ម៉ូតូ​អាណិកជនខ្មែរ​បុក​ជា​មួយ​ម៉ូតូ​​​ជន​បរទេសរបួស​ធ្ងន់​ស្រាល៣នាក់​

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់​បាក់ជើង​ និង​ម្នាក់​ទៀត​គ្រេច​ចង្កេះ ​ខណៈ​​​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង៨​​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ ​វិច្ឆិកា ចំណុច​មុខ​ក្រុមហ៊ុនមួយ​​ ស្ថិត​លើ​កែងផ្លូវ​​លេខ​២៧១​​និង​លេខ៤៦៤ សង្កាត់​ទួល​ទំពូង២​ ខណ្ឌចំការមន ​។

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​​មុន​ពេល​​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្គូពី​មី​នី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខភ្នំពេញ1CB-2267 ជិះ​គ្នា​២​នាក់​ជា​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ តាម​បណ្តោយ​ផ្លូវ​លេខ​៤៦៤​បំណង​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​អា​ត្រៃ ពណ៌​ស ពាក់​ស្លាក​លេខ.ណ 6364.​ភព​1 ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​អណិកជន​ខ្មែរ​មក​ពី​អា​មេ​រិ​ក ទិស​ដៅ​ពី​កើត​ទៅ​លិច ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ខាងលើ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលឱ្យ​​​ស្ត្រី​ម្នាក់​បាក់ជើង​ និង​ម្នាក់​ទៀត​គ្រេច​ចង្កេះ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​នារី​ដែល​បាក់ជើង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សង់​ត្រា​ល់ និង​ម្នាក់​ទៀត​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​បុរស​ជា​អណិកជន​អា​មេ​រិ​ករង​របួសស្រាល ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ និង​ដឹក​ម៉ូតូ​ទាំង​​​២គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​​កា​រិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕