កីឡដ្ឋាន​មរតក​តេជោ ត្រូវ​ប្រើ​ពេល​សាងសង់​ពី​​៣​ឆ្នាំ​​កន្លះ​ទៅ​៤​ឆ្នាំ


កីឡដ្ឋាន​មរតក​តេជោ ត្រូវ​ប្រើ​ពេល​សាងសង់​ពី​​៣​ឆ្នាំ​​កន្លះ​ទៅ​៤​ឆ្នាំ

ក្រុម​ការងារ​ភាគី​ចិន​ដែល​ទទួល​បន្ទុក​សាងសង់​កីឡដ្ឋាន​មរតក​តេជោ​ដំណាក់កាល​ទី​២​​ ផ្ដោត​សំខាន់​លើ Main Stadium(កីឡដ្ឋាន​បាល់​ទាត់) ​នោះ បាន​មក​ពិនិត្យ​ទីកន្លែង សណ្ឋាន​ដី ​និង​ផល​ប៉ះ​ពាល់​នៅ​ពេល​សាងសង់​រួច​អស់​ទៅ​ហើយ ​ដោយ​រំពឹង​ថា​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាងតិច​៣​ឆ្នាំ​កន្លះ ទៅ​៤​ឆ្នាំ​ទើប​រួចរាល់​ជា​ស្ថាពរ។

 

កីឡដ្ឋាន​មរតក​តេជោ ត្រូវ​ប្រើ​ពេល​សាងសង់​ពី​​៣​ឆ្នាំ​​កន្លះ​ទៅ​៤​ឆ្នាំ

 Main Stadium(កីឡដ្ឋាន​បាល់​ទាត់)

 

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​ឯកទេស​មក​ពី​ប្រទេស​ចិន បាន​មក​ដល់​កម្ពុជា​និង​កំពុង​សិក្សា​គម្រោង​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ស្ដង់ដារ​អន្តរជាតិ​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ​អស់​ពេល​២​សប្ដាហ៍​រួច​មក​ហើយ។ ដោយ​ការ​សិក្សា​នោះ​ផ្ដោត​សំខាន់​ទៅ​លើ ផល​ប៉ះ​ពាល់​ផ្សេង​ៗ សណ្ឋាន​ដី ​ប្រព័ន្ធ​ទឹក​ និង​វាស់​ស្ទង់​ពី​រយៈ​ពេល​នៃ​ការ​សាងសង់​ជា​ដើម ដោយ​រំពឹង​ថា​នឹង​អាច​សាងសង់​ឱ្យ​បាន​ឆាប់​រហ័ស ចន្លោះ​ពី​៣​ឆ្នាំ​កន្លះ ទៅ​៤​ឆ្នាំ។

 

យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​ជំហាន​ដំបូង​សិន​ប៉ុណ្ណោះហើយ​​ពេល​វេលា ​ដំណើរ​ការ ​ហៅ​កម្មករ​ឱ្យ​ចូល​សាងសង់​អាច​នឹង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ដោយ​ខាង​ភាគី​អ្នក​ឯកទេស​ត្រូវ​ប្រើ​ពេល​​មួយ​រយៈ​ទៀត ដើម្បី​សិក្សា​ឱ្យ​បាន​ម៉ត់ចត់។

 

កីឡដ្ឋាន​មរតក​តេជោ ត្រូវ​ប្រើ​ពេល​សាងសង់​ពី​​៣​ឆ្នាំ​​កន្លះ​ទៅ​៤​ឆ្នាំ

លោក វ៉ាត់ ចំរើន

 

លោក វ៉ាត់ ចំរើន ​បាន​បញ្ជាក់​បន្ថែម​ថា ​ត្បិត​តែ​ប្រើ​ពេល​ដល់​ទៅ​ជិត​៤​ឆ្នាំ​ដើម្បី​សាងសង់​មែន ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ទៅ​តាម​ស្ដង់ដារ​ដើម្បី​ឱ្យ​កីឡដ្ឋាន​បាល់ទាត់​មួយ​នេះ​មាន​សភាព​ល្អ​ឥត​ខ្ចោះ។ មួយ​វិញ​ទៀត វា​ក៏​មិន​ប៉ះ​ពាល់​ដល់​ការ​ត្រៀម​ខ្លួន​របស់​ភាគី​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

 

ការ​កសាង​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ដំណាក់​កាល​ទី​១ ​​គឺ​តារា​ង​បាល់បោះ​ តារាង​បាល់ទះ​ អាង​ហែល​ទឹក និង​អគារ​ស្នាក់​របស់​អត្តពលិក កំពុង​សាង​សង់​ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ខាង​មុខ។ ដំណាក់​កាល​ទី​២ ​គឺ​ Main Stadium សម្រាប់​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់ ខណៈ​ដំណាក់​កាល​ទី​៣​ នឹង​កសាង​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត៕

 

អត្ថបទ៖ មុន្នី រម្យ