ជិះ​ម៉ូតូ​ដឹកសង្សា​រចេញពី​ក្លិប​​ត្រូវ​ចោរ​​បាញ់​មួយ​គ្រាប់​របួស​ធ្ងន់ប្លន់យក​ម៉ូតូ​ឌ្រីម​​ទៅ​បាត់

រាជ​ធានីភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធបាញ់​មួយ​គ្រាប់​​រង​របួស​ធ្ងន់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច ដោយ​មិន​ញញើត​ខ្លាច​សមត្ថកិច្ច​សូ​ម្បី​តែ​បន្តិច កាល​វេលា​​​ម៉ោងជាង៣ និង​២០ទៀបភ្លឺ ថ្ងៃ​ទី៣០ ​វិច្ឆិកា ​​២០១៥ នៅ​ចំណុច​ក្បែរ​​​វត្តឃ្មូ​ញ ស្ថិត​តាម​បណ្តោយ​ផ្លូវ ហា​ណូ​យ ក្នុង​សង្កាត់ឃ្មូ​ញ ខណ្ឌ​សែន​សុខ ។

បើ​តាម​សំដី​យុវជន​រង​គ្រោះ ​និង​ជា​ម្ចាស់​ម៉ូតូ មានឈ្មោះ រី មក​រា ភេទ​ប្រុស អាយុ​ជាង​២៨ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ស្តុក​ក្រោម ឃុំ​វាល​ពង់ ខេត្ត​កំ​ពង​ស្ពឺ បាន​និយាយ​ប្រាប់​ថា​ មុន​ពេល​កើតហេតុ រូបគេ ទើបតែ​ចេញពី​ក្លិប​មួយ​នៅ​ម្តុំ​ផ្លូវ​លេខ១៩៨៦ ហើយ​​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​ឌ្រឹ​ម សេ​១២៥ ពណ៌ខ្មៅ មិន​ចាំ​ស្លាក​លេខ ដោយ​​ជិះ​ដឹកនារី​ម្នាក់​ត្រូវជា​សង្សា​រផង​ ​ខណៈមក​ដល់ចំណុច​កើតហេតុ​ខាងលើ  ស្រាប់​តែលេចមុខ​​ជនសង្ស័យ​៥​នាក់​ ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿងម៉ាក ​FZ មិន​ចាំ​ពណ៌​ និង​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត បាន​សំឡុតយក​ម៉ូតូ​ តែ​ជន​រង​គ្រោះមិនឱ្យធ្វើ​ឱ្យ​ជនសង្ស័យទាំង​៥នាក់​មានការ​ខឹង​ស​ម្បារ បាន​ដក​កាំភ្លើងខ្លី​ពីចង្កេះ​បាញ់ប្រហារ​មក​លើជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ តែក្នុង​ចំណោម​ទាំង​៣​គ្រាប់ ​​ត្រូវ​ជន​រង​គ្រោះ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះគឺ​ចំចង្កេះផ្នែក​ខាងក្រោយ​ហើយ​ធ្លុះ​បៀម​គ្រាប់​ជាប់ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ក្រុម​ចោរ​ចេញ​ទៅ​បាត់​​ ខ្លួន​បាន​ខំប្រឹង​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​​។ បន្ទាប់​មកបុរស​រង​គ្រោះ​​បាន​​​ទូរ​សព្ទ័​​ទៅ​វិទ្យុ​ABC ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។
លុះ​បានជាង​កន្លះ​ម៉ោង​ទើប​មាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​បាន​ត្រឹមតែ​សួរនាំ ​និង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​តែ​ប៉ុណ្ណោះ ។ 

សកម្មភាពបាញ់​ប្លន់​​កើតឡើង​សា​ជា​ថ្មី ​ក្នុងភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ ដែល​ជាតំបន់​ស្មុគស្មាញ ហើយ​សកម្មភាព​ថ្មី​នេះ ក៏​ជា​ការ​ពញ្ញាក់ស្មារតី​ដល់​អាជ្ញាធរ សមត្ថកិច្ច​ខណ្ឌទាំងមូល ឈាន​ទៅ​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​តទៅ​ទៀតនៅ​ក្នុង​ទឹកដី​របស់​ខ្លួន ៕​​