គំនុំ​ស្នេហ៍​ត្រីកោណ រង​ការប៉ង​ធ្វើឃាត​

Sanofi

ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ប៉ុនប៉ង​ធើ្វ​ឃាត តែ​មិនបាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង ១១ យប់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៥ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​គេ​សង្ស័យ ថា​ជា​រឿង​គំនុំ​ស្នេហ៍​ត្រីកោណ ។​ ស្ត្រី​រងគ្រោះ​មានឈ្មោះ ល​.​ស​.​ផ​. អាយុ ៥៣ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​ចៅប្រុស អាយុ ៥ ឆ្នាំ​ម្នាក់ ។ ស្ត្រី​ដដែល​បាន​បន្តថា គាត់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​វាយ​ដោយ​ដំបង បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង​លើ​ផ្ទៃមុខ ក្បាល និង ជាំភ្នែក​ម្ខាង ។

ជនល្មើស​បាន​ច្របាច់ក​គាត់​ស្ទើរ​ស្លាប់ តែ​ស្គាល់​ជនសង្ស័យ​ច្បាស់ ព្រោះ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​និយាយ​មកកាន់​គាត់​ទាំង​ភ្លើង​នៅ​ភ្លឺ ។ ស្ត្រី​រងគ្រោះ​និយាយថា កន្លងមក​គាត់ និង បុរស​ម្នាក់ ឈ្មោះ ធ​.​វ​. ធ្លាប់មាន​ទំនាក់ទំនង​គ្នា ខណៈ​ប្តី​របស់គាត់​មាន​ជំងឺ​មិនអាច​ធ្វើ​អ្វី​បាន គឺ​ដេក​នៅតែ​លើ​កន្ទេល​ជាង ១០ ឆ្នាំ ហើយ​ពួកគាត់​បាន​ទាក់ទង​ស្នេហា​ជាមួយគ្នា លួច​ជួបគ្នា​ម្តងម្កាល លុះ​បែកធ្លាយ​រឿង​ដល់​ប្តី​គាត់​ក៏​ប្តឹងប្តល់​គ្នា ទីបំផុត​បុរស​ឈ្មោះ ធ​.​វ​. នោះ ព្រម​បង់ប្រាក់​ឲ្យ​ប្តី​គាត់​ចំនួន ២៦.០០០ បាទ ដើម្បី​បញ្ចប់​បញ្ហា តែ​ប្រាក់​ដែល​បង់​នោះ​មិន​គ្រប់​ចំនួន​ទេ ពោលគឺ​នៅ​ជំពាក់ ៦.០០០ បាទ​ទៀត ។​

ស្ត្រី​ដដែល​បាន​បន្តថា ប្តី​គាត់​ទើប​ស្លាប់​បាន​បី​ខែ​ទេ ហើយ​នៅ​យប់កើតហេតុ​គាត់​ដេក​ពីរ​នាក់​ចៅប្រុស ដេក​មិនទាន់​លក់​ផង​ស្រាប់តែ​ឮ​សំឡេង​ជនសង្ស័យ​គាស់​ជញ្ជាំង​ចូល​ទាំង​ភ្លើង​នៅ​ភ្លឺ ហើយ​ពេល​គាត់​ហៅ​ចំឈ្មោះ បែរជា​ជនសង្ស័យ​យកដៃ​ច្របាច់ក​មិន​ឲ្យ​ស្រែក និង យក​ដំបង​វាយ​ទៅលើ​គាត់​តែម្តង ។ ជនសង្ស័យ​គឺជា​កូនប្រុស​បង្កើត​រប​ស់បុ​រស​ចំណាស់​ឈ្មោះ ធ​.​វ​. ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់ ។

ស្ត្រី​រងគ្រោះ​ក៏ដូចជា​សាច់ញាតិ​បាន​ប្រាប់ថា បន្ទាប់ពី​យប់កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែតុលា​បុរស​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់ បានមក​មើល​គាត់​ដល់​មន្ទីរពេទ្យ ហើយ​បាន​បញ្ចុក​បបរ​គាត់​ដោយ​និយាយថា សុំ​បង់​ឲ្យ ៥ ម៉ឺន​បាទ និង អង្វរ​កុំ​ឲ្យ​ស្ត្រី​រងគ្រោះ​ឆ្លើយថា ស្គាល់​អ្នកបង្ក​ដោយ​បុរស​នោះ​សុខចិត្ត​ចិញ្ចឹម និង រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត​ទៀតផង ។ ទោះជា​យ៉ាងណា​ក៏ដោយចុះ បុរស​ដែល​រង​ការ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កហេតុ​នោះ​មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់គាត់​ចុច​ចូល​តែ​មិនមាន​អ្នកទទួល ។​

​ចំណែក​នារី​ម្នាក់​ដែល​ត្រូវជា​កូនស្រី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ក្រោយពី​ជនសង្ស័យ​វាយ​បង្ក​របួសស្នាម​លើ​ម្តាយ​របស់​នាង​ហើយ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ចាប់ខ្លួន​ជនដៃដល់ តែ​ក្រោយមក​ស្រាប់តែ​លួច​ដោះលែង​ទៅវិញ ដែលជា​ហេតុ​ធើ្វ​ឲ្យ​គ្រួសារ​របស់​នាង​មានការ​សង្ស័យ​ទៅលើ​សមត្ថកិច្ច​ថា ពិតជា​មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាមិនខាន ពុំ​នោះទេ​ជនសង្ស័យ​មិន​ត្រូវបាន​ដោះលែង​ក្នុង​រយៈពេល​តែមួយ​ប៉ប្រិចភ្នែក​បែបនេះ​ឡើយ ។​​គ្រួសារ​ស្ត្រី​រងគ្រោះ​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​កាត់បន្ថយ​អំពើ​និ​ទណ្ឌ​ភាព ហើយ​វា​នឹង​ធើ្វ​ឲ្យ​គ្រួសារ​របស់គាត់​ទទួលបាន​ភាពយុត្តិធម៌​យ៉ាងពិត​ប្រាកដ ៕​ វ​ឌ្ឃ​នៈ​

Related