ក្រុមការងារ​ថ្នាក់​ជាតិ​ប្រជុំ​បូក​សរុប​លទ្ធផល​វេទិកាសាធារណៈ​ខែវិច្ឆិកា

ខេត្តមណ្ឌលគិរី ៖ លោក​ទេស​រដ្ឋមន្ត្រី អឹ​ុ​ម ឈុ​ន​លឹ​ម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តក្រចេះ​និង មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ច ប្រជុំ​ស្តី​ពី​លទ្ធផល​វេទិកាសាធារណៈ​ប្រចាំខែ​វិច្ឆិកា និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោ​កអេង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត បាន​អាន​របាយការណ៍​សម្រាប់​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ក្នុង​ក្រុង​-​ស្រុក​ទាំង​០៥ បាន​រៀបចំ​វេទិកាសាធារណៈ​ចំនួន​៥​ដង ក្នុង​នោះ​បាន​ប្រារព្ធ​នៅ​តាម​បណ្តា​ឃុំ​ចំនួន​៤ និង​សង្កាត់​ចំនួន​០១ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៤៥៩​នាក់ ។ បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ចំនួន​៣២​ករណី បាន​ដោះស្រាយ និង​បំភ្លឺ​ជូន​បងប្អូន​ចំនួន​ទាំង​៣២​ករណី ។

លោក​ទេស​រដ្ឋមន្ត្រី អឹ​ុ​ម ឈុ​ន​លឹ​ម បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​វេទិកាសាធារណៈ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​រាល់​សំណូមពរ ឬ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​រក​វិធានការ​ដោះស្រាយ​ជូន​ពួក​គាត់ ។ អ្វី​ដែល​មិន​បាន​ដោះស្រាយ ត្រូវ​ណែនាំ​ពន្យល់​នូវ​គម្រោង​របស់​មន្ទីរ​ស្ថាប័ន នីមួយ​ៗ ដើម្បី​ឲ្យ​ពួក​គាត់​បានដឹង ចៀសវាង​ការ​សន្យា​ចោល ។
នា​ព្រឹក​ដដែល​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​អណ្តូង និង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស នៅ​សាលា​បឋម​សិក្សា​ពូរ​ឡា ស្ថិត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត់​ទឹក​ប្រើប្រាស់​តាម​សាលា ក៏​ដូច​ជា​អនុ​វិទ្យាល័យ​មួយ​ចំនួន​តាម​រយៈ​ក្រុមការងារ​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​វេទិកាសាធារណៈ​កន្លង​មក​នៅ​ក្នុង​ខេត្តមណ្ឌលគិរី  ដូច្នេះ​លោក​ផ្តល់​អណ្តូង​ទឹកជា​លើក​ទី​៨ ក្នុង​ចំណោម​អណ្តូង​២១​អណ្តូង ហើយ​លោក​នឹង​បន្ត​ប្រគល់​អណ្តូងទឹក​ទាំង​២១ ឃុំ​-​សង្កាត់ ទូ​ទាំង​ខេត្ត ។ អណ្តូង​ដែល​បាន​ផ្តល់​ឲ្យ​នេះ គឺជា​ថវិកា​ដែល​លោក​បាន​គៀរគរ​ពី​សប្បុរសជន​នានា ដែល​ជួយ​គាំទ្រ​លើ​វិស័យ​អប់រំ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ដល់ សិ​ស្សា​នុ សិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ធ្វើ​យ៉ាងណា​ក្លាយជា​សិស្ស​ល្អ មិត្ត​ល្អ និង​កូន​ល្អ​។​   
លោក​អឹ​ុ​ម ឈុ​ន​លឹ​ម បាន​ឧបត្ថម្ភ​សៀវភៅ​វេច​នា​នុ​ក្រម និង​សម្ភារ​កីឡា​ដល់​សាលា​បឋម​សិក្សា​ពូរ​ឡា និង​សិស្សានុសិស្ស ម្នាក់​ៗ​ទទួល​បាន​ប៊ិក និង​សៀវភៅ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ម្នាក់​ទទួល​បាន​អាវ​រងា​ចំនួន​១​ផង​ដែរ ។

ឆ្លៀត​នា​ឱកាស​នោះ​លោក​ទេស​រដ្ឋមន្ត្រី អុ​ឹ​ម ឈុ​ន​លឹ​ម បាន​ជួប​សំណេះសំណាល និង​ប្រគល់​បច្ច័យ​មួយ​ចំនួន​ដល់​ព្រះ​តេជគុណ​នៅ​វត្ត​មង្គល​គិរី​ព្រឹក្សា​រាម ( ហៅ​វត្ត​អូរ​រាំង​) និង​បន្ត​ផ្តល់ ថ្នាំ​ធី​ហ្វ៊ី​ចំនួន​៤​កេស ដល់​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​បន្ត​ចែក​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កងកម្លាំង​ផង​ដែរ ៕