សាឡាង​ឥណ្ឌូណេស៊ី​​ដឹក​មនុស្ស​ជិត​១០០នាក់​ លិច​ពេល​ចេញ​ទៅ​សិង្ហបុរី​យប់​មិញ

សាឡាង​ឥណ្ឌូណេស៊ី​​ដឹក​មនុស្ស​ជិត​១០០នាក់​ លិច​ពេល​ចេញ​ទៅ​សិង្ហបុរី​យប់​មិញ

​មនុស្ស​ជិត១០០នាក់ ​ត្រូវ​បាន​​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​សាឡាង​ដែល​ពួក​គេ​ជិះ​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​សិង្ហបុរី ​ពី​កោះ​ Batam ​​របស់​ឥណ្ឌូណេស៊ី បាន​បុក​ជាមួយ​​វត្ថុ​កំពុង​អណ្ដែត​ទឹក ​កាល​​យប់​ថ្ងៃ​អាទិត្យ​ទី ២៩​ វិច្ឆិកា។​​​​​

 

ក្រុម​អាជ្ញាធរ​​ជើង​ទឹក​ប្រចាំ​កំពង់​ផែ​​សិង្ហបុរី បាន​និយាយ​​​​ថា​​ពួក​គេ​បាន​ទទួល​​ព័ត៌មាន​​នៅ​ម៉ោង​ប្រមាណ ៩:៤៥នាទី​យប់​មិញ​ថា ​​សាឡាង​​ឥណ្ឌូណេស៊ី​មួយ​គ្រឿង​ឈ្មោះ «Sea Prince» ​បាន​បុក​ជាមួយវត្ថុ​អណ្ដែត​ទឹក​ ក្រោយ​​ចាកចេញ​​​ពី​ចំណត​សាឡាង Nongsapura កោះ Batam។

 

សាឡាង​ឥណ្ឌូណេស៊ី​​ដឹក​មនុស្ស​ជិត​១០០នាក់​ លិច​ពេល​ចេញ​ទៅ​សិង្ហបុរី​យប់​មិញ

រូប​តំណាង (សាឡាង​ដឹក​អ្នក​ដំណើរ​ចាកចេញ​ពី​សិង្ហបុរី​ទៅ​ Batam)

 

​​ព័ត៌មាន​នោះ​លម្អិត​ថា ​ក្នុង​អំឡុង​ពេល​​ជួប​ឧបទ្ទវហេតុ សាឡាង​​​កំពុង​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី និង​បែរ​ក្បាល​ទៅកាន់​​សិង្ហបុរី ដោយ​ដឹក​អ្នក​ដំណើរ​ចំនួន ៩៧នាក់​ ដែល​ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​សិង្ហបុរី៥១នាក់ និង​​នាវិក ៧នាក់​។ ភ្លាមៗ​ក្រោយ​កើត​ហេតុ ​​គេ​បាន​បញ្ជូន​សាឡាង​ជួយ​សង្គ្រោះ​ ២​គ្រឿង​​ ទៅ​ផ្ទេរ​អ្នក​ដំណើរ​ទៅកាន់​ចំណត Nongsapura វិញ។ ​មនុស្ស​ទាំង​អស់​​​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ​ហើយ​សាឡាង​​ជួប​គ្រោះ​នៅ​​​​ទ្រឹង​​នឹង​កន្លែង។

 

អ្នក​ដំណើរ​ម្នាក់​​ ​គឺ​អ្នក​ស្រី Chella ​ដែល​បាន​ធ្វើ​​​កំពុង​ជិះ​សាឡាង​ជាមួយ​មិត្តភ័ក្ដិ​ ២នាក់​ផ្សេង​ទៀត​ បាន​ប្រាប់​សារព័ត៌មាន Channel News Asia ថា ​សាឡាង​នេះ​បាន​លិច​បន្តិច​ម្ដងៗ​​ក្នុង​ជម្រៅ​ទឹក​ដ៏​ជ្រៅ ដែល​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​ផ្លូវ​រវាង​កោះ Batam និង​ប្រទេស​សិង្ហបុរី។ អ្នក​ស្រី​បន្ថែម​ថា ​ក្រោយ​សាឡាង​លិច​គេ​បាន​បញ្ចេញ​ទូក​​ពោង​​​ពីរ​គ្រឿង​​ពី​ក្នុង​សាឡាង តែ​​ទូក​ទាំង​នោះ​​ក៏បាន​លិច​ថែម​ទៀត​​ ដោយ​សារ​ផ្ទុក​អ្នក​ដំណើរ​​លើស​ចំណុះ តែ​​​ទាំង​អស់​គ្នា​បាន​​ពាក់​អាវ​ពោង​ការពារ។ ​

 

​ក្រោយ​មក​ អ្នក​ដំណើរ​ទាំង​អស់​បាន​​មកដល់​​ចំណត​សាឡាង​សិង្ហបុរី Tanah Merah ដោយ​សុវត្ថិភាព​ហើយ ​តែ​ទោះ​ជា​យ៉ាងណា​ក្ដី គេ​មិន​ទាន់​ដឹង​ថាវត្ថុ​​អណ្ដែត​ទឹក​​ដែល​ធ្វើ​ឲ្យ​សាឡាង​លិច​នោះ​ជា​អ្វី​នៅ​ឡើយ​ទេ៕

 

ចុចអាន៖ អគារ​ចម្លែក​នៅ​សិង្ហបុរី ជាប់​ឈ្មោះ​ជា World Building of the Year

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ channelnewsasia