ក្រុម​ចោរ AK ចូល​បម្រុង​ប្លន់​ផ្ទះ​អ្នកលក់​អីវ៉ាន់ចាប់ហួយ បែក​ការណ៍​រត់​បាតជើង​ស​ព្រាត

ខេត្តកំពត ៖ ក្រុម​ចោរ AK ៣-៤​នាក់​បាន​ចូល​ផ្ទះ​លក់​ចាប់ហួយ​បម្រុង​ប្លន់ តែ​ត្រូវ​អាក់​ខានទៅ​វិញ​ដោយសារ​មាន​យុវជន​២​នាក់​ចូល​ទៅ​ទិញ​វ៉ា​ន់ និង​មាន​ភ្លើង​ឡាន​-​ម៉ូតូ​ដែល​បើក​តាម​ថ្នល់ជាតិ​ផង ក៏​បែក​ការណ៍​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដែល​ហេតុការណ៍​ចូល​បម្រុង​ប្លន់​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ខាងត្បូង​ស្ពាន​លោកយាយ ស្ថិត​ក្នុងភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច​ ខេត្តកំពត ។

នគរបាល​ស្រុក​កំពង់ត្រាច​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៣-៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK ១​ដើម បាន​ចូល​ផ្ទះ​លក់​ចាប់ហួយ​បម្រុង​ប្លន់​ ប៉ុន្តែ​មិន​បាន​ប្លន់​ទេ ព្រោះ​ត្រូវ​អាក់​ខានទៅ​វិញ​ដោយសារ​មាន​បុរស​២​នាក់​ចូល​ទៅ​ទិញ​អីវ៉ាន់​តាម​ក្រោយ ម្យ៉ាងទៀត​ដោយសារ​ផ្ទះ​លក់​ចាប់ហួយ​នោះ​នៅ​ជាប់​ផ្លូវ មាន​រថយន្ត និង​ម៉ូតូ​​បើក​ទៅ​មក​ចាំង​ភ្លើង​ផង​ ក៏​ត្រូវ​បែក​ការណ៍​ ហើយ​​នាំ​គ្នា​រត់គេច​ខ្លួន​បាតជើង​ស​ព្រាត​អស់រលីង ។

ភ្លាម​ៗ​នោះ​ក៏​មានការ​ដឹង​ដល់​សមត្ថកិច្ច ហើយ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​នគរបាល​មូលដ្ឋាន បាន​និង​កំពុង​តាមដាន និង​ស្រាវជ្រាវ​មុខសញ្ញា​ក្រុម​ចោរ​ទាំងនោះ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕