លីកាដូ៖ សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​មូលហេតុ​កើន​ឡើង​នៃ​បទល្មើស​សេពសន្ថវៈ​លើ​ស្ត្រី

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​កម្ពុជា ហើយ​អ្នក​ប្រព្រឹត្តិ​មួយ​ចំនួន មិន​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ជាពិសេស​ការ​ដោះស្រាយ​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​អំពើ​ពុក​រលួយ ជា​មូលហេតុ​ដ៏​ចម្បង​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​កាន់​តែ​ខ្ពស់​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស ហើយ​ត្រូវ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។

អង្គការ​លីកាដូ រក​ឃើញ​ថា មាន​សំណុំ​រឿង​ជិត ៨០០​ករណី (៧៦២​ករណី) ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ គិត​ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ក្នុង​នោះ​ការ​រំលោភ​សេពសន្ថវៈ​ចំពោះ​ស្ត្រី និង​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ គឺ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដ៏​តិចតួច ខណៈ​សំណុំ​រឿង​ជាច្រើន​ត្រូវ​បាន​បិទ​បញ្ចប់​មុន​សវនាការ​ចាប់​ផ្ដើម ឬ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

អង្គការ​ដែល​ធ្វើ​ការ​លើ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​នេះ ចាត់​ទុក​ថា ការ​មិន​ដាក់​ទណ្ឌកម្ម​ដល់​ជនល្មើស រឹត​តែ​ធ្វើ​ឲ្យ​សាធារណជន​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​បង្ហាញ​ថា អំពើ​រំលោភ​សេពសន្ថវៈ វា​ពុំ​មែន​ជា​អំពើ​ល្មើស​ដែល​គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៀត​នោះ​ទេ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា អង្គការ​លីកាដូ រក​ឃើញ​ថា ក្នុង​ចំណោម​សំណុំ​រឿង​ជិត ៨០០​ករណី (៧៦២​ករណី) មាន ៤២៤​សំណុំ​រឿង​ត្រូវ​បាន​បិទ​នៅ​ពេល​កំពុង​សរសេរ​របាយការណ៍។ សំណុំ​រឿង​មួយ​ភាគ​បី​នៃ​សំណុំ​រឿង​ទាំង ៤២៤​ករណី ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស និង​សម្រេច​ឲ្យ​មាន​ទោស ដោយ​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ក្រៅ​ពី​នេះ មួយ​ភាគ​បី ត្រូវ​បាន​បិទ​បញ្ចប់​មុន​ពេល​បើក​សវនាការ។ ផ្ទុយ​ទៅ​វិញ មួយ​ភាគ​បី​ចុង​ក្រោយ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ ឬ​សម្រេច​ថា​មិន​មាន​ទោស។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ​លីកាដូ កញ្ញា ណាប់ សុម៉ាលី ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថា "របួស​ផ្លូវ​ចិត្ត និង​បទពិសោធន៍​រង​ទុក្ខ​ពី​អំពើ​រំលោភ​សេពសន្ថវៈ​របស់​ជន​រងគ្រោះ គឺ​មាន​ទំហំ​ធំ​ធេង"។ បន្ថែម​ពី​នេះ​ទៀត "នេះ​ជា​ពេលវេលា​ដែល​គ្រប់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល អាច​យក​បញ្ហា​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ដាក់​ជា​បញ្ហា​អាទិភាព​ហើយ"

ឆ្លើយ​តប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា លោក​ពិត​ជា​ពិបាក​ក្នុង​អត្ថាធិប្បាយ​ណាស់ ដោយសារ​ពុំ​បាន​ដឹង​ថា ថា​តើ​របាយការណ៍​នេះ​ផ្អែក​លើ​វិទ្យាសាស្ត្រ​ពិត​កម្រិត​ណា និង​មាន​ទឡ្ហីករណ៍​យោង​ប៉ុណ្ណា។ លោក ជិន ម៉ាលីន យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ក្នុង​ពេល​កន្លង​ទៅ ជា​ការ​បំពេញ​កាតព្វកិច្ច​ដោយ​ផ្អែក​លើ​ជំនាញ និង​ក្រម​សីលធម៌ ក្នុង​ក្របខ័ណ្ឌ​តុលាការ​ត្រឹមត្រូវ និង​មាន​វិជ្ជាជីវៈ។ ជាង​នេះ​ទៀត លោក​អះអាង​ថា ប្រសិន​បើ​រក​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​ចៅក្រម ឬ​មន្ត្រី​តុលាការ​ណា​មួយ​ខុស​ពី​ធម្មតា គឺ​សាមីជន​អាច​មាន​សិទ្ធិ​ប្ដឹង​បន្ត​ដូចជា​ទៅ​ក្រសួង​យុត្តិធម៌ ឬ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជាដើម ប្រឆាំង​សេចក្ដី​សម្រេច​នានា​នោះ។ លោក​បន្ត​ថា «ប្រសិន​បើ​ភាគី​ណា​មួយ​មិន​សុខ​ចិត្ត​ទៅ​នឹង​សម្រេច​របស់​តុលាការ ដូចជា​ការ​ធ្វើ​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់ ការ​កម្រិត​ទោស ឬ​ធ្ងន់ ឬ​មួយ​ធ្វើ​ការ​ដោះ​លែង ឬ​មិន​ដោះ​លែង​ហ្នឹង គឺ​ភាគី​ដែល​រងគ្រោះ ឬ​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​មិន​សុខ​ចិត្ត អាច​ធ្វើ​ការ​ប្ដឹងផ្ដល់​ទៅ​លើ​ត​ទៅ រួម​មាន​ការ​ប្ដឹង​ឧទ្ធរណ៍ និង​មាន​ការ​ប្ដឹង​ទៅ​តុលាការ​កំពូល​អី​ជាដើម»

បើ​ទោះ​ជា​បែប​ណា របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា "ការ​រួច​ខ្លួន​ពី​បទ​ល្មើស៖ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា" សរសេរ​ថា របាយការណ៍​នេះ​បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​នៃ​កំហុស​ឆ្គង​ជាច្រើន ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដូចជា​អំពើ​ពុក​រលួយ និង​ការ​បកស្រាយ​ច្បាប់​មិន​ត្រឹមត្រូវ​ជាដើម ដែល​រួម​គ្នា​ធ្វើ​ឲ្យ​ជនល្មើស​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ត្រឹម​តែ​ទទួល​រង​ទណ្ឌកម្ម​ស្រាល ឬ​អាច​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ទាំង​ស្រុង​ថែម​ទៀត​ផង។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ទទួល​ស្គាល់​ថា របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​លីកាដូ នៅ​ពេល​នេះ អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​ឃើញ​រឿង​ត្រឹមត្រូវ​មួយ​ជ្រុង ក៏ប៉ុន្តែ​លោក​អះអាង​ថា មាន​សំណុំ​រឿង​ខ្លះ​ដែល​ភាគី​ពាក់ព័ន្ធ​ចង់​សម្រប​សម្រួល ឬ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចៀស​ភាព​អាម៉ាស់​របស់​ភាគី​ខាង​ស្រី។ ហេតុ​នេះ លោក​យល់​ឃើញ​ថា ពុំ​មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ​ឡើយ។ លោក​បន្ត​ថា «ទាល់​តែ​មាន​ករណី​អ៊ីចឹង​ទៅ គាត់​សម្រួល​ខ្លួន​គាត់​នៅ​ក្រោម​មុន​ប្ដឹង​មក​យើង ហើយ​អា​ហ្នឹង​យើង​ក៏​គោរព​សិទ្ធិ​បុគ្គល​ដែរ។ បើ​គេ​មិន​ប្ដឹង យើង​ទៅ​តវ៉ា​អី​នឹង​គេ។ បើ​បណ្ដឹង​អាជ្ញាធរ ឧទាហរណ៍​បើ​គេ​រំលោភ​អ៊ីចឹង វា​ត្រូវ​តែ​មាន​ទោស ហើយ​បើ​បណ្ដឹង​អាជ្ញា​យើង​អាច​ធ្វើ​បាន ក៏ប៉ុន្តែ​ជន​រងគ្រោះ​គេ​ថា​អត់​មាន​ផង អញ្ជើញ​គេ​មក​សួរ»

នាយិកា​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ណាលី ពីឡូក មាន​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​ថា "អំពើ​ពុក​រលួយ​កើត​មាន​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង"។ របាយការណ៍​បាន​ស្រង់​សម្ដី​របស់​អ្នកស្រី​បន្ត​ទៀត​ថា "គ្រប់​ពេលវេលា​ដែល​ជន​រងគ្រោះ​មក​ទាក់ទង​មន្ត្រី​សាធារណៈ អ្នក​ទាំង​នោះ​ហាក់​ដូចជា​ត្រូវ​តែ​បង់​ប្រាក់​ក្រៅ​ច្បាប់ ហើយ​ប្រសិន​បើ​ជន​សង្ស័យ​មាន​ប្រាក់ ជន​នោះ​អាច​នឹង​ទិញ​នូវ​សេរីភាព​របស់​ខ្លួន​មក​វិញ​បាន។ បន្ថែម​ពី​លើ​នេះ ពេល​ខ្លះ​ហាក់​ដូចជា​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​យុត្តិធម៌​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ករណី​រំលោភ​សេពសន្ថវៈ​នេះ ត្រឹម​តែ​អាច​ជា​មធ្យោបាយ​សម្រាប់​អ្នក​ទាំង​នោះ​ក្នុង​ការ​រក​ប្រាក់​ប៉ុណ្ណោះ"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។