ស.រ.អា​បញ្ចប់​កម្មវិធី​​ប្រមូល​ទិន្ន័យ​ពី​ការ​ហៅ​ទូរ​ស័ព្ទ

ស.រ.អា​បញ្ចប់​កម្មវិធី​​ប្រមូល​ទិន្ន័យ​ពី​ការ​ហៅ​ទូរ​ស័ព្ទ

មូលដ្ឋានទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ (NSA)​នៅ​ក្រុង​ Fort Meade រដ្ឋ​Maryland។

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បញ្ចប់​ការ​ប្រមូល​ទិន្ន័យ​ពី​ការ​ហៅ​ទូរ​ស័ព្ទ​របស់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់។

​ចំណាត់​ការ​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាសដែល​បាន​ផ្ទុះ​ឡើង​ដោយ​មាន​ការ​លាត​ត្រដាង​ពី​កម្មវិធី​សម្ងាត់​ដោយ​លោក Edward Snowden អតីត​អ្នក​ធ្វើ​ការជាប់​កិច្ច​សន្យា​របស់​រដ្ឋាភិបាល។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិកទទួល​បន្ទុក​លើ​កម្មវិធី​ទិន្នន័យ​ទូរស័ព្ទ​នឹង​ជំនួស​ការ​ប្រតិបត្តិ​ដោយ​វិធីឃ្លាំ​មើល​មាន​ទិសដៅ​ជាក់លាក់​ជាង​មុន ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ។

​ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ (NSA) ​បាន​បញ្ចប់​កម្មវិធី​នោះ​នៅ​ម៉ោង​៤:៤៩​នាទី​ម៉ោង​សាកល​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដោយ​ជំនួស​ប្រព័ន្ធ​បន្ថយ​ទំហំ​ការឃ្លាំ​មើល​ថ្មី។

ឥឡូវ​នេះ ​នៅ​ក្រោម​ច្បាប់​សេរីភាព​របស់​សហរដ្ឋ​អាមេរិក ​ប្រសិនបើ​រដ្ឋាភិបាល​ចង់បាន​ការ​ថត​សំឡេង Metadata​របស់​ទូរស័ព្ទ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើ​សំណើរ​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ដើម្បី​ពិនិត្យ​មើល​ទិន្នន័យ។​ រដ្ឋាភិបាល​អាមេរិក​ត្រូវ​អនុវត្ត​ការ​ពិនិត្យ​ការ​ឆែកឆេរ​លើ​បុគ្គល​ចំ​ៗ ខ្ទង់​គណនី ​អាស័យដ្ឋាន​ ឬ​មធ្យោ​បាយក្នុង​លក្ខណៈ​ដែល​កំណត់​ទំហំ​ស្វះស្វែង​រក​ព័ត៌មាន។ ​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការិយាល័យ​របស់​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​និយាយ​ថា ​ដំណើរ​ការ​ថ្មី​នេះ​អនុញ្ញត​ឲ្យ​សហរដ្ឋ​អាមេរិកអាច​កំណត់​អត្តសញ្ញាណ​នៃការ​ប្រាស្រ័យទាក់​ទង​រវាង​ភេរវជន​នៅ​ឯ​បរទេស និង​បុគ្គល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ស្រប​ពេល​ដែល​មាន​ការ​ពង្រឹង​ការ​ការពារភាព​ឯក​ជន​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់៕