មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដោយសារ​ពុំ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​នៅ​មុន​ថ្ងៃ​ប្រជុំ​សភា​ពេញ​អង្គ។

អ្នក​នាំ​ពាក្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា ថ្នាក់​ដឹក​នាំ​គណបក្ស បាន​សម្រេច​ថា​នឹង​មិន​ចូល​ប្រជុំ​សភា​ទេ ដោយសារ​តែ​គ្មាន​ការ​ចរចា​ណា​មួយ​ក្នុង​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជាច្រើន​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ករណី​តវ៉ា​ដក​តំណែង​ប្រធាន​ទី​១ នៃ​រដ្ឋសភា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក សម រង្ស៊ី ជាដើម ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ហើយ​ជា​ទង្វើ​រំលោភ​ច្បាប់៖ «ព័ត៌មាន​ពី​លោក​ប្រធាន​អនុប្រធាន សម្រេច​ថា​មិន​ចូលរួម​ប្រជុំ​សភា​ស្អែក​នេះ​ទេ។ នៅ​មាន​ការ​ជួប​គ្នា​តាម​រយៈ​វប្បធម៌​សន្ទនា​សំឡេង​ភាគ​តិច និង​សំឡេង​ភាគ​ច្រើន​នៃ​រដ្ឋសភា ដែល​នឹង​ជជែក​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ពេល​ព្រឹក​ប្រជុំ​សភា​ធម្មតា ហើយ​ចាប់​ពី​ម៉ោង ៥​ល្ងាច គណបក្ស​ទាំង​ពីរ​ដែល​ដឹក​នាំ​ដោយ លោក ស ខេង និង​លោក កឹម សុខា អាច​ជួប​ចរចា​គ្នា​ធម្មតា​ដូច​លើក​មុនៗ។ លោក​ថា ទោះ​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ប្រជុំ​សភា ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​ច្រើន​លើសលុប​ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦។

សម័យ​ប្រជុំ​សភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​របៀបវារៈ​ពីរ គឺ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ និង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ស្ថិតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។