រត់គេច​ពី​ចោរប្លន់​បាត់​ខ្លួន​2​ថ្ងៃ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក

រត់គេច​ពី​ចោរប្លន់​បាត់​ខ្លួន​2​ថ្ងៃ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក

រាជធានី​ភ្នំពេញ ៖ កម្មករ​លី​សែង​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ដើរ​រក ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​បឹង​ឈូក​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា នៅ​ចំណុច​ដី​លោក​ឧកញ៉ា​លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា បន្ទាប់​ពី​រត់គេច​ខ្លួន​ពីក្រុម​ចោរ​ស្ទាក់​ប្លន់​រថយន្ត កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ វិច្ឆិកា កន្លង​មក ។
សព​កម្មករ​រូប​នោះ​ឈ្មោះ ប៊ុត ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​លី​សែង​ផ្លែ​ឈើ​តាម​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។
តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា សព​កម្មករ​រូប​នោះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​២​យប់ បន្ទាប់​ពី​រត់គេច​ខ្លួន ពី​ក្រុម​ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​រថយន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង ដែល​បាន​ឈប់​បត់ជើង នៅ​ក្បែរ​វ​ង្វ​ង់​មូល​ខាងកើត​ស្ពាន​ព្រែក​ព្នៅ ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​កន្លែង​ប្រទះ​ឃើញ​សព ។
អ្នកបើកបរ​រថយន្ត​ដឹក​ផ្លែ​ឈើ​ពី​ព្រំប្រទល់​វៀតណាម​មក​ផ្សារ​នាគ​មាស ឈ្មោះ ឆូ សុខ​គា អាយុ​២២​ឆ្នាំ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា វេលា​ម៉ោង​៣​ទៀប​ភ្លឺ បន្ទាប់​ពី​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​អស់ រូបគេ​និង​កម្មករ​៣​នាក់​ទៀត​ឈ្មោះ ប៊ុ​ន ហេង អាយុ​១៨​ឆ្នាំ ជា​ជន​រង​គ្រោះ និង​ឈ្មោះ ព្រលឹង បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​រង្វង់​មូល ខាងកើត​ស្ពាន​ព្រែក​ព្នៅ​ជន​រង​គ្រោះ និង​កម្មករ​ម្នាក់​ទៀត​ឈ្មោះ ព្រលឹង បានឱ្យ​រថយន្ត​ឈប់​ចុះ​បត់ជើង ។
អ្នកបើកបរ​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​កំពុង​តែ​បត់ជើង ស្រាប់តែ​ចោរ​មួយ​ក្រុម មាន​គ្នា​ប្រមាណ​៧​ទៅ​៨​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ថ្មើរជើង​ប្រដាប់​ដោយ​ដាវ បាន​មក​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​កាប់​ប្លន់​ពួក​គេ ដែល​កំពុង​តែ​ជិះ​ក្នុង​រថយន្ត យក​ទូរស័ព្ទ​៣​គ្រឿង ខ្សែ​.​ក​ប្លា​ទី​ន​ទម្ងន់​១​ជី​កន្លះ​១​ខ្សែ និង​លុយ​៧​ម៉ឺន​រៀល ។ ដោយឡែក​ជន​រង​គ្រោះ និង​ឈ្មោះ ព្រលឹង បាន​រត់គេច​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​ដេញ​កាប់ ។ លុះ​ក្រោយមក​ឃើញ​ឈ្មោះ ព្រលឹង ត្រឡប់​មក​វិញ តែ​បាន​បាត់ឈ្មោះ ប៊ុត ភារ​ម្យ មិនដឹង​ទៅ​ដល់​ទីណា ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាត់​ខ្លួន​អ្នកបើកបរ​រថយន្ត​រួម​ទាំង​កម្មករ ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​ក្រុម​គ្រួសារ នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង និង​នាំ​គ្នា​ដើរ​រក​ក្នុង​ព្រៃ ដេកចាំ នៅ​ចំណុច​បឹង​ឈូក​អស់​រយៈពេល​២​ថ្ងៃ ទើបតែ​ប្រទះ​ឃើញ​សព​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ។
នៅ​ព្រឹក​នោះ​សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ពិនិត្យ​សព​រក​ឃើញ​មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង ត្រូវ​បាន​សព​លាក់​ទុក​ក្នុង​ខោ​លី​អូ។ សព​បាន​ស្លាប់ ដោយសារ​តែ​លង់ទឹក ។
សមត្ថកិច្ច​សន្និដ្ឋាន​ថា សព​អាច​ត្រូវ​បាន​ក្រុម​ចោរប្លន់​ដេញ​កាប់​ប្លន់ ហើយ​រត់គេច​ខ្លួន​កាត់ទឹក​បឹង​ឈូក ដែល​មាន​ល្បាប់​ភក់​ជ្រៅ ក៏​លង់ទឹក​ស្លាប់​តែ​ម្តង ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕