ប្រជាសហគមន៍ឃុំលាងដៃ សម្ពោធផ្លូវ តាមបែប​ប្រពៃណី​បូរាណ

សៀមរាប ៖ ប្រជាជនសហគមន៍ក្នុងឃុំលាងដៃ ស្រុកអង្គរធំ បានរៀបចំពិធីសម្ពោធផ្លូវលំ ក្រាលគ្រួសក្រហមប្រវែង ១.៦០០ម៉ែត្រ ដែលស្ថាបនា ដោយអាជ្ញាធរជាតិអប្សរា តាមបែបប្រពៃណីបូរាណ ក្នុងគោលបំណង ដើម្បីចូលរួមអភិរក្ស វប្បធម៌ ប្រពៃណីរបស់ដូនតាខ្មែរ ជាការពង្រឹងនូវសាមគ្គីភាព និងដើម្បីសុំសុខ សួស្ដី សេរីមង្គល ជូនដល់ប្រជាសហគមន៍របស់ពួកគាត់ ក៏ដូចជាការដឹងគុណ ចំពោះម្ចាស់ទាន ដែលបានសាងសង់ផ្លូវនេះ ផងដែរ ។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឲ្យថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាសាទ នៅក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា ក៏បានយកចិត្តទុកដាក់ អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ថ្នាក់រៀន ជាដើម ។ ជាក់ស្តែងនៅចុងសប្ដាហ៍នេះ នាឃុំលាងដៃ ស្រុកអង្គរធំ អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែ ដែលមានប្រវែង ១.៦០០ម៉ែត្រ និងមានទទឹង៥ម៉ែត្រ ហើយបានដាក់លូថ្មី២កន្លែង រួមទាំងជួលជុលលូចាស់មួយកន្លែងផង ។ ហើយផ្លូវនេះ កសាងចេញពីភូមិ លាងដៃ មកទល់និងផ្លូវវង់ធំ ត្រង់ចំនុចខាងកើតប្រាសាទព្រះខ័ន បានបម្រើប្រយោជន៍ដល់ប្រជាជន ជាងមួយពាន់គ្រួសារ ដែលស្ថិតនៅក្នុង ភូមិទាំងប្រាំ គឺ ភូមិ លាងដៃ ភូមិ ដូនឪ ភូមិ តាប្រុក ភូមិ សំរោង និង ភូមិភ្លង់។

តាមប្រសាសន៍របស់លោក ហម ហន សមាជិកក្រុមប្រឹក្សាឃុំលាងដៃ បានប្រាប់ថា ផ្លូវថ្មីនេះកាលពីមុនជាផ្លូវរទេះចាស់ ដែលអ្នកស្រុកហៅថា ថ្នល់ដាច់ ។ រាល់ខែភ្លៀងធ្លាក់ម្ដងៗ គឺពិបាកធ្វើដំណើរជាខ្លាំង។ ដោយឃើញពីភាពលំបាកទាំងនេះ ក្រុមប្រឹក្សាឃុំ និងប្រជាជន ក៏បានដាក់សំណើតាមរយៈក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា ប្រចាំស្រុកអង្គរធំ ដើម្បីជួសជុលផ្លូវនេះសារជាថ្មី ។ ហើយពេលនេះលោក និងប្រជាសហគមន៍ បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ ជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាសហគមន៍របស់ពួកគាត់ ផងដែរ ។

លោក សឺង គង់ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញទៅចូលរួមពិធី នារសៀលថ្ងៃ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ បានមានប្រសាសន៍កោតសរសើរ និងចូលរួមលើកទឹកចិត្តដល់ប្រជាសហគមន៍ និងអាជ្ញាធរដែលដី ដែលបានរួមសហការគ្នា ក្នុងការរៀបចំពិធីសម្ពោធសមិទ្ធិផលនានា និងផ្លូវមួយខ្សែនេះ តាមបែបប្រពៃណីបរមបុរាណ ។ សម្រាប់កម្មវិធីនេះ ក្នុងនាមអាជ្ញាធរជាតិអប្សរា លោកបានចូលរួមជាថវិកាចំនួន ៤០ម៉ឺនរៀល ផងដែរ ។

លោកក៏បានមានប្រសាសន៍ ផងដែរថា អ្វីដែលសំខាន់នៅពេលនេះ គឺប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានមូលមតិគ្នា រៀបចំសម្ពោធផ្លូវមួយខ្សែនេះ តាមបែបប្រពៃណីបូរាណ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្ស វប្បធម៌ ប្រពៃណីរបស់ដូនតាខ្មែរផង ជាការពង្រឹងនូវសាមគ្គីភាពផង និងដើម្បីសុំសុខសាន្ដ ដល់ប្រជាសហគមន៍របស់ពួកគាត់ផ្ទាល់ផងដែរ ៕

ប្រជាសហគមន៍ឃុំលាងដៃ សម្ពោធផ្លូវ តាមបែប​ប្រពៃណី​បូរាណ

ប្រជាសហគមន៍ឃុំលាងដៃ សម្ពោធផ្លូវ តាមបែប​ប្រពៃណី​បូរាណ

ប្រជាសហគមន៍ឃុំលាងដៃ សម្ពោធផ្លូវ តាមបែប​ប្រពៃណី​បូរាណ

ប្រជាសហគមន៍ឃុំលាងដៃ សម្ពោធផ្លូវ តាមបែប​ប្រពៃណី​បូរាណ