សាឡាង​ដឹក​មនុស្ស​ជិត​១០០​នាក់​លិច គ្រា​ដែល​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​

ឥណ្ឌូណេស៊ី​៖​សាឡាង​ឥណ្ឌូណេស៊ី​ដឹក​មនុស្ស​ជិត​១០០​នាក់​បាន​លិច ខណៈ​កំពុងធ្វើដំណើរ​ចេញពី​កោះ Batam របស់​ឥណ្ឌូណេស៊ី​ទៅកាន់​ប្រទេស​សិង្ហ​បុរី  ដោយសារ​បុក​វត្ថុ​កំពុង​អណ្ដែត​ទឹក កាល​យប់​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា​ម្សិលមិញ​។​

​ក្រុម​អាជ្ញាធរ​ជើង​ទឹក​ប្រចាំ​កំពង់ផែ​សិង្ហ​បុរី​បាន​និយាយថា សាឡាង​ឥណ្ឌូណេស៊ី​មួយគ្រឿង​ឈ្មោះ «Sea Prince» បាន​បុក​ជាមួយ​វត្ថុ​អណ្ដែត​ទឹក ក្រោយ​ចាក​ចេញពី​ចំណត​សាឡាង Nongsapura កោះ Batam​។​

​តាម​ប្រភពព័ត៌មាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ជួប​ឧបទ្ទវហេតុ សាឡាង​កំពុង​នៅក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី និង​បែរ​ក្បាល​ទៅកាន់​សិង្ហ​បុរី ដោយ​ដឹក​អ្នកដំណើរ​ចំនួន​៩៧​នាក់ ដែល​ក្នុងចំណោម​នោះ​មាន​ជនជាតិ​សិង្ហ​បុរី​៥១​នាក់ និង​នាវិក ៧​នាក់​។ ភ្លាមៗ​ក្រោយ​កើតហេតុ គេ​បាន​បញ្ជូន​សាឡាង​ជួយសង្គ្រោះ ២​គ្រឿង ទៅ​ផ្ទេរ​អ្នកដំណើរ​ទៅកាន់​ចំណត Nongsapura វិញ​។ មនុស្ស​ទាំងអស់​បាន​រួច​ផុតពី​គ្រោះថ្នាក់ ហើយ​សាឡាង​ជួប​គ្រោះ​នៅ​ទ្រឹង​នឹង​កន្លែង​។​

​ក្រោយមក​អ្នកដំណើរ​ទាំងអស់​បាន​មកដល់​ចំណត​សាឡាង​សិង្ហ​បុរី Tanah Merah ដោយ​សុវត្ថិភាព​ហើយ តែ​ទោះជា​យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា វត្ថុ​អណ្ដែត​ទឹក​ដែល​ធ្វើ​ឲ្យ​សាឡាង​លិច​នោះ​ជា​អ្វី នៅឡើយ​ទេ​៕

សាឡាង​ដឹក​មនុស្ស​ជិត​១០០​នាក់​លិច គ្រា​ដែល​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​