ឡិច​ស៊ី RX300 បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ខូចខាត​អស់​៨​ផ្ទាំង

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​បាន​បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2O-6537 ជា​បុរស​ជនជាតិ​ចិន ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ ។

ប្រភព​ពី​ស្ត្រី​ដែល​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​គាត់​មិន​បាន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ទេ គឺ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​ទើប​បែក​កង់​មុខ​បែប​នេះ ។ ប៉ុន្តែ​ប្រភព​នៅ​កន្លែង​កើតហេតុ​ថា រថយន្ត​នេះ​បាន​បើក​ពី​លិចទៅ​កើត​បុក​រនាំង​ដែក​បាក់​អស់​៨​ផ្ទាំង ព្រមទាំង​អូស​ប្រហែល​១០០​ម៉ែត្រ​​រហូត​ទៅ​មុខ​លែង​រួច​ទើប​ឈប់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​នេះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕