ការតវ៉ាទូទាំងពិភពលោកអំពាវនាវឪ្យមានការត្រួតពិនិត្យអាកាសធាតុក្នុងសន្និសីទកំពូល អ.ស.ប

ការតវ៉ាទូទាំងពិភពលោកអំពាវនាវឪ្យមានការត្រួតពិនិត្យអាកាសធាតុក្នុងសន្និសីទកំពូល អ.ស.ប

ក្រុម​ប៉ូលិសប្រយុទ្ធជាមួយសកម្មជនអំឡុងពេលតវ៉ាមួយមុនសន្និសីទស្តីពីអាកាសធាតុ ទីក្រុងប៉ារីសឆ្នាំ២០១៥ នៅទីលានសាធារណរដ្ឋ ប្រទេសបារាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥

កាល​ពីថ្ងៃ​អាទិត្យ​ក្រុម​អ្នកតវ៉ា​រាប់សែននាក់​បានចូល​រួមក្នុង​បាតុកម្ម​ទូទាំង​ពិភព​លោក​អំពាវនាវ​ឱ្យមាន​ការ​អនុម័ត​ការ​ត្រួតត្រាបរិស្ថានជាសាកលនៅ​ពេល​ដែល​មេដឹកនាំពិភពលោក​ធ្វើដំណើរ​ទៅ​កាន់​ក្រុង ប៉ារីស ដើម្បី​ចូល​រួមក្នុង​ការ​បើក​ការប្រជុំសន្និសីទ​កំពូល​អ.ស.ប.ស្តី​ពីធាតុអាកាស​នៅ​ថ្ងៃ​ច័ន្ទនេះ។

ក្រុម​សកម្មជនបាន​កាន់ដៃ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​នៃ​ប្រទេស​បារាំងខណៈ​ពេល​ដែល​មានការ​ការពារ​សន្តិសុខ​តឹង​រ៉ឹង​ក្រោយការ​វាយប្រហារ​ភេរវកម្មដ៏​ប្រល័យ​ដោយ​ពួក​រដ្ឋ​ឥស្លាម កាល​ពីដើម​ខែ​នេះ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១៣០​នាក់​បាន​ស្លាប់​។​ ក៏​ប៉ុន្តែការ​តវ៉ា​ដោយ​សន្តិវិធី​នេះ​បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​ដោយ​ពួក​ប៉ូលិស​បានបាញ់​គ្រាប់បែក​ផ្សែង​ដាក់​បាតុករ​មួយ​ក្រុម​តូចហើយ​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​១០០នាក់។​

ដោយ​ពួកមន្ត្រី​បាន​ហាម​ប្រាម​មិន​ឱ្យ​មានការ​ដើរ​ក្បួន ក្រុមបាតុករ​រួមមាន​លោកអគ្គលេខាធិការ​អ.ស.ប.បាន​គី​មូន ​ផង​ដែរ បានបន្សល់​ស្បែក​ជើងប្រមាណ ២ម៉ឺន​គូ​រនៅ​លើ​ដីក្នុងទីលានសាធារណរដ្ឋ។ ក្រុមអ្នករៀបចំ​បាតុកម្មនេះ​បាន​និយាយ​ថា​ស្បែក​ទាំង​អស់​នេះ​មាន​ទម្ងន់ បួន​តោន ហើយមាន​រួមបញ្ចូល​ស្បែក​ជើង​មួយ​គូដែលអាជ្ញាធរ​វិមាន​វ៉ាទីកង់​(Vatican) បាន​បញ្ជូន​មក​ក្នុង​ព្រះនាម​សម្តេចប៉ាប Francis ផងដែរ។​

បាតុកម្មជាង ២.០០០ បានកើត​មានឡើង​នៅ​ថ្ងៃ​អាទិត្យ​នៅ​កន្លែងឯទៀតៗ ដោយ​មាន​រួម​មាន​បាតុកម្មនៅ​ក្នុង​ក្រុង Perth ប្រទេស អូស្រា្តលី ក្រុងប៊ែកឡាំង​(Berlin)​ ទីក្រុងឡុងដ៏  ទីក្រុងSao Paulo​ និងបូរី​ ញូវយ៉ក។

មេដឹកនាំពិភពលោក​ប្រមាណ​១៥០​នាក់ត្រូវបាន​រំពឹងទុកថានឹងចូលរួម​ក្នុង​ការ​ចាប់ផ្តើម​នៃ​សន្និសីទ​នេះ​រួម​មានលោកប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​Barack Obama លោកប្រធានាធិបតី​ចិន Xi Jinping លោកនាយករដ្ឋមន្ត្រី​ Narendra Modi នៃប្រទេសឥណ្ឌានិង​លោកប្រធានាធិបតី​រុស្សី​Vladimir Putin៕