ គាត់​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​គ្រូពេទ្យ​ឆ្លុះ​អេកូ​សាស្ត្រ​ពិនិត្យ​រួច ស្រាប់តែ​ឃើញ​ធ្លាយ​ក្រពះ និង​ពោះវៀនតូច ហើយដោយ​សារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខ្វះខាត​ឧបករណ៍​វះកាត់ ទើប​ប្រញាប់​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ដដែល ។

ចំណែក​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ឥទ្ធិពល​ស្រាស​ផឹក​យូរ​ៗ​ទៅ​អាច​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ក្លាយទៅជា​ស្តើង​ក្រពះ និង​ពោះវៀន ដោយសារ​ផឹក​ច្រើន​មិនសូវ​ហូប​បាយ​បណ្តាល​ឱ្យ​ក្រពះ​កិន​ខ្លួនឯង ធ្វើ​ឱ្យ​សឹក និង​រលាក​ក្រពះ ពោះវៀន​តែ​ម្តង ។ លោកគ្រូ​ពេទ្យ​បញ្ជាក់​ទៀត​ថា ការ​ធ្លាយ​ក្រពះ​នេះ បើ​ទុក​យូរ​ពេក​នឹង​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត បើ​មិនឆាប់​យក​ជន​រង​គ្រោះ​ទៅ​ដេរ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ ម្យ៉ាងវិញទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​យើង​មិនសូវ​មាន​ឧបករណ៍​ទំនើប ទើប​ឱ្យ​ប្រពន្ធ​របស់​គាត់​សុំ​លិខិត​បញ្ជូន​ទៅ​ខេត្តបាត់ដំបង​ភ្លាម​ផង​ដែរ ៕