សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​បញ្ចប់​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ចុង​ឆ្នាំ​២០១៦

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​តាម​កាល​កំណត់ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា។ សវនាការ​នេះ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ផ្អាក​ចាប់​តាំង​ពី​ចុង​ខែ​តុលា មក ព្រោះ​ទុក​ពេល​ឲ្យ​ភាគី​ត្រៀម​ខ្លួន​សម្រាប់​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នៅ​តុលាការ​កំពូល។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា សវនាការ​របស់​សាលា​ដំបូង​នេះ អង្គ​ជំនុំ​ជម្រះ​នឹង​ពិនិត្យ​លើ​ភស្តុតាង ហើយ​សួរ​ដេញដោល​សាក្សី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជា​បន្ត​ទៀត៖ «សវនាការ​នេះ គឺ​នឹង​ចាប់​ផ្ដើម​ដំបូង​ជាមួយ​នឹង​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី​មួយ​រូប ដែល​ពាក់ព័ន្ធ​នឹង​ជាមួយ​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ទំនប់​ត្រពាំង​ថ្ម ហើយ​បន្ទាប់​មក គឺ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង និង​ភស្តុតាង​ដែល​ទាក់ទង​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ហើយ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​អនុវត្ត​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ភាគ​តិច​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ»

អង្គ​ហេតុ​ដេញដោល​សាក្សី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​ធ្វើ​បាប​ជនជាតិ​ភាគ​តិច ដូចជា ចាម និង​វៀតណាម។

ថ្វី​បើ​សវនាការ​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា អង្គ​ជំនុំ​ជម្រះ​ស្ដាប់​សក្ខីកម្ម​សាក្សី​មួយ​រូប​ដែល​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ទំនប់​ត្រពាំង​ថ្ម​ក្ដី ក៏​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ថា សវនាការ​បន្ត នឹង​ផ្ដោត​លើ​អង្គ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម ដដែល៖ «សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺ​បន្ត​ស្ដាប់​សាក្សី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​លើ​អង្គ​ហេតុ ចោទ​ប្រកាន់​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​មនុស្ស​ជា​គោលដៅ​ជាក់លាក់ ចំពោះ​ជនជាតិ​វៀតណាម»

លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ងាក​មក​ស្ដាប់​សក្ខីកម្ម​សាក្សី ស្ដីពី​ការ​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម​សិន គឺ​ដោយសារ​តែ​សាក្សី​ក្នុង​អង្គ​ហេតុ​ជនជាតិ​វៀតណាម មិន​ទាន់​ទំនេរ​អាច​មក​ផ្ដល់​សក្ខីកម្ម​បាន​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា។ លោក​បញ្ជាក់​បន្ថែម​ថា សវនាការ​បន្ត​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ មាន​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១០​រូប ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​កំណត់​ពេលវេលា​សម្រាប់​មក​ផ្ដល់​សក្ខីកម្ម​រួច​ហើយ។ អង្គ​ជំនុំ​ជម្រះ ក៏​កំពុង​ពិចារណា​ថា តើ​ត្រូវ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​លើ​អង្គ​ហេតុ​នេះ​ដែរ​ឬ​អត់។

ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ឋិត​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ដែល​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ដីកា​ដំណោះស្រាយ​បាន​សរសេរ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​អនុវត្ត​គោល​នយោបាយ​ដាក់​ក្រុម​ជាក់លាក់​ជា​គោលដៅ តាម​រយៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា ក្នុង​នោះ​គឺ​មាន​ការ​សម្លាប់ ការ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង ឬ​មួយ​ផ្នែក​ដល់​ក្រុម​ជនជាតិ​វៀតណាម។ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ក្នុង​តួនាទី​របស់​ពួក​លោក​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

លោក នេត្រ ភក្ដ្រា ថ្លែង​ថា សាលា​ដំបូង​រំពឹង​ថា នឹង​អាច​បញ្ចប់​សំណុំ​រឿង​០០២ វគ្គ​២ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦ ហើយ​សាលក្រម​នឹង​អាច​ប្រកាស​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។