យុវជន​ម្នាក់​ត្រូវ​ក្រុម​៤​នាក់​បាញ់​របួសធ្ងន់​ប្លន់​យក​ម៉ូតូ ខណៈ​កំពុង​ឌុប​សង្សារ​

រាជធានី​ភ្នំពេញ​៖​សង្សារ​មួយគូ​ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​៤​បាញ់​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​ត្រូវ​បុរស​ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រាប់​ត្រង់​ចង្កេះ​របួសធ្ងន់​ប្លន់​យក​ម៉ូតូ​ឌ្រី​ម​C125 ស៊េរី​ឆ្នាំ​២០១២ ជិះ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៤ និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ឃ្មួញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​ឈ្មោះ រី ទក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​រូបគេ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់​សង្សារ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាន​ណូយ ដែល​ទើបតែ​មកពី​ផ្ទះ​មីង​ជាមួយ​សង្សារ នៅ​ម្តុំ​ផ្សារ​ដី​ហុយ ក្នុង​បំណង​ត្រលប់​ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ និង​ជិត​ដល់ផ្ទះ​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មាន​ម៉ាក Scoopy និង​ម៉ាក Yamaha FZ ពណ៌​ក្រហម ប្រដាប់​ដោយ​កាំភ្លើងខ្លី មិន​ចាំ​ម៉ាក​២​ដើម បានមក​កៀរ​ឲ្យ​ឈប់ ហើយ​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់ប្រហារ​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ត្រង់​ចង្កេះ​មួយគ្រា​ប់ រួចហើយ​ក្រុម​ជន​ចោរ​បាន​ប្លន់ យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ បាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕

យុវជន​ម្នាក់​ត្រូវ​ក្រុម​៤​នាក់​បាញ់​របួសធ្ងន់​ប្លន់​យក​ម៉ូតូ ខណៈ​កំពុង​ឌុប​សង្សារ​